ខណៈ​ដែល​បណ្ដាញ​សង្គម​បាន​ក្លាយ​ជា​កន្លែង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ទំនើប​នោះ ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន Apple បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​សម្រាប់​ផលិតផល​មួយ​ចំនួន​ក្នុង​ឱកាស​ខួប​ ៥០​ឆ្នាំ​របស់​ក្រុមហ៊ុន។ ការ​ផ្សព្វផ្សាយ​បែប​នេះ ត្រូវបាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយលក់​បញ្ចុះ​តម្លៃ​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ Apple Cambodia បាន​ផ្សព្វផ្សាយ​ថា កាស​ត្រចៀក​របស់ Apple ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៧០​ភាគរយ​នៅ​ក្នុង​ឱកាស​ខួប ៥០​ឆ្នាំ​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ ដោយ​គ្រាន់​តែ​ចុះ​ទៅ​លើ​តំណ​ភ្ជាប់​មក​ជាមួយ​ស្រាប់។

ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ប្រតិកម្ម​ចម្រុះ​បែប​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ្ដាម​ចេញ​ពីការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដោយ​ទំព័រ​ហ្វេសប៊ុក Apple Cambodia នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “សូម​អញ្ចើញ​មក​ទទួល​យក​ការ​ផ្ដល់​ជូន​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់ Apple រហូត​ដល់ 70% ក្នុង​ឱកាស​គម្រប់​ខួប​លើក​ទី​៥០​របស់​ក្រុមហ៊ុន Apple។ ក្រុមហ៊ុន Apple មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ 70% ទៅ​លើ AirPods Pro Gen 2 ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ដែល​តែង​តែ​អមដំណើរ និង​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍន៍​ដែល​កំពុង​រីក​ចម្រើន​របស់ Apple។ សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង និង​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​លឿន! ការ​ផ្ដល់​ជូន​មាន​កំណត់​ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ។ T&C ត្រូវ​បាន​អនុវត្ត កម្មវិធី​នេះត្រូវ​បាន​អនុវត្ត​ទាំង​ស្រុង​ដោយ Apple Cambodia មិន​មែន​តាម​រយៈ​ភាគី​ទីបី​ណា​មួយ​ឡើយ។ បញ្ជា​ទិញ​តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់ Apple Cambodia: https://www.applestore-official.com/airpods-pro-gen2”។

Facebook Post | Archived

កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Apple Cambodia ដូច​គ្នា ក៏​បាន​ផ្សាយ​លក់​ផង​ដែរ​នូវ​កាស AirPods Pro បញ្ចុះ​តម្លៃ​​រហូត​ដល់ ៨០​ភាគរយ ដោយ​ថា ការ​លក់​បញ្ចុះ​តម្លៃ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ខួប ៤៨​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​ Apple។

ការ​ផ្សព្វផ្សាយ​លក់​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់ ៦២​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សាយ​លក់​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក Apple Cambodia កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរដូច​ខាង​ក្រោម៖

“On the occasion of the 48th anniversary of the establishment of the Apple brand 1976 - 2024, we would like to sincerely thank everyone who has supported us during the past time with a lucky draw program with the opportunity to receive discount vouchers of up to 78% for the best-selling headphone product line of 2023 - AirPods Pro Gen 2. Thank you customers for always accompanying us in using Apple products over the past time. AirPods Pro Gen 2: https://www.appleasia.website/airpods-pro-2nd-generation Wish you have great experiences at Apple Cambodia. Note: The program applies for 10 days. After 10 days the discount code will expire.

ក្នុងឱកាសគម្រប់ខួប 48 ឆ្នាំនៃការបង្កើតម៉ាក Apple 1976 - 2024 យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់ដែលបានគាំទ្រយើងខ្ញុំនាពេលកន្លងមកជាមួយនឹងកម្មវិធីចាប់ឆ្នោតផ្សងសំណាង មានឱកាសទទួលបានប័ណ្ណបញ្ចុះតម្លៃរហូតដល់ 78% សម្រាប់ខ្សែផលិតផលកាសដែលលក់ដាច់បំផុតឆ្នាំ 2023 - AirPods Pro Gen 2។ សូមអរគុណអតិថិជនដែលតែងតែអមដំណើរយើងក្នុងការប្រើប្រាស់ផលិតផល Apple ក្នុងរយៈពេលកន្លងមក។ AirPods Pro Gen 2៖ https://www.appleasia.website/airpods-pro-2nd-generation សូមជូនពរអ្នកទទួលបានបទពិសោធន៍ល្អៗនៅ Apple Cambodia។ បញ្ជាក់៖ កម្មវិធីនេះមានរយៈពេល 10 ថ្ងៃ។ បន្ទាប់ពី 10​ថ្ងៃ លេខកូដបញ្ចុះតម្លៃនឹងផុតកំណត់”។

Facebook Post | Archived

ការលក់​បញ្ចុះ​តម្លៃ​ផលិត​ផល​ Apple បែប​នេះ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ SORYA Center Point ជា​ឈ្មោះ​ដូច​ទៅ​នឹង​ផ្សារ​ទំនើប​មួយ​នៅ​​ជិត​ផ្សារ​ធំ​ថ្មី​ កណ្ដាល​ទីក្រុង​ភ្នំពេញ។ ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ផលិត​ផល​ Apple នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “កាដូ​មហាសាល​ពី Apple Cambodia ដើម្បី​អបអរ​ខួប​លើក​ទី៤៨​របស់ Apple ខាង​មុខ​នេះ Apple មាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​សន្ធឹក​សន្ធាប់​រហូត​ដល់ ៧០% សម្រាប់​ផលិត​ផល AirPods Gen 2 ជាមួយ​នឹង​កាដូ​ដ៏​ទាក់​ទាញ​បំផុត​សម្រាប់​អតិថិជន​ជា​ទីគោរព​ពី​គ្រប់​សាខា SORYA Center Point នៅ​ចាំ​អី​ទៀត? តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ទិញ​ឧបករណ៍​អេឡិចត្រូនិច​ថ្មី!!!…នាំ​មក​ជូន​អ្នក​នូវ​សំណាង និង​បទ​ពិសោធន៍​ថ្មីៗ​ដ៏​គួរ​ឱ្យរំភើប។ Order By Website: https://www.applecambodia.shop/airpodspro2_kh ការ​ផ្ដល់​ជូន​មាន​រយៈ​ពេល​ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ T&C បាន​អនុវត្ត”។

Facebook Post | Archived

ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ផលិត​ផល Apple បែប​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Chip Mong 271 Megal Mall ដែល​យក​ឈ្មោះ​តាម​ផ្សារ​ទំនើប​មួយ​នៅ​ស្ថិតនៅ​​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើនដង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Chip Mong 271 Mega Mall នៅ​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ដូច​ខាង​ក្រោម៖

“អំណោយ​ដ៏​អស្ចារ្យ​ពី Apple សម្រាប់​អ្នក។ នៅ​ខែ​មិថុនា​ Apple Store ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បើក​នៅ Chip Mong 271 Megal Mall ដើម្បី​អបអរ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ និង​ធ្វើ​ឱ្យ​​អតិថិជន​ភ្ញាក់​ផ្អើល Apple កំពុង​ធ្វើ​ការ​បញ្ចុះ​តម្លៃ ៦០% ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់ Airpod pro ជំនាន់​ទី២ នៅ​លើ​គេហទំព័រ​របស់​ខ្លួន”។

Archived

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល Apple បញ្ចុះ​តម្លៃ​បែប​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ។ សូម​មើល​ការ​ផ្សព្វផ្សាយ​ទាំង​នោះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived), (archived), (archived), និង (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ស្វែង​រក​ការបញ្ជាក់​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផលិតផល Apple នៅ​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ជា​ដំបូង យើង​បាន​ព្យាយាម​ចុច​ទៅ​លើ​តំណ​ភ្ជាប់​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​សារ​នៅ​លើ​ហ្វេសប៊ុក ប៉ុន្តែ កម្មវិធី​ទប់​ស្កាត់​មេរោគ​កុំព្យូទ័រ បាន​បង្ហាញ​ថា តំណ​ភ្ជាប់​នោះ​គ្មាន​សុវត្ថិភាព​នោះ​ឡើយ។ នេះ​បញ្ជាក់​ថា តំណ​ភ្ចាប់​នេះ​ជាវិធី​បោក​បញ្ឆោត​តាម​អនឡាញ​តែ​ប៉ុណ្ណោះ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Kiripost កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Apple គ្មាន​ហាង​លក់​រាយ​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ ការ​លក់​ទូរស័ព្ទ និង​ផលិត​ផល​ដទៃ​ទៀត​របស់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​ប្រគល់​សិទ្ធិ​ទៅ​ក្រុមហ៊ុន​ចំនួន ៣ មាន​ក្រុមហ៊ុន iOne ក្រុមហ៊ុន Cactus Cambodia និង​ក្រុមហ៊ុន Digibox

ឆ្លើយ​តប​នឹង​ Fact Crescendo Cambodia តាម​រយៈ​អ៊ីម៉ែល តំណាង​ក្រុមហ៊ុន Cactus Cambodia បាន​បញ្ជាក់​ថា ក្រុមហ៊ុន​លក់​រាយ​មួយ​នេះ មិន​បាន​ដំណើរការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ផលិតផល Apple នោះ​ឡើយ ហើយ​ប្រាប់​ថា ក្រុមហ៊ុន​មាន​តែ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​តែ​មួយ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Cactus Cambodia បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Apple គ្មាន​ហាង​លក់​រាយ​ (Apple Store) នៅ​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ មាន​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែក​ចាយ និង​លក់​បន្ត​នូវ​ផលិត​ផល​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ។

Fact Crescendo Cambodia ក៏​បាន​ស្នើ​សុំ​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន iOne ផង​ដែរ​តាម​រយៈ​អ៊ីម៉ែល និង​បណ្ដាញ​សង្គម។

ឆ្លើយ​តប​មក​កាន់ Fact Crescendo Cambodia តាម​រយៈ​ប្រព័ន្ធ​ផ្ញើ​សារ​លើ​បណ្ដាញ​សង្គម (Messenger) ក្រុមហ៊ុន iOne បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មិនពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដ៏​ធំ​ដែល​ធ្វើ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នោះ​ឡើយ។

ក្រុមហ៊ុន iOne បាន​បញ្ជាក់​ទៀត​ថា ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នោះ គឺ​ជា​ល្បិច​បោក​បញ្ឆោត​តាម​អនឡាញ​តែ​ប៉ុណ្ណោះ។

យើង​បាន​រក​ឃើញ​ទៀត​ថា ទំព័រហ្វេសប៊ុក​ឈ្មោះ Chip Mong 271 Mega Mall មិនមែន​ជា​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ផ្សារ​ទំនើប​ជីបម៉ុង​នៅ​ផ្លូវ២៧១​នោះ​ឡើយ។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ថ្មីៗ​កាល​ពី​ថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០២៤ប៉ុណ្ណោះ ហើយ​មាន​អ្នក​តាម​ដាន​ត្រឹម​តែ​២​នាក់​ប៉ុណ្ណោះ។

ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ផ្សារ​ទំនើប​មួយ​នេះ ដាក់​ឈ្មោះ​ថា Chip Mong 271 Megal Mall ដូច​គ្នា ប៉ុន្តែ អ្នក​តាម​ដាន​ចំនួន ១៩០,០០០​នាក់ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០២០​កន្លង​មក។

ចំណែក​ឯ​ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ 𝐒𝐨𝐫𝐲𝐚 𝐂𝐞𝐧𝐭𝐞𝐫 𝐏𝐨𝐢𝐧𝐭 ក៏​មិន​មែន​ជា​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​ផ្សារ​ទំនើប​សូរិយា​នោះ​ឡើយ។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មេសា​ក្នុង​ឆ្នាំ​នេះ ហើយ​មានអ្នកតាម​ដាន​ត្រឹម​តែ​ជាង ៣០០​នាក់​ប៉ុណ្ណោះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ផ្សារ​ទំនើប​សូរិយា មាន​ឈ្មោះ​ថា SORYA Center Point ដូច​គ្នា ប៉ុន្តែ មាន​អ្នក​តាម​ដាន​ចំនួន ១០០.០០០​នាក់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១១​កន្លង​មក។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ផលិត​ផលិត Apple ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ មិន​មែន​ជា​ការ​ពិត​នោះ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Apple ពុំ​មាន​ហាង​លក់​រាយ​ផលិត​ផល​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ផលិត​ផល​របស់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​ផ្ដល់​សិទ្ធិ​លក់​បន្ត​ដល់​ក្រុមហ៊ុន​ចំនួន ៣​មាន​ក្រុមហ៊ុន iOne ក្រុមហ៊ុន Cactus និង​ក្រុមហ៊ុន Digibox។ ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផលិត​ផល Apple នៅ​កម្ពុជា បាន​បញ្ជាក់​ថា ពួកគេ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដ៏​ធំ​បែប​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នោះ​ឡើយ។

Avatar

Title:ក្រុម​បោក​បញ្ឆោត​អនឡាញ​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន Apple លក់​បញ្ចុះ​តម្លៃ​ដ៏​ធំ​សម្រាប់​កាស​ស្ដាប់

Written By: Jay Udom

Result: False