Mike Tyson មិន​បាន​ឈរ​គ្រង​ទង់​ជាតិ​ប៉ាឡេស្ទីន​មុន​ពេល​ប្រយុទ្ធ​នោះ​ឡើយ​

AI False International

ក្រោយ​ការ​ប្រកួត​ប្រដាល់​ដ៏​កក្រើក​មួយ​រវាង អតីត​ជើង​ឯក​ម្ចាស់​កីឡា​ប្រដាល់​ទម្ងន់​ធ្ងន់ ​លោក​ Mike Tyson និងអ្នក​លេង​បណ្ដាញ​សង្គម ​Jake Paul​ នា​ពេល​ថ្មី​ៗ​នេះ​ ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​​​កីឡាករ​រូប​នេះ​គ្រង​ទង់​ជាតិ​ប៉ាឡេស្ទីន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា លោក​ឈរ​នៅ​ខាង​ប្រជាជន​ប៉ាឡេស្ទីន។​ រូបថត​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo រក​ឃើញ​ថា​ ការ​បង្ហោះ​រូប​ថត​នេះ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​​អតីត​ម្ចាស់​ជើង​ឯក​កីឡា​ប្រដាល់​ទម្ងន់​ធ្ងន់​ លោក​ Mike Tyson គ្រង​ដោយ​​ទង់​ជាតិ​របស់​ប៉ាឡេស្ទីន​នៅ​លើ​ដង​ខ្លួន​អំឡុង​កម្មវិធី​ប្រកួត​ប្រដាល់​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា កីឡាករ​ប្រដាល់​អាមេរិក​ដ៏​ល្បី​ឈ្មោះ​រូប​នេះ បាន​បង្ហាញ​ការ​គាំ​ទ្រ​ដល់​ប្រជាជន​ប៉ាឡេស្ទីន ដែល​កំពុង​រង​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​អ៊ីស្រាអែល​នៅ​ក្នុង​ជម្លោះ​ជាមួយ​ពួក​ហាម៉ាស់​ប៉ាឡេស្ទីន។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ “លោក​ Mike Tyson ថត​ជាមួយ​ទង់​ជាតិ​ប៉ាឡេស្ទីន​ មុន​ពេល​ប្រយុទ្ធ”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នេះ​លើ​បណ្ដាញ​សង្គម​ Facebook កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ដោយ​សរសេរ​រៀប​រាប់​ថា​ «Mike Tyson poses with the Palestinian flag before his historic fight»​ ឬ​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «​​Mike Tyson ថត​រូប​ជាមួយ​ទង់​ជាតិ​ប៉ាឡេស្ទីន​ មុន​ពេល​ការ​ប្រយុទ្ធ​ជា​ប្រវត្តិសាស្ត្រ​របស់​គាត់​»។​

Facebook Post | Archived Link

ការ​អះអាង​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ ដូច​ជា​ Instagram ដែល​ជា​បណ្ដាញ​សង្គម​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Meta។​

Instagram Post | Archived Link

រូប​ថត​ស្រដៀង​គ្នា​មួយ​សន្លឹក​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី១៦​​ ខែ​វិច្ឆិកា​ បាន​​បង្ហាញ​ទិដ្ឋភាព​លោក​ Mike Tyson ឈរ​គ្រង​ទង់​ជាតិ​ប៉ាឡេស្ទីន​មុន​ពេល​ប្រយុទ្ធ​។​

YouTube Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search និង​កម្មវិធី​ផ្ទៀង​ផ្ទាត់​ (AI) ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាមរយៈ​ការ​បញ្ជូល​រូប​ថត​ និង​តំណភ្ជាប់​ទៅ​ក្នុង​គេហទំព័រ​ TrueMedia យើង​បាន​រក​ឃើញថា​ រូប​ថត​នោះ​ គឺ​មិន​មែន​ជា​រូប​ថត​ពិត​ប្រាកដ​នោះ​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ ​រូប​ភាព​ផ្ដាមខាង​ក្រោម​នេះ​​ គឺ​បាន​បង្ហាញ​ រូប​ថតមួយ​សន្លឹក​ខាង​លើ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

TrueMedia Link | Archived Link

ដូច​គ្នា​នេះ​ដែរ​ ​គេហទំព័រ​ AI Detect Content ដែល​ជា​គេហទំព័រមួយ​ទៀត​ និង​ជា​កម្មវិធី​​ផ្ទៀង​ផ្ទាត់​អត្ថបទ​ ឬ​រូប​ភាព​ទាំង​ឡាយ​ណា​ ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ក៏​បាន​បង្ហាញ​នូវ​លទ្ធផល​បញ្ជាក់​ថា​ទិដ្ឋភាព​នោះ​ គឺ​លើស​ពី​៥០​ភាគរយ​ ដែល​បង្កើត​ដោយ​កម្មវិធី​ (AI)​​។

AI Detect Content | Archived Link

ក្រុម​ការងារ​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ រូប​ថត​នា​នាជាច្រើន​​របស់​លោក​ Mike Tyson មុន​ និង​ក្នុង​អំឡុង​ពេល​ប្រកួត​ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ Getty Images គឺ​ពុំ​បាន​បង្ហាញ​លោក​ឈរ​គ្រង​ទង់​ជាតិ​ប៉ាឡេស្ទីន​មុន​ពេល​ប្រយុទ្ធ​នោះ​ឡើយ​។​

Getty Images | Archived Link

ករណី​រូប​ភាព​ និង​វីដេអូ​ឃ្លីប​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ នេះ​ តែង​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​ដោយ​ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ផង​​ដែរ​។

លោក​អ្នក​អាច​ស្វែង​រក​ និង​អាន​ព័ត៌មាន​បន្ថែម​តាម​រយៈ​តំណភ្ជាប់​ខាង​ក្រោម​៖

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថតមួយ​សន្លឹក​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

Avatar

Title:Mike Tyson មិន​បាន​ឈរ​គ្រង​ទង់​ជាតិ​ប៉ាឡេស្ទីន​មុន​ពេល​ប្រយុទ្ធ​នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *