Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

Altered Political

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។

ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាមផង​ដែរ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ដោយ​ក្នុង​នោះ​មាន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កិច្ច​ប្រជុំ​រវាង​លោក​ ហ៊ុន​ ម៉ាណែត​ និង​អនុ​ព័ន្ធ​យោធា​វៀតណាមប្រចាំ​ប្រទេស​កម្ពុជា​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​រូប​លោក​ ពាក់​មួក​ទាហាន​វៀត​ណាម​ផង​ដែរ​ ខណៈ​លោក​កំពុង​តែ​ប្រជុំ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​

រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ច្រើន​ជំនាន់​មក​ហើយ​ ដែល​យួន​ព្យាយាម​លេប​ត្របាក់​កម្ពុជា​មិន​បាន​សម្រេច​ ទើប​តែ​សម័យ​ហ៊ុន​សែន​នេះ​ទេ​ ដែល​យួន​បាន​សម្រេច​ផែន​ការ​របស់​វា​ស្ទើរ​ទាំង​ស្រុង​ យួន​មិន​ត្រឹម​តែ​ចំណេញ​ទឹក​ដី​ពី​ខ្មែរ​ទេ​ គឺ​យួន​កំពុង​ត្រួត​ត្រា​ខ្មែរ​គ្រប់​វិស័យ​ទាំង​អស់​ ក្នុង​នោះ​វិស័យ​សំខាន់​ៗ​ដែល​យួន​ក្តាប់​ណែន​ដៃ​ជាង​គេ​ គឺ​វិស័យ​សេដ្ឋ​កិច្ច​ នយោ​បាយ​ វប្បធម៍​ យោធា​ អប់រំ​ សុខា​ភិបាល​ និង​វិស័យ​កសិកម្ម​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​ 

រូប​ថត​មួយ​សន្លឹក​​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន​ ម៉ាណែត​ ដែល​​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដោយ​ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូបលោក​ បាន​ពាក់​មួយ​ទាហាន​វៀត​ណាម​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រាជ​ធានី​ភ្នំពេញ​, ថ្ងៃ​អង្គារ​ ទី​២១​ កញ្ញា​ ២០២១​ ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ជាមួយ​វរសេនីយ៍​ឯក​ Nguyen Thanh Chinh អនុ​ព័ន្ធ​យោធា​វៀតណាម​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​សារ​ព័ត៌​មាន​កម្ពុជា​ថ្មី​ ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​កិច្ច​ប្រជុំ​ពិភាក្សា​រវាង​លោក​ ហ៊ុន​ ម៉ាណែត​ អគ្គ​មេ​បញ្ជា​ការ​រង​នៃក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​លោក​វរសេនីយ៍​ឯក​ពិសេស​ ង្វៀន​ ថាញ់​ជីញ​ អនុ​ព័ន្ធ​យោធា​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​ផង​​ដែរ​​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ថ្មី​ៗ​នេះ​។​ រូប​ថត​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ពាក់​មួក​ទាហាន​វៀត​ណាម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ទេ។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌​មាន ​ដោយ​បាន​សរសេរ​រៀប​រាប់​ថា​ «កង​ទ័ព​កម្ពុជា​ និង​វៀតណាម​ បន្ត​ពង្រឹង​កិច្ច​សហការ​ និង​ជួយ​គ្នា​ប្រយុទ្ធ​ជំងឺ​កូវីដ​-១៩​»។​

Kampuchea Thmey News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​​លោក​វរសេនីយ៍​ឯក​ ង្វៀន​ ថាញ់​ជីញ​ (Nguyen Thanh Chinh) អនុ​ព័ន្ធ​យោធា​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជាកាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នោះ​ទេ​។​

Avatar

Title:រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *