
ការអះអាងមួយបានលើកឡើងថា ប្រាសាទកោះកេររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃអាទិត្យនេះ ហើយមានការអបអរសាទរយ៉ាងច្រើនផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយដែលកំពុងតែផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ បានលើកឡើងថា ប្រាសាទកោះកេររបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃនេះ។
ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានសម្ដែងការសាទរចំពោះដំណឹងនេះ។
ខាងក្រោមនេះ គឺជាការអះអាងលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយឈ្មោះ«គ្រូ»នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលសរសេររៀបរាប់ថា «អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣»។

ការអះអាងដដែលនេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកឈ្មោះ «Miss Universe Cambodia» បង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនផងដែរនៅព្រឹកថ្ងៃនេះ ដោយសរសេររៀបរាប់ថា «អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ …»។

ទំព័រហ្វេសប៊ុកមួយឈ្មោះ«មន្ទីរទេសចរណ៍រាជធានីភ្នំពេញ – Phnom Penh Tourism Department» ក៏បានបង្ហោះនូវព័ត៌មាននេះផងដែរនៅព្រឹកថ្ងៃអាទិត្យនេះ ដោយសរសេររៀបរាប់ថា «អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ …»។

ព័ត៌មាននេះ ក៏ត្រូវបានទំព័រហ្វេសប៊ុករបស់សារព័ត៌មានកម្ពុជាថ្មីបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនផងដែរនៅម៉ោង១០ព្រឹកនេះ ដោយសរសេររៀបរាប់ថា «អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក»។

ការអះអាងដដែលនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលការអះអាងនេះតាមរយៈតំណភ្ជាប់ទៅនេះ CHHAT GROUP (archived), ChanNeang Sam (archived), ដើម្បីប្រទេសកម្ពុជា – For Cambodia (archived), Sophen Nou (archived), T T Brand (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការសាកសួរទៅមន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មាននេះ អ្នកសារព័ត៌មាន Fact Crescendo បានសាកសួរទៅអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ នៅរសៀលថ្ងៃនេះតាមរយៈតេឡេក្រាម។ អ្នកនាំពាក្យរូបនេះ បានច្រានចោលព័ត៌មាននេះ ដោយចាត់ទុកជាព័ត៌មាន«មិនពិត»។
មន្ត្រីនាំពាក្យរូបនេះ បញ្ជាក់ថា ការផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍នៅព្រឹកថ្ងៃនេះ មិនត្រឹមត្រូវនោះឡើយ ហើយថា ក្រសួងបានសម្រេចលុបចោលសារមួយនេះហើយ បន្ទាប់ពីមានការស្នើសុំឱ្យលុបចោលពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក គង់ ពុទ្ធិការ អ្នកនាំពាក្យមួយរូបទៀតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជាក់ថា សំណើដាក់បញ្ចូលប្រាសាទកោះកេររបស់កម្ពុជា មិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ។
លោក គង់ ពុទ្ធិការ បញ្ជាក់បប្រាប់ Fact Crescendo បែបនេះតាមរយៈបណ្ដាញតេឡេក្រាម ដោយលោកបញ្ជាក់ថា លោកកំពុងស្ថិតនៅក្នុងអង្គប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ។
បើតាមអ្នកនាំពាក្យរូបនេះ សំណើដាក់បញ្ចូលប្រាសាទកោះកេររបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កំពុងស្ថិតនៅក្នុងរបៀបវារៈមួយនៃកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលកំពុងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញានេះ នៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ខាងក្រោមនេះ គឺជាប្រសាសន៍របស់លោក គង់ ពុទ្ធិការ អ្នកនាំពាក្យមួយរូបរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបញ្ជាក់ប្រាបក់ Fact Crescendo តាមរយៈតេឡេក្រាមនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
នៅម៉ោង ៥ល្ងាចថ្ងៃអាទិត្យនេះ កម្ពុជាបានប្រកាសថា ប្រាសាទកោះកេររបស់កម្ពុជា ត្រូវបានសម្រេចជាផ្លូវការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយ ដែលសេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៤៥របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងខាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ មន្ត្រីនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា សំណើដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍របស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេរហូតមកដល់ម៉ោង ៤រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សំណើរបស់កម្ពុជាមួយនេះ ស្ថិតនៅក្នុងរបៀបវារៈមួយនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃនេះ។

Title:តើប្រាសាទកោះកេរ្តិ៍ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅព្រឹកថ្ងៃនេះឬ?
Written By: Jay UdomResult: False
