Fact-Check: រូបថត​កោះ​ណាងយួន​របស់​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​ត្រល់

False Political

កោះ​ត្រល់​ជា​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ជា​ភាសា​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​នៃ​កោះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​កោះ​ត្រល់ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​បណ្ដាញ​សង្គម​​និយាយ​ភាសាខ្មែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នូវ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ឯ​កណ្ដាល​សមុទ្រ។ រូបថត​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​នៅ​លើ​រូបថត​នោះ​ថា «កោះ​ត្រល់»។ រូបថត​នេះ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កោះ​ត្រល់​ជា​កោះ​របស់​ខ្មែរ ទោះបី​យួន[វៀតណាម]​ខំ​អភិវឌ្ឍ​យ៉ាងណា ក៏​មិន​ប្រាកដ​ថា​ដើម្បី​កូន​ចៅ​យួន​ជំនាន់​ក្រោយ​ឡើយ វា​អាច​នឹង​អភិវឌ្ឍ​ទុក​អោយ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយៗ​អាច​សម​ជាង ព្រោះ​អ្នក​ដឹកនាំ​ខ្មែរ​ក្រោយៗ​គេ​នឹង​ទាមទារ​យក​មក​វិញ តាម​ច្បាប់​អន្តរជាតិ ដែល​មើល​ទៅ​គឺ​ឃើញ​ថា យើង​មាន​ប្រៀប​ស្ទើរ​តែ​១០០​%​ទៅ​ហើយ នេះ​ប្រសិន​មាន​មេដឹកនាំ​ជំនាន់​ក្រោយ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ និង​មនសិការ​ជា​ខ្មែរ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​លើ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ឃើញ​រូបថត​ដូចគ្នា​នេះ​ជាច្រើន​ទៀត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

រូបថត​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​គេហ​ទំព័រ​ photos.com ដែល​ជា​គេហ​ទំព័រ​​​ក្រុមហ៊ុន​សោទស្សន៍​អាមេរិក​-អង់គ្លេស Getty Images Inc.។

photos.com | Archived link

កោះ​ណាងយួន​នៅ​ទីណា?

កោះ​ណាង​យួន (Koh Nanyuan) គឺ​ជា​កូន​កោះ​តូច​ចំនួន​២ ចុង​ខាង​ជើង​នៃ​កោះ​តៅ (Koh Tao) ស្ថិត​នៅ​​ក្នុង​ឈូង​សមុទ្រ​ថៃ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

Tourismthailand.org | Archived Link

កោះ​តៅ និង​កោះ​ណាងយួន​​​រួម​បញ្ចូល​គ្នា​​មាន​ផ្ទៃដី​​ ២១​គីឡូម៉ែត្រ​ការ៉េ និង​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​គ្រប់​គ្រង នៃ​​ស្រុក​ផះង៉ាន ក្នុង​ខេត្ត​សុរ៉ាត់ថានី។

Google Map | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ទិដ្ឋភាព​នៃ​កោះ​ត្រល់​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​កោះ​ណាងយួន ស្ថិត​នៅ​ក្នុង​ខេត្ត​សុរ៉ាត់ថានី ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

Avatar

Title:រូបថត​កោះ​ណាងយួន​របស់​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​ត្រល

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.