Fact-Check: សាសនិក​ហិណ្ឌូ​មិន​បាន​គ្រវែង​ចោល​ទេវ​រូប​ព្រោះ​តែ​មិន​អាច​ការពារ​ពួក​គេ​ពី​កូវីដ-១៩​ទេ

False International

ថ្មីៗ​នេះ កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​នោះ​ឡើយ ក៏​ព្រោះ​តែ​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី។ បន្ទាប់​មក ការ​ជជែក និង​ការ​ចែក​រំលែក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្ដោត​ទៅ​លើ​បញ្ហា​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ក្រុម​អ្នក​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ហិណ្ឌូ​សាសនា បាន​សម្រេច​ចិត្ត​បោះ​ចោល​ទេវ​រូប​​ នៅ​តាម​ផ្លូវ​សាធារណៈ និង​តាម​ទឹក​ជា​ដើម បន្ទាប់​ពី​ពួកគេ​យល់​ថា ទេវ​ដែល​ពួកគេគោរព​នោះ មិន​បាន​ជួយ​ការពារ​ពួកគេ​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ​ឡើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​បាន​រក​ឃើញ​ថា ការ​ពិត​មិន​ដូច​ទៅ​នឹង​ការ​អះ​អាង​នេះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​រូបថត ៤​សន្លឹក ដែល​បង្ហាញ​ចម្លាក់​ព្រះ​គណេស និង​ទេវ​​រូប​ដទៃ​ទៀត​នៅ​ក្នុង​ជំនឿ​ហិណ្ឌូ​សាសនា បាន​ស្ថិត​នៅ​រ៉ាត់​រាយ​នៅ​លើ​ផ្លូវ​ថ្នល់ និង​អណ្ដែត​នៅ​លើ​ទឹក​ជា​ដើម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​ថា ​​ទេវ​រូបទាំង​នេះ ត្រូវ​បាន​សាសនិក​ហិណ្ឌូ​បោះ​ចោល​នៅ​តាម​ដង​ផ្លូវ និង​ក្នុង​ទឹក បន្ទាប់ពី​ពួកគេ​អស់​ជំនឿ​លើចម្លាក់​ទាំង​នោះ ដែល​ពុំ​អាច​ជួយ​ពួកគេ​ឱ្យ​គេច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ឯណោះ រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ក្រុម​អ្នក​កាន់​សាសនា​ Hindu បាន​ចោល​ព្រះ​ដែល​ខ្លួន​គោរព​ ពេញ​ដង​ផ្លូវ និង​ដង​ស្ទឹង»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ដំណើរការ​ផ្ទៀង​ផ្ទាត់​រូបថត​នៅ​ក្នុង​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ទៅ​ដល់​រូបថត​ដើម​ទាំង​ស្រុង និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​ទាំង​នេះ។

រូបថត​បង្ហាញ​ទេវ​រូប​រាយ​ប៉ាយ​នៅ​លើ​ដង​ផ្លូវ ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយសារ​ព័ត៌មាន The Hindu ដែល​ជា​សារព័ត៌មាន​ដ៏​ចំណាស់​បំផុត​មួយ​របស់​ប្រទេស​ឥណ្ឌា។ សេចក្ដី​រាយការណ៍​ជា​ភាសា​អង់គ្លេស​នៃ​សារព័ត៌មាន​នេះ ចុះ​ផ្សាយ​ក្រោម​ចំណង​ជើង​ថា «No idols thrown at Sabarmati river front» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «គ្មាន​​ទេវ​រូប​ត្រូវ​បាន​បោះ​ចោល​នៅ​តាម​មាត់​ទន្លេ​សាបាម៉ាទី​ទេ»។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ ចម្លាក់​ទាំង​អស់​នោះ រូបថត​នេះ គឺ​ជា​ពិធី​ Dashama ដែល​ត្រូវ​បាន​​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​​អាម៉េដាបាដ​(Ahmedabad) ស្ថិត​នៅ​ក្នុង​រដ្ឋ​គុជរ៉ាត់ (Gujarat) ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា។ ពិធី​មួយ​នេះ ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ការ​គោរព​ចំពោះ​ព្រះ​គណេស​របស់​ពលរដ្ឋ​ឥណ្ឌា​នៅ​តាម​បណ្ដា​រដ្ឋ​ជាច្រើន​ទៀត​ផង​ដែរ។

ពិធី​បុណ្យ Dashama ដែល​ជា​ការ​គោរព​ដល់​ព្រះ​នាង Dashama ជា​ទេវី​មួយ​ដួង​នៅ​ក្នុង​ជំនឿ​ហិណ្ឌូ​និយម​នោះ ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​រយៈ​ពេល ១០​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ អ្នក​គោរព​ប្រតិបត្តិ​បាន​ស្រង់​ទឹក​ដល់​ចម្លាក់​ទេវី Dashama ដែល​ត្រូវ​បាន​ផលិត​ឡើង​ពី​​កំបោរ និង​តុប​តែង​ទៅ​ដោយ​ពណ៌​ដ៏​ស្រស់​ស្អាត​ ឬ​យក​ចម្លាក់​ទេវី​ Dashama ទៅ​បណ្ដែត​ក្នុង​ទឹក​ទន្លេ។

The Hindu’s report | Archived Link

ចំណែក​ឯ​សារព័ត៌មាន India Times បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ដែល​បង្ហាញ​នូវ​ទេវ​រូប​ជាច្រើន​​ផ្សេង​គ្នា ត្រូវ​បាន​បណ្ដែត​ចូល​ទន្លេ​គង្គារ និង​ដៃ​នៃ​ទន្លេ​ដ៏​សំខាន់​មួយ​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ បើ​តាម​ការ​ចុះផ​្សាយ​នៃ​សារព័ត៌មាន​មួយ​នេះ ការ​ទម្លាក់​វេទ​រូប​​ផ្សេងៗ​ចូល​ក្នុង​ទឹក​ទន្លេ គឺ​ជា​ប្រពៃណី​របស់​អ្នក​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​ហិណ្ឌូ​នៅ​ក្នុង​ប្រទេស​មាន​ប្រជាជន​ដ៏​ច្រើន​មួយ​នេះ។

India Times Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​ទំព័រ​ហ្វេសប៊ុក​ដូច​បាន​រៀប​រាប់​ខាង​លើ​មក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ទេវ​រូប​ទាំង​នោះ មិន​មែន​ត្រូវ​បាន​ពលរដ្ឋ​ឥណ្ឌា​បោះ​ចោល ឬ​ទម្លាក់​ចោល​ទឹក​ទន្លេរ ដោយសារ​មិន​អាច​បញ្ចៀស​ពួកគេ​មិន​ឱ្យ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ​ទេ។ ទេវរូប​​ទាំង​នោះ ស្ថិត​នៅ​រាយ​ប៉ាយ​នៅ​តាម​ដង​ផ្លូវ និង​អណ្ដែត​នៅ​ក្នុង​ទឹក​ទន្លេ បន្ទាប់​ពី​ការ​បិទ​បញ្ចប់​ពិធី​បុណ្យ​ស្រង់​ទឹក​ព្រះ​ទៅ​តាម​ជំនឿ​ហិណ្ឌូ​សាសនា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

Avatar

Title:សាសនិក​ហិណ្ឌូ​មិន​បាន​គ្រវែង​ចោល​ទេវ​រូប​ព្រោះ​តែ​មិន​អាច​ការពារ​ពួក​គេ​ពី​កូវីដ-១៩​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.