ព័ត៌មាន​មិន​ពិត​​ថា​ រូបថត​អ្នក​ចម្រៀង​ជប៉ុន​​ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​​​ពី​អតីត​កាល

False Social

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​បី​នាក់ ត្រូវ​បានគេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា រូបថត​នោះ គឺ​ជា​កំពូល​តារា​ចម្រៀង​ខ្មែរ​កាល​ពីសម័យ​មុន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចម្រុះ ដោយ​ជឿ​ទៅ​តាម​ការ​អះអាង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការអះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​ស​ខ្មៅ​ដែល​បង្ហាញ​ស្ត្រី ៣​នាក់ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ស្ត្រី​ទាំង​ ៣​នាក់​នោះ គឺ​ជាអ្នកស្រី ប៉ែន រ៉ន អ្នកស្រី រស់ សេរីសុទ្ធា និង​អ្នកស្រី ហួយ មាស ដែល​សុទ្ធ​តែ​ជា​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​កាល​ពី​ជាង ៥០​ឆ្នាំ​មុន​។

រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣០០​ដង ហើយ​ក៏​ទទួល​បាន​ការបញ្ចេញ​មតិ​ដ៏​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “អ្នក​ចម្រៀង​មរតក​ដើម​ទាំង​បី​ដួង​ជា​អ្នក​ចម្រៀង​ឯក កំពូល” ហើយ​សំណេរ​នៅ​លើ​រូបថត “ប៉ែន រ៉ន, រស់ សេរីសុទ្ធា, ហួយ មាស”។

Facebook Post | Archived Link

បន្ទាប់​ពី​រូបថត​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម វា​ក៏​ត្រូវ​បាន​យក​ទៅ​បង្ហោះ​បន្ត​ថែម​ទៀត​នៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ៥​ពាន់​ដង​ឯណោះ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​រក្សា​ទុក​ខ្លឹមសារ​ដដែល។

Facebook Post | Archived Link

ក្រៅ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ខាង​លើនេះ រូបថត​រួម​ជាមួយ​ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើបណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ។

គេ​អាច​រក​មើល​ការ​បង្ហោះ​រូបថត​ជាមួយ​សំណេរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

បន្ទាប់​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ជាច្រើន បាន​បញ្ចេញ​មតិ​កោត​សរសើរ​ចំពោះ​រូបថត​នេះ ដោយ​ជឿ​ទៅ​តាម​ព័ត៌មាន​ដែល​គេ​បង្ហោះ​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លើ​​ព័ត៌មាន​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​នេះ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​មួយ​សន្លឹក​នេះ​ផង​ដែរ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត។

យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​ដាក់​ផ្សព្វផ្សាយ​ដេញ​ថ្លៃ​នៅ​លើ​វេបសាយ Yahoo កាល​ពី​ខែ​តុលា​កន្លង​មក​នេះ ដោយ​មាន​ព័ត៌មាន​រៀបរាប់​ថា រូបថត​នេះ គឺ​ជា​តារា​ចម្រៀង​ជប៉ុន​នៃ​ក្រុម Candies ដែល​មាន​ឈ្មោះ Ito Ran, Yoshiko Tanaka និង Miki ​Fujimura។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ដេញ​ថ្លៃ​រូបថត Yahoo Auction ដែល​ភ្ជាប់​មក​ជាមួយ​ព័ត៌មាន​រូបថត​ជា​ភាសា​ជប៉ុន។

Yahoo Auction | Archived Link

Candies គឺ​ជា​ក្រុម​តារា​ចម្រៀង​ស្រី​ជប៉ុន​ដ៏​ល្បី​ល្បាញ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧៣ ដោយ​មាន​សមាជិក ៣​រូប មាន Ito Ran ឬ​ហៅ​ Ran, Yoshiko Tanaka ឬ​ហៅ​ Sue និង Miki ​Fujimura ឬ​ហៅ​ Miki។

ក្រុម​ចម្រៀង​មួយ​នេះ ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ជប៉ុន​រយៈពេល ៥​ឆ្នាំ​ដោយ​បាន​ច្រៀង​ឱ្យ​ផលិតកម្ម CBS Sony ដែល​បាន​ប្ដូរ​ឈ្មោះ​មក​ជា Sony Music នា​ពេល​សព្វថ្ងៃ​ននេះ។

បន្ទាប់​ពី​ក្រុម​ចម្រៀង​នារី​ជប៉ុន​មួយ​នេះ​បាន​រំសាយ​​នៅ​ក្នុង​ឆ្នាំ​១៩៧៨ តារា​ចម្រៀង Ran និង Sue បាន​ងាក​ទៅ​ចាប់​អាជីព​ជា​តារា​សម្ដែង​​ ហើយ​ទទួល​បាន​ជោគជ័យ។ ចំណែក​តារា​ចម្រៀង Miki បាន​វិល​ត្រឡប់​ទៅ​វិស័យ​ចម្រៀង​វិញ​ដោយ​បាន​ចេញ​អាល់ប៊ុល​ចម្រៀង​ទោល​នៅ​ក្នុង​ឆ្នាំ​១៩៨៣ ប៉ុន្តែ ក៏​បាន​ដក​ថយ​ទៅ​វិញ​ក្រោយ​រៀបការ​រួច។

នៅ​ក្នុង​ចំណោម​តារា​ចម្រៀង​ស្រី​ទាំង​បី​រូប អ្នកស្រី​ Yoshiko Tanaka ដែល​ជា​តារា​សម្ដែង​ភាពយន្ត​ផង​នោះ បាន​ទទួល​មរណភាព​នៅ​ក្នុង​ឆ្នាំ​២០១១ ក្នុង​អាយុ ៥៥​ឆ្នាំ ដោយសារ​តែ​មហារីក​សុដន់។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី GettyImages ដែល​បង្ហាញ​តារា​ស្រី​ទាំង​បី​ដួងថែ្លង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនៅ​ទីក្រុង​តូក្យូ ​កាល​ពី​ឆ្នាំ​១៩៧៧ ដែលនិយាយ​អំពី​ការ​រំសាយ​ក្រុម។

GettyImages

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ មិន​មែន​ជា​រូបថត​តារា​ចម្រៀង​ខ្មែរ អ្នកស្រី ប៉ែន រ៉ន, អ្នកស្រី រស់ សេរីសុទ្ធា និង​អ្នកស្រី ហួយ មាស ដូច​ដែល​គេ​អះអាង​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​តារា​ចម្រៀង​ជប៉ុន​នៃ​ក្រុម Candies ដ៏​ល្បីល្បាញ​កាល​ពី​ទសវត្សរ៍​១៩៧០​ ដែល​មាន​សមាជិក ៣​រូប រួមាន Ito Ran, Yoshiko Tanaka និង Miki Fujimura។

Avatar

Title:ព័ត៌មាន​មិន​ពិត​​ថា​ រូបថត​អ្នក​ចម្រៀង​ជប៉ុន​​ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​​​ពី​អតីត​កាល

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *