បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ាឡេស៊ី ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​បណ្ដេញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ​ចេញ​ពី​ប្រទេស​គេ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​បណ្ដា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បណ្ដេញ​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

ការ​អះ​អាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Fresh News ដែល​រាយការណ៍​ថា មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​​បណ្ដេញ​ចេញ​ពី​ប្រទេស​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​មក​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News ដែល​ដាក់​ចំណង​ជើង​ថា «នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បណ្ដេញ​ទណ្ឌិត សម រង្ស៊ី និង​បក្ខ​ពួក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី» ដែល​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

Facebook Post | Archived Link

ក្រៅ​ពី Fresh News សារព័ត៌មាន​ខ្មែរ​ថាមស៍ ក៏​បាន​ចុះ​ផ្សាយ​អំពី​រឿង​នេះ​ផង​ដែរ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ជា​ភាសា​អង់គ្លេស​របស់​គេ​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ ដោយ​ផ្អែក​តាម​ការ​អះអាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដូច​គ្នា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Khmer Times ដែល​បាន​ចែក​រំលែក​សេចក្ដី​រាយការណ៍​ជា​ភាសា​អង់គ្លេស​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​មក​នេះ។

Facebook Post | Archived Link

ក្រៅ​ពី​សារព័ត៌មាន​ទាំង​ពីរ​នេះ សារព័ត៌មាន​ដទៃ​ទៀត​ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ក្រុម​របស់​លោក ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​សារព័ត៌មាន​ទាំង​នោះ​សុទ្ធ​តែ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Khmer Times និង Fresh News។

សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ (archived)។

បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​បែប​នេះ ការ​អះ​អាង​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​បង្ហាញ​រូបថត​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក ដែល​ត្រូវ​បាន​គេ​អះអាង​ថា ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី។

Facebook Post | Archived Link

សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​អះអាង​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាននៅ​​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​នានា និង​ស្វែង​រក​ប្រភព​ព័ត៌មាន​ពី​ខាង​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​ចេញ​ពី​ប្រភព​រដ្ឋាភិបាល​ម៉ាឡេស៊ី យើង​បាន​រក​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការបរាទេស​ម៉ាឡេស៊ី​ទាក់​ទង​នឹង​ដំណើរ​របស់​លោក សម រង្ស៊ី ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ហើយ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត ប៉ា ច័ន្ទរឿន កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​បណ្ឌិត ប៉ា ច័ន្ទរឿន ដែល​បាន​បង្ហោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ម៉ាឡេស៊ី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣។

Facebook Post | Archived Link

ឆ្លើយ​តប​នឹង​ Fact Crescendo Cambodia, លោក​បណ្ឌិត ប៉ា ច័ន្ទរឿន បាន​ឱ្យ​ដឹង​ថា លោក​ទទួល​បាន​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នេះ​ពី​វេបសាយ​របស់​ក្រសួង​ការបរទេស​ម៉ាឡេស៊ី។

នៅ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​ម៉ាឡេស៊ី យើង​ក៏​បាន​រក​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ក្រសួង​ការបរទេស​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ហើយ​លោក​មិន​មាន​កម្មវិធី​សាធារណៈ​ណា​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​ឡើយ។

សម្រាប់​​ខ្លឹមសារ​ទាំង​ស្រុង​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ម៉ាឡេស៊ី សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

Ministry of Foreign Affairs, Malaysia | Archived Link

ក្រសួង​ការបរទេស​ម៉ាឡេស៊ី ក៏​បាន​បង្ហោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នេះ​នៅ​លើ​គណនី Twitter របស់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​មក​នេះ។

Wisma Putra’s Twitter | Archived Link

តើ​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​បណ្ដេញ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​មែន​ឬទេ?

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន គ្មាន​ពាក្យ​«បណ្ដេញ​ចេញ»​ត្រូវ​បាន​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​បញ្ជាក់​នោះ​ឡើយ ហើយ​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​បញ្ជាក់​ថា លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ និង​ពុំ​មាន​កម្មវិធី​សាធារណៈ​នោះ​ឡើយ។

នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក លោក សម រង្ស៊ី និង​ក្រុម​របស់​លោក បាន​បង្ហាញ​វត្តមាន​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អូស្ត្រាលី ចន្លោះ​ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ដែល​រៀបរាប់​ថា លោក​បាន​ទៅដល់​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដោយ​លោក​បាន​ជួប​​ជាមួយ​មន្ត្រី​មួយ​ចំនួន​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

Facebook Post | Archived Link

បន្ទាប់​មក​ លោក សម រង្ស៊ី ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ហើយ​បាន​ចាក​ចេញ​ពី​ប្រទេស​អូស្ត្រាលី​វិញ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក សម រង្ស៊ី ដែល​រៀបរាប់​ថា លោក​ចាក​ចេញ​ពី​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា និង​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

ជាង​នេះ​ទៅ​ទៀត លោក សម​ រង្ស៊ី បាន​បង្ហាញ​សំបុត្រ​យន្ត​ហោះ​មួយ​ដែល​បង្ហាញ​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ហើយ​នឹង​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង​គួឡាឡុំពួរ​ទៅ​កាន់​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ២០២៣។

ខាង​ក្រោម​នេះ គឺ​ជា​សំបុត្រ​យន្តហោះ​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣។

Facebook Post | Archived Link

ជាង​នេះ​ទៀត លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​រូបថត​លោក និង​ភរិយា​របស់​លោក បាន​ធ្វើ​ដំណើរ​ទស្សនា​រដ្ធ​ធានី​គួឡាឡុំពួរ​របស់​ម៉ាឡេស៊ី និង​ការ​ជួប​ប្រជុំ​ជាមួយ​សមាជិក​សភា​ម៉ាឡេស៊ី​មក​ពី​គណបក្ស​កាន់​អំណាច លោក Wong Chen ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​ម៉ាឡេស៊ី។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក សម រង្ស៊ី ដែល​សរសេរ​រៀបរាប់​ថា លោក​បាន​ដើរ​លេង​កម្សាន្ត​នៅ​ម៉ាឡេស៊ី និង​ជួប​ជាមួយ​សមាជិក​សភា​ម៉ាឡេស៊ី​ផង​ដែរ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣។

Facebook Post | Archived Link

ទាក់ទង​នឹង​ការ​អះ​អាង​ថា លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​បណ្ដេញ​ចេញ​នោះ សមាជិក​សភា​លោក Wong Chen ក៏​បាន​បក​ស្រាយ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា។

សមាជិក​សភា​ម៉ាឡេស៊ី​រូប​នេះ បាន​រៀបរាប់​ថា លោក និង​លោក សម រង្ស៊ី គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​ជិត ៦​ឆ្នាំ​ហើយ ហើយ​លោក​បន្ត​ថា មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​ស្ថិត​នៅ​ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​បារាំង និង​ឈប់​សម្រាក​នៅ​ម៉ាឡេស៊ី ១​ថ្ងៃ។

លោក Wong Chen រៀបរាប់​បន្ត​ថា លោក​បាន​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​ឧសភា នៅ​ពេល​លោក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពាណិជ្ជកម្ម​មួយ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​ឧសភា លោក Wong Chen បាន​ស្វាគមន៍​លោក សម រង្ស៊ី និង​រៀបចំ​ការ​ជួប​ប្រជុំ​មួយ​​នៅ​ក្នុង​សភា​ម៉ាឡេស៊ី​ជាមួយ​សមាជិក​សភា ៣​រូប ដែល​ចាប់​អារម្មណ៍​លើ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ សិទ្ធិ​មនុស្ស និង​កិច្ចការ​អាស៊ាន។

បើ​តាម​ការ​រៀបរាប់​របស់លោក Wong Chen លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ម៉ោង ១០:១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ហោះ​ហើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង​វិញ បន្ទាប់​ពី​បាន​ឈប់​សម្រាក ២​យប់​នៅ​ម៉ាឡេស៊ី។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក Wong Chen កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣ ពាក់​ព័ន្ធ​នឹង​ដំណើរ​របស់​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ថា លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​បណ្ដេញ​ចេញ​ពី​ប្រទេស​គេ​នោះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ភស្តុតាង​ដែល​យើង​រក​ឃើញ បង្ហាញ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ទៅ​តាម​ផែនការ​ធ្វើ​ដំណើរ​របស់​លោក បន្ទាប់​ពី​ស្នាក់​នៅ​រយៈ​ពេល ២​យប់​នៅ​រដ្ឋ​ធានី​គួឡាឡុំពួរ។

Avatar

Title:តើ​មេ​បក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​ម៉ាឡេស៊ី​បណ្ដេញ​ចេញ​ពី​ប្រទេស​គេ​ដូច​ការ​អះ​អាង​មែន​ឬទេ?

Written By: Jay Udom

Result: False