តើ​ផែនដី​នឹង​រលាយ​ត្រឹម​រយៈ​ពេល​ខ្លី​ដូច​ការ​អះ​អាង​មួយ​ចំនួន​មែន​ឬទេ?

False Political

ខណៈ​ដែល​ក្រុម​មនុស្ស​ជាច្រើន​បន្ត​ស្នាក់​នៅ​ឯ​ចម្ការ​របស់​លោក​នៅ​ឯ​ខេត្ត​សៀមរាប​នោះ មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ​ថា ផែនដី​នឹង​មាន​មហន្តរាយ​នៅ​ក្នុង​រយៈ​ពេល​មិន​លើស​ពី​មួយ​សប្ដាហ៍​នោះ​ឡើយ។ ការ​អះ​អាង​របស់​លោក ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​របស់​មេដឹកនាំ​នយោបាយ​រូប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ដើម​ខែ​នេះ​ថា ផែនដី​នឹង​ទទួល​រង​មហន្តរាយ​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ត្រឹម​មួយ​សប្ដាហ៍​ដើម​ខែ​នេះ​ប៉ុណ្ណោះ។

ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រៀន ក៏​បាន​បញ្ចេញ​មតិ​ចម្រុះ​បែប​តប​ទៅ​នឹង​ការ​អះ​អាង​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​លោក ខឹម វាសនា នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ដែល​រៀបរាប់​ថា៖ 

«ពូ​គ្រាន់​តែ​អោយ[ឱ្យ]​ជា​ព័ត៌មាន​តាម​ការ​យល់​របស់​ពូ​ទេ ពួក​ក្មួយ​គិត​ហើយ​សំរេច​[សម្រេច]​ដោយ​ខ្លួន​ឯង​ទៅ​ចុះ។ រឿង​ពូ​ជា​អ្នក​មាន​បុណ្យ​មក​បំភ្លឺ​ធម៌​ឡើង​វិញ គឺ​ប្រាកដ​ណាស់។ រឿង​ពូ​នឹង​សំរេច[សម្រេច]​ឈានគឺ​ប្រាកដ​ណាស់។ រឿង​ផែនដី​មាន​មហន្តរាយ​គឺ​ប្រាកដ​ណាស់។ រឿង​មហន្តរាយ​ដល់​លោក​ហ្នឹង ពូ​គិត​ថា​នឹង​កើត​មាន​មិន​លើស​ពី​ក្នុង​មួយ​អាទិត្យ​ទៀត​យ៉ាង​យូរ ក្មួយៗ​គិត​ហើយ​សំរេច​[សម្រេច]ធ្វើ​យ៉ាង​ណា​គឺ​សំរេច[សម្រេច]​លើ​ក្មួយ​ៗ​ទេ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​ស្ដី​ពី​មហន្តរាយ​កើត​ឡើង​នៅ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​ការ​ពិនិត្យ​មើល​ការ​សិក្សា​វាយ​តម្លៃ​ពី​អាយុ​កាល​របស់​ផែនដីដែល​ត្រូវ​បាន​សិក្សា​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូចខាង​ក្រោម​នេះ។

ចាប់​តាំង​ពី​ពេល​លោក ខឹម វាសនា អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​​ថ្ងៃ​ទី​០៥ ខែធ្នូ​​មក Fact Crescendo Cambodia បាន​ពិនិត្យ​មើល​ហេតុការណ៍​មហន្តរាយដែល​កើត​ឡើង​ចំពោះ​ផែនដី ហើយ​ពុំ​បាន​រក​ឃើញគ្រោះ​មហន្តរាយ​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់ ដែល​បង្ក​មហន្តរាយ​ធ្ងន់​ធ្ងរ​ដល់​​ផែនដី​យើង​នោះ​ឡើយ។

នៅ​ក្នុង​រយៈ​ពេល ១​សប្ដាហ៍​ចាប់​តាំង​ពី​ថ្ងៃ​ទី០៥​ រហូត​ដល់ថ្ងៃ​ទី​១២​ក្នុង​ខែ​ធ្នូ​នេះ យើង​កត់​សម្គាល់​ឃើញ​គ្រោះ​មហន្តរាយ​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

  1. គ្រោះ​ថ្នាក់​បាក់​ដី​សង្កត់​រថយន្ត​ក្រុង​នៅ​ប្រទេស​កូឡុំប៊ី៖ មនុស្ស ៣៤​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ ៨​នាក់​ផង​ដែរ បាន​ស្លាប់ ហើយ​មនុស្ស ៩​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​ដី​បាន​បាក់​ធ្លាក់​សង្កត់​លើ​រថយន្ត​មួយ​គ្រឿងនៅ​ភាគ​ពាយ័ព្យ​ប្រទេស​កូឡុំប៊ី នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ។ ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​ការ​បាក់​ដី​ភ្នំ​នេះ បាន​កើត​ឡើង​ជា​រឿយៗ​នៅ​ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ
  2. ការលេច​ធ្លាយ​ឧស្ម័ន​នៅ​អង់គ្លេស៖ សារព័ត៌មាន BBC របស់​អង់គ្លេស បាន​រាយការណ៍​​ថា ពលរដ្ឋ​ដល់​ទៅ ២,០០០​គ្រួសារ ​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ឧស្ម័ន​ហ្គេស​សម្រាប់​ដុត​កម្ដៅ​នៅ​ក្នុង​ផ្ទះ​សម្បែង​​ចំពេល​ធាតុ​អាកាស​ចុះ​ត្រជាក់ក្រោម​សូន្យ​នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ឆ្នាំ​នេះ ប៉ុន្តែ អាជ្ញាធរ​ក្នុង​តំបន់​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​ហ្គេស នឹង​ត​ភ្ជាប់​ឡើង​វិញ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម ១​សប្ដាហ៍​ប៉ុណ្ណោះ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ
  3. ផ្ទុះ​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​នៅ​ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP បាន​រាយការណ៍​ថា កម្មករ​អណ្ដូង​រ៉ែ ១០​នាក់ បាន​ស្លាប់ ហើយ ៤​នាក់​ទៀត ត្រូវ​គេ​ជួយ​សង្គ្រោះ​បាន បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះ​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​មួយ​នៅ​ខេត្ត​​ស៊ូម៉ាត្រា​ភាគ​ខាង​លិច កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

បន្ទាប់​ពី​ការ​អះ​អាង​នេះ​បាន​រំលង​ទៅ​មួយ​សប្ដាហ៍​ហើយ​នោះ Fact Crescendo Cambodia ក៏​បាន​កត់​សម្គាល់​នូវ​គ្រោះ​មហន្តរាយ​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

  1. ទឹក​ជំនន់​នៅ​សាធារណរដ្ឋ​កុងហ្កូ៖ វិទ្យុ​ប៉ាគីស្ថាន បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤​ធ្នូ​ថា មនុស្ស​រហូត​ដល់ ១៤១​នាក់ បាន​ស្លាប់​ដោយសារ​ទឹក​ជំនន់ និង​ការ​រអិល​បាក់​ដី​ ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​នៅ​ Kinshasa សាធារណរដ្ឋ​កុងហ្កូ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ
  2. ព្យុះ​កំបុត​ត្បូង​វាយ​ប្រហារ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក៖ សារព័ត៌មាន CNN បាន​រាយការណ៍​ថា ព្យុះ​កំបុត​ត្បូង​បាន​វាយ​ប្រហារ​បណ្ដា​ទីក្រុង​ជាច្រើន​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​នៅ​ចន្លោះ​ថ្ងៃ​ទី១៣ និង១៤ ខែ​ធ្នូ​នេះ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ។ សារព័ត៌មាន BBC បាន​រាយការណ៍​ថា មនុស្ស ៣​នាក់​បាន​ស្លាប់​ដោយសារ​ព្យុះ​កំបុត​ត្បូង​នេះ​បោក​បក់​រដ្ឋ​ល្វីស៊ីណា (Louisiana) ហើយ​ថា បណ្ដាញ​អគ្គិសនី​នៅ​ក្នុង​រដ្ឋ​ចំនួន​៧ស្ថិត​នៅ​តាម​ឆ្នេរ​ភាគ​ខាង​កើត​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​កាត់​ផ្ដាច់​ដោយសារ​ព្យុះ​នេះ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ
  3. បាក់ដី​នៅ​ម៉ាឡេស៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍​ថា គ្រោះ​បាក់​ដី​មួយ​បាន​កើត​ឡើង​នៅ​ជាយ​ទីក្រុង​គួឡាឡុំពួរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ដោយ​បាន​សម្លាប់​មនុស្ស ២១​នាក់។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ
  4. ធាតុ​អាកាស​ចុះ​ត្រជាក់​ខ្លាំង​នៅ​ចុង​ខែ​ធ្នូ​នៅ​សហរដ្ឋ​អាមេរិក៖ សារព័ត៌មាន​អាមេរិក New York Times បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា មនុស្សយ៉ាង​ហោច​ណាស់ ២០០​លាន​នាក់ ឬ​ស្មើ​នឹង ២​/៣​នៃ​ប្រជាជន​អាមេរិក​ទាំង​មូល ប្រឈម​មុខ​នឹង​ធាតុ​អាកាស​ត្រជាក់​ខ្លាំង​ក្លានៅ​ចុង​ខែ​ធ្នូ​នេះ ហើយ​រដ្ឋ​មួយ​ចំនួន​របស់​អាមេរិក បាន​ដាក់​បម្រាម​ធ្វើ​ដំណើរ​អំឡុង​ពេល​នេះ។ ទន្ទឹម​គ្នា​នេះ ប្រជាជន​អាមេរិក​ខ្ទង់ ១​លាន​នាក់​នៅ​ទូទាំង​ប្រទេស កំពុង​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

Fact Crescendo Cambodia កត់​សម្គាល់​ឃើញ​ថា គ្មាន​គ្រោះ​មហន្តរាយ​ណា​មួយ​ដែល​បង្ក​មហន្តរាយ​ធ្ងន់​ធ្ងរ​ដល់​ផែនដី​យើង​នោះ​ឡើយ ហើយ​ហេតុការណ៍​គ្រោះ​ថ្នាក់​ដូច​ដែល​យើង​រៀបរាប់​ខាង​លើ​នេះ ត្រឹម​តែ​បង្ក​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ។

តើ​ផែនដី​​អាច​នឹង​វិនាស​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ឬទេ?

​​អត្ថបទ​មួយ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក​ដោយ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ (www.science.org) បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ ផែនដី​របស់​មនុស្ស​ជាតិ​យើង​នេះ អាច​ទ្រទ្រង់​ជីវិត​នៅ​លើ​ផែនដី​បាន​ ១.៥​ពាន់​លាន​ឆ្នាំ​ទៀត។ ទស្សនាវដ្ដី​អាមេរិក​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​​លោក Eric Wolf ដែល​នៅ​ពេល​នោះ​ជា​និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ខូឡូរ៉ាដូ (Colorado University) និង​លោក Owen Brian Toon ដែល​ជា​សហការី​របស់​លោក Eric Wolf។

ទស្សនាវដ្ដី​ដដែល​នេះ បាន​រៀបរាប់​ថា លោក Wolf និង​លោក Toon បាន​ប្រើ​ប្រាស់​ម៉ូឌែល​អាកាស​ធាតុ 3D របស់​វិទ្យាសាស្ត្រ​ជាតិ​សម្រាប់​ស្រាវ​ជ្រាវ​បរិយាកាស ដើម្បី​គណនា​ការ​បាត់​បង់​សមាស​ធាតុ​នានា​ដែល​ទ្រទ្រង់​ដល់​បរិយាកាស​ផែនដី​របស់​យើង។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

ចំណែក​ឯ​ទស្សនាវដ្ដី Science Focus របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC បាន​ចុះ​ផ្សាយ​ថា ផែនដី​របស់​មនុស្ស​ជាតិ​យើង យ៉ាង​ហោច​ណាស់​អាច​មាន​ពេល​វេលា​សល់ ១​ពាន់​លាន​ឆ្នាំ​ទៀត មុន​នឹង​ឈាន​ថ្ងៃ​ពេល​វិនាស​ហិន​ហោច។

ទស្សនាវដ្ដី​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​បាន​ដក​ស្រង់​ការ​សិក្សា​មួយ​របស់​មន្ទីរ​ពិសោធន៍​ឧតុនិយម​ឌីណាមិច នៅ​ទីក្រុង​ប៉ារីស ដែល​ចេញ​ផ្សាយ​នៅ​លើ​ព្រឹត្តិប័ត្រ​ធម្មជាតិ (Nature)​កាល​ពី​ចុង​ឆ្នាំ​មុន។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

បើទោះបី​ជា​ផែនដី​នៅ​មាន​អាយុ​កាល​រាប់​ពាន់​លាន​ឆ្នាំ​ទៅ​មុខ​ទៀត​ក្ដី ប៉ុន្តែ ទស្សនាវដ្ដី LiveScience របស់​អាមេរិក បាន​ចុះ​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ បាន​ព្រមាន​ពី​ការ​ឈាន​ទៅ​រក​វិនាសកម្ម​នៅ​លើ​ផែនដី​ និង​ការ​វិនាស​ផុត​ពូជ​របស់​មនុស្ស​ជាតិ កាន់​តែ​​លឿន​ជាង​នេះ ប្រសិន​បើ​ការ​កើន​ឡើង​កម្ដៅ​ផែនដី មាន​ល្បឿន​លឿន។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

ទោះជាយ៉ាងណា ការ​អះអាង​របស់​មេដឹកនាំ​បក្ស​នយោបាយ លោក ខឹម វាសនា គ្មាន​អ្វី​មក​បញ្ជាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​នោះ​ឡើយ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​សិក្សា​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ ផ្ដល់​នូវ​ការ​សន្និដ្ឋាន​ជា​រួម​ថា ផែនដី​របស់​មនុស្ស​ជាតិ​យើង​នេះ អាច​ទ្រទ្រង់​ជីវិត​រស់​នៅ​យ៉ាង​ហោច​ណាស់ ១.៥​ពាន់​លាន​ឆ្នាំ​ខាង​មុខ​នេះ មុន​នឹង​វា​ឈាន​ទៅ​វិនាស​ទាំង​ស្រុង។

Avatar

Title: តើ​ផែនដី​នឹង​រលាយ​ត្រឹម​រយៈ​ពេល​ខ្លី​ដូច​ការ​អះ​អាង​មួយ​ចំនួន​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *