Fact-Check: តើ​រូបថត​មួយ​សន្លឹក​នេះ​គឺ​ជា​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​មែន​ឬទេ?

False Political

កាល​ពី​ដើម​ខែ​សីហា​នេះ កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន៧​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី ដែល​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​រយៈ​ពលករ​ខ្មែរ។ វិធានការ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជាច្រើន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​តាម​ច្រក​របៀង​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។

ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ទីតាំង​មួយ​ដែល​គេ​មិន​ស្គាល់ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ថា មនុស្ស​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​បី​​សន្លឹក​​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ហូរ​មួយ​កន្លែង និង​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីតាំង​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្រុម​មនុស្ស​នៅ​ក្នុង​រូបថត​ទាំង​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​រៀបរាប់​ថា «ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១/August 4th 2021 របប​ ហ៊ុន សែន ធ្វើ​ឱ្យ​ពលករ​រង​ទុក្ខ​វេទនា ឆ្លង​ទឹក​ឆ្លង​គោក បុក​សម្រុក​មក​ច្រើន​ណាស់​ពលករ​ខ្មែរ​យើង តែ​ត្រូវ​បាន​អាជ្ញាធរ​ខាង​ខ្មែរ​ហាម​ឃាត់​មិន​ឱ្យ​ចូល ថែម​ទាំង​បណ្ដេញ​ត្រឡប់​ឱ្យ​មក​សម្រាក​នៅ​ខាង​ទឹក​ដី​ថៃ​ជា​បណ្ដោះ​អាសន្ន​វិញ»។

Facebook Post | Archived Link

Facebook Post | Archived Link

រូបថត​នេះ ក៏​ត្រូវ​បាន​បង្ហោះ​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ ដែល​មាន​គណនី​ហ្វេសប៊ុក​ជិត ១​សែន​ជា​សមាជិក។ ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ ក៏​​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៀតរហូត​ដល់​រាប់​រយ​ដង​។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​រៀបរាប់​ថា «ចេញ​ទៅ​វេទនា! ចូល​មក​វិញ​ក៏​វេទនា! នេះ​ហើយ​ជីវិត​ពលករ​ចំណាក​ស្រុក​ប្រទេស​ថៃ!! គ្មាន​សំណាង​ដូច​ពលករ​ចំណាក​ស្រុក​ប្រទេស​គេ​ផ្សេងៗ​ទេ»។

Facebook Post | Archived Link

ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក​ទូរទស្សន៍​សម្លេង​មនសិការ​ខ្មែរ VKC.TV បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​សម្រាប់​កម្មវិធី​ផ្សាយ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​សីហា​ផង​ដែរ។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​រូប​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម Twitter រួម​ជាមួយ​រូបថត​ពីរ​សន្លឹក​ផ្សេង​ទៀត​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា។

Twitter | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើរូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​អំពី​រូបថត​នេះ​ផង​ដែរ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​នឹង​អត្ថបទ​មួយ​របស់​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ភូមា​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា​។

តាម​រយៈ​ម៉ាស៊ីន​បក​ប្រែ​របស់ Google Translate វិទ្យុ​អាស៊ី​សេរី បាន​ផ្សាយ​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពី​សមាជិក​នៃ​កង​កម្លាំង​ការពារ​ប្រជាជន​ (People’s Defense Force – PDF) ហើយ​រូបថត​មួយ​សន្លឹក​នេះ ផ្ដល់​ឱ្យ​ដោយ​អ្នកសារព័ត៌មាន​ពលរដ្ឋ។

PDF គឺ​ជា​​ក្រុម​ប្រដាប់​អាវុធ​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ ជា​ស្ថាប័ន​មួយ​ដែល​ប្រកាស​ថា ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​ភូមា។ ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ដើម​ខែ​ឧសភា​ក្នុង​ឆ្នាំ​២០២១​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋ​ប្រហារ​របស់​ពួក​យោធា​ភូមា​កាល​ពី​ដើម​ខែ​កុម្ភៈ។

វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ភូមា បាន​ចុះ​ផ្សាយ​ថា លោក Ko Myo Chit សមាជិក​ម្នាក់​នៅ​ក្នុង​ចំណោម​សមាជិក ៥៣​រូប​របស់​ចលនា PDF ដែល​ត្រូវ​បាន​ទាហាន​ភូមា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​មក​នេះ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង ស្ថិត​ក្នុង​ស្ថានីយ៍​ប៉ូលិស Kalay កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា។

RFA Burmese | Archived Link

RFA Burmese’s Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ចំណោម​រូបថត​ពីរ​សន្លឹក​ទៀត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ពលករ​កម្ពុជា​ដែល​ព្យាយាម​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​សមាជិក​នៃ​កង​កម្លាំង​ការពារ​ប្រជាជន​ (PDF) ដែល​ជា​ចលនា​តស៊ូ​ប្រដាប់​អាវុធ​មួយ​នៅ​ភូមា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​របស់​យោធា​ភូមា​។

Avatar

Title:តើ​រូបថត​មួយ​សន្លឹក​នេះ​គឺ​ជា​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.