កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បានអះ​អាង​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ជា​សង្ឃ​ក្លែង​ក្លាយ ​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃ​ផ្សៃ និង​​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។

ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង​លើ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «អា​ខ្មៅ​ម្នាក់​នេះ ជា​មនុស្ស​បាតផ្សារ សាហាវ​ព្រៃផ្សៃ ប្រព្រឹត្ត​តែ​អំពើ​ខុស​ច្បាប់​ ដល់​តែ​ច្បាប់​ចាត់ការ វា​បាន​រត់​គេច​ខ្លួន​ទៅ​ពួន​សំងំ​នៅ​ក្រៅ​ប្រទេស​បាន​លួច​លាក់​ធ្វើ​ជា​សង្ឃ​ក្លែង​ក្លាយ ដើរ​បោក​គេ​ឯង ដើម្បី​ជីវិត​រស់​ដែល​ខ្លួន​បាន​រត់​គេច​ចេញ​ពី​សំណាញ់​ច្បាប់»។

Facebook Post | Archived Link

ការ​អះអាង​ខាង​លើ​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ហៅ​ព្រះ​សង្ឃ​មួយ​អង្គ​ថា​ ជា«​ក្មេង​ពាល» និង​ជា​ព្រះ​សង្ឃ​ក្លែង​ក្លាយ​ដោយ​គ្រាន់​តែ​គ្រង​ស្បង​ចីវរ​តែ​ប៉ុណ្ណោះ។

សូម​ស្ដាប់ និង​ទស្សនា​​​វីដេអូ​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ដើមអម្ពិល (DAP News)។

Archived Link

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក៏ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Fresh News ផង​ដែរ។ សូម​មើល​វីដេអូ​ទាំងស្រុង​នៅ​ទីនេះ

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ

Facebook Post | Archived Link

តើ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ជា​នរណា?

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក (VOA) កាល​ពី​ឆ្នាំ​២០១៨​កន្លង បាន​ឱ្យ​ដឹង​ថា ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ គឺ​ជា​ព្រះ​សង្ឃ​ឈាន​មុខ​គេ​មួយ​អង្គ​នៅ​ក្នុង​សកម្មភាព​ការពារ​ព្រៃឈើ សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រះ​សង្ឃ​អង្គ​នេះ ក៏​សកម្ម​នឹង​ការ​រិះ​គន់​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

មាន​ស្រុក​កំណើត​នៅ​ឯ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​សង្គមវិទ្យា​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០១១​កន្លង​មក។

ព្រះ​សង្ឃ​អង្គ​នេះ គឺ​ជា​ស្ថាបនិក​មួយ​រូប​នៃ​​​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ដែល​តែង​តែ​ទាមទារ​សិទ្ធិ​សេរីភាព យុត្តធម៌​សង្គម និង​ការពារ​ព្រៃឈើ។

សូម​អាន​លម្អិត​សេចក្ដី​រាយការណ៍​មាន​ចំណង​ជើង​ថា«ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​ដែល​ហ៊ាន​ប្រឆាំង​នឹង​របប​របស់​លោក ហ៊ុន សែន» ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន VOA កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨។ សេចក្ដី​រាយការណ៍​នេះ ក៏ត្រូវ​បាន​រក្សា​ទុក​ជា​ឯកសារ​បណ្ណសារដ្ឋាន​នៅ​ទីនេះ​ផង​ដែរ។

ទទួល​បាន​ពាន​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​បរិស្ថាន

ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គល​ជាច្រើន​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផ្ដល់​មេដាយ​កិត្តិយស​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​អង្គ​ក្នុង​ការការពារ​បរិស្ថាន។

សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា ដើម្បី​ទទួល​យក​មេដាយ​នេះ ទោះជាយ៉ាងណា ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​ទាមទារ​ឱ្យ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។ សូម​អាន​ខ្លឹមសារ​នៅ​ទីនេះ ឬ​តាម​រយៈ​តំណភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ការ​ផ្ដល់​មេដាយ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​រៀបចំ​វេទិកា​បរិស្ថាន​មួយ​នៅ​ក្នុង​ខែ​សីហា នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដែល​អនុញ្ញាត​ឱ្យ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ និង​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ចូល​រួម និង​សម្ដែង​មតិ​យោបល់​របស់​ពួកគេ។

ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​តុលាការ

ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ស្ថិត​នៅ​ក្នុង​ចំណោម​បុគ្គល ២​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​កាល​ពី​ដើម​ឆ្នាំ​២០១៨​កន្លង​មក​ ពី​បទ​រំលោភ​ទំនុក​ចិត្ត​ពាក់​ព័ន្ធ​មូលនិធិ​បុណ្យ​សព​លោក កែម ឡី អ្នក​អត្ថាធិប្បាយ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។

បុគ្គល ២​រូប​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​ដូ​ច​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ដែរ​នោះ​ មាន​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ទោះជាយ៉ាងណា ការ​ចោទ​ប្រកាន់​លើ​លោក មឿន តុលា នៅ​ក្នុង​ករណី​តែ​មួយ​នេះ ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ទម្លាក់​ចោល​វិញ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​មក។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ប៉ុន្តែ ការ​ចោទ​ប្រកាន់​លើ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ និង​លោក ប៉ា ងួនទៀង មិន​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​នោះ​ឡើយ ហើយ​ប្រឈម​មុខ​នឹង​ការ​ស្វែង​រក​ចាប់​ខ្លួន​ពី​សមត្ថកិច្ច​កម្ពុជា​ទៀត​ផង។

ភៀស​ព្រះ​កាយ​ និង​បន្ត​រិះ​គន់​លោក ហ៊ុន សែន ពី​ក្រៅ​ប្រទេស

បន្ទាប់​ពី​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់​ពី​តុលាការ​ជុំ​វិញ​បណ្ដឹង​ដែល​ចោទ​ថា ព្រះ​អង្គ​បាន​រំលោភ​សេចក្ដី​ទុក​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​ចែង​ថវិកា​បុណ្យ​សព​លោក កែម ឡី នោះ​មក ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ក៏​ដូច​លោក ប៉ា ងួនទៀង ផងដែរ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លង​មក។

សារព័ត៌មាន VOA បាន​ចុះ​ផ្សាយ​ថា ព្រះ​សង្ឃ​អង្គ​នេះ បាន​បន្ត​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ជុំ​វិញ​បញ្ហា​បរិស្ថាន អំពើ​ពុក​រលួយ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​យក​ដី​ធ្លី​របស់​ប្រជាជន​។ សូម​មើល​សេចក្ដី​រាយការណ៍​របស់​ VOA នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

Avatar

Title: តើ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​អាក្រក់​ដូច​ការ​អះ​អាង​មែន​ឬទេ?

By: Jay Udom

Result: Explainer