
ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងមក វីដេអូជាច្រើនពាក់ព័ន្ធនឹងវិបត្តិមួយនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ វីដេអូមួយដែលបង្ហាញទាហានដាក់ទោសទៅលើមនុស្សតាមរយៈការចងនឹងបង្គោល ហើយសម្រាតខោចេញនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វីដេអូនេះ ត្រូវបានគេអះអាងថា ជាការប្រព្រឹត្តអំពើទារុណកម្មពីសំណាក់ទាហានអ៊ុយក្រែនទៅលើប្រជាជននិយាយភាសារុស្ស៊ី។ វីដេអូជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងទៅលើវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីសប្ដាហ៍មុន វីដេអូរយៈពេលប្រហែល ៥នាទីមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញឱ្យឃើញមនុស្សប្រុសៗ ត្រូវបានទាហានចាប់ចង សម្រាតខោ និងវាយដោយរំពាត់ទៀតផង។
វីដេអូនេះ ត្រូវបានគេអះអាងថា ទាហានអ៊ុយក្រែន បានធ្វើទារុណកម្មទៅលើប្រជាជននិយាយភាសារុស្ស៊ី ដែលទង្វើបែបនេះបានកើតឡើងអស់រយៈពេល ៨ឆ្នាំមកហើយ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
វីដេអូ និងការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ ដែលមានតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូឃ្លីបនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងអត្ថបទមួយផ្សព្វផ្សាយដោយសារព័ត៌មានអ៊ីតាលី la Repubblica កាលពីខែមីនាកន្លងមកនេះ ដែលនិយាយថា ចោរលួចទ្រព្យសម្បត្តិគេនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានក្រុមទាហានដាក់ទោសដោយចងភ្ជាប់នឹងបង្គោល ហើយសម្រាតខោចេញ។
សារព័ត៌មានមួយនេះ បានចុះផ្សាយដូចនេះ ដោយបានដកស្រង់សម្ដីរបស់ទីប្រឹក្សារដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក Vadim Denisenko ដែលចាត់ទុកការដាក់ទោសនេះថា មិនមែនការប្រព្រឹត្តដោយមិនត្រឹមត្រូវទៅលើពួកចោរនោះឡើយនៅអំឡុងពេលមានសង្គ្រាមបែបនេះ។
សម្រាប់ខ្លឹមសារទាំងស្រុងនៃការចុះផ្សាយរបស់សារព័ត៌មាន la Repubblica សូមអានបន្ថែមតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ក្រៅពីវីដេអូនេះ រូបថតជាច្រើនទៀតដែលបង្ហាញបុរសស្ថិតក្នុងវ័យផ្សេងៗគ្នា ត្រូវបានចងភ្ជាប់នឹងបង្គោល ហើយត្រូវបានសម្រាតខោចេញ ហើយស្ថាប័នត្រួតពិនិត្យការពិត Open បានបកស្រាយថា មនុស្សទាំងនោះ គឺជាចោរដែលត្រូវបានទាហានអ៊ុយក្រែនចាប់បាន និងដាក់ទោស។ សូមអានអត្ថបទទាំងស្រុងរបស់សារព័ត៌មាន Open នៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងលើវីដេអូដូចដែលរៀបរាប់ខាហលើនេះ មិនត្រឹមត្រូវនោះឡើយ។ សកម្មភាពទាហាននៅក្នុងវីដេអូនេះ មិនមែនជាការប្រព្រឹត្តទៅលើពលរដ្ឋនិយាយភាសារុស្ស៊ីនោះឡើយ។ ការពិត ទាហានអ៊ុយក្រែន បានដាក់ទោសទៅលើពួកចោរលួចទ្រព្យសម្បត្តិគេអំឡុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។

Title:វីដេអូនេះបង្ហាញទាហានអ៊ុយក្រែនដាក់ទោសលើចោរលួចទ្រព្យសម្បត្តិ
Fact Check By: Jay UdomResult: False
