សេចក្ដីរាយការណ៍មិនត្រឹមត្រូវមួយថា មេដឹកនាំអ៊ុយក្រែនត្រូវបានបណ្ដេញចេញពីតំណែង
ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបន្តអូសបន្លាយពេលអស់រយៈជិត ២ឆ្នាំហើយនោះ សេចក្ដីរាយការណ៍ព័ត៌មានដែលធ្វើឡើងដោយអ្នកផលិតមាតិកាព័ត៌មានមួយ បានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ត្រូវបានគេបណ្ដេញចេញពីតំណែងហើយ។ ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយោបល់ផ្សេងៗពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ព័ត៌មាននេះមិនពិតនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានមួយដែលត្រូវបានធ្វើឡើងដោយអ្នកបង្កើតមាតិកាក្នុងស្រុក បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) ត្រូវបានគេបណ្ដេញចេញពីតំណែងហើយ ដើម្បីបើកផ្លូវសម្រាប់ការចរចាសន្តិភាពជាមួយប្រទេសរុស្ស៊ី។
ព័ត៌មាននេះ ត្រូវបានចែករំលែកជាច្រើនដង មតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះគឺជាវីដេអូទាំងស្រុងនៃព័ត៌មានអន្តរជាតិផ្សាយដោយទំព័រហ្វេសប៊ុក KH Daily News កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានសំណេររៀបរាប់ថា «ចប់បាត់ ហ្សេលេនស្គីត្រូវបណ្ដេញចោលពីតំណែងហើយ»។
ព័ត៌មានដដែលនេះ ក៏ត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ Amazing Top Share ដែលសរសេររៀបរាប់ថា «ចប់បាត់ហើយ! លោក ហ្សេលេនស្គី ប្រហែលអាចត្រូវបណ្ដេញចោលពីតំណែង មិនអាចវាយឈ្នះរុស្ស៊ីបានទេ»។
វីដេអូព័ត៌មានអន្តរជាតិមួយនេះ ទទួលបានការចែករំលែកបន្តរឹតតែច្រើនថែមទៀត និងមតិយោបល់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃព័ត៌មានអន្តរជាតិដដែលនេះ ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកឈ្មោះ World Today កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
FACT CHECK
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានអន្តរជាតិចេញផ្សាយដោយសារព័ត៌មានធំៗនៅលើពិភពលោក ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
ដើម្បីស្វែងរកព័ត៌មានថ្មីបំផុតទាក់ទងនឹងមេដឹកនាំអ៊ុយក្រែនរូបនេះ យើងបានស្រាវជ្រាវតាមរយៈពាក្យគន្លឹះ (ឈ្មោះលោក Volodymyr Zelenskyy) នៅលើបណ្ដាញរុករក Google និងបានជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកដើម្បីពិនិត្យមើលការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងមេដឹកនាំដ៏មានឥទ្ធិពលរូបនេះ។
ជាលទ្ធផល យើងបានរកឃើញថា ឈ្មោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានលេចឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ថ្មីបំផុតនៅថ្ងៃទី០៤ ខែវិច្ឆិកា នៅក្នុងអត្ថបទមួយដែលនិយាយថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ បានបង្វែរការចាប់អារម្មណ៍ពីសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
ដោយបានរុករកនៅក្នុងគេហទំព័រ BBC យើងពុំបានជួបប្រទះនូវព័ត៌មានណាមួយដែលនិយាយពីការបណ្ដេញលោក Zelenskyy ពីអំណាចត្រូវបានចុះផ្សាយដោយ BBC នោះឡើយចាប់តាំងពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកានេះ។
ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននេះ យើងបានពង្រីកការរុករករបស់យើងទៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN ដែលចុះផ្សាយពាក់ព័ន្ធនឹងមេដឹកនាំអ៊ុយក្រែនរូបនេះនៅពេលថ្មីៗនេះ។
ព័ត៌មានថ្មីបំផុតដែលចុះផ្សាយដោយ CNN នៅថ្ងៃទី១៤ ខែវិច្ឆិកា ពាក់ព័ន្ធនឹងលោក ហ្សេលេនស្គី បាននិយាយថា មេដឹកនាំអ៊ុយក្រែនរូបនេះបានលើកថា ការបោះឆ្នោតមិនគួររៀបចំអំឡុងពេលមានសង្គ្រាមនោះឡើយ។
សូមមើលព័ត៌មានទាំងស្រុងចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងអត្ថបទមានចំណងជើងថា Zelensky says it is "irresponsible" to hold elections during wartime។
ខាងក្រោមនេះ គឺព័ត៌មានពាក់ព័ន្ធនឹងលោក ហ្សេលេនស្គី ដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN នៅក្នុងរយៈពេលចុងក្រោយបំផុត ដែលយើងបានរកឃើញនៅក្នុងប្រព័ន្ធរុករករបស់ CNN។
គ្មានព័ត៌មានណាមួយដែលនិយាយពីការទម្លាក់លោក ហ្សេលេនស្គី ពីអំណាចដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ CNN នោះឡើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
Fact Crescendo Cambodia បានពង្រីកការផ្ទៀងផ្ទាត់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង France 24 ហើយក៏រកឃើញថា គ្មានព័ត៌មានណាមួយចុះផ្សាយពាក់ព័ន្ធនឹងការទម្លាក់លោក ហ្សេលេនស្គី ពីអំណាចនោះឡើយ។
សេចក្ដីរាយការណ៍ថ្មីបំផុតពាក់ព័ន្ធនឹងមេដឹកនាំអ៊ុយក្រែនរូបនេះចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយបារាំង France 24 បាននិយាយថា លោក ហ្សេលេនស្គី បានជំរុញឱ្យត្រៀមបម្រុងសម្រាប់ការវាយប្រហារពីរុស្ស៊ីអំឡុងរដូវរងានេះ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
Fact Crescendo Cambodia បានពង្រីកការផ្ទៀងផ្ទាត់ព័ត៌មាននេះទៅកាន់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ប៉ុន្តែ យើងរកពុំឃើញសេចក្ដីរាយការណ៍ណាមួយរបស់ Reuters ដែលនិយាយអំពីការទម្លាក់លោក ហ្សេលេនស្គី ពីអំណាចនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីវេបសាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានចុះផ្សាយពាក់ព័ន្ធនឹងលោក ហ្សេលេនស្គី នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការរុករកព័ត៌មានពាក់ព័ន្ធនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជុំវិញព័ត៌មានដែលនិយាយថា លោកត្រូវបានបណ្ដេញចេញពីតំណែង ប៉ុន្តែ យើងរកពុំឃើញព័ត៌មានបែបនេះនោះឡើយនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
CONCLUSION
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ បន្ទាប់ពីបានផ្ទៀងផ្ទាត់ទៅលើព័ត៌មានអន្តរជាតិ ពុំមានសេចក្ដីរាយការណ៍ណាមួយដែលនិយាយពីការបណ្ដេញលោក Volodymyr Zelenskyy ពីតំណែងប្រធានាធិបតីអ៊ុយក្រែននោះឡើយ។
Title:សេចក្ដីរាយការណ៍មិនត្រឹមត្រូវមួយថា មេដឹកនាំអ៊ុយក្រែនត្រូវបានបណ្ដេញចេញពីតំណែង
Written By: Jay UdomResult: False