រូបភាពបង្គន់ចល័តប្រើដោយដ្រូនគ្រាន់តែជារូបភាពបង្កើតឡើងដោយ AI តែប៉ុណ្ណោះ
ខណៈដែលរូបថតប្លែកៗជាច្រើនអំពីប្រទេសចិន ត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គមនោះ រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញបង្គន់ចល័តប្រើដោយប្រព័ន្ធដ្រូនមួយគ្រឿង ត្រូវបានបង្ហោះដោយលើបណ្ដាញសង្គមជាការអះអាងថា ប្រទេសចិនបានបង្កើតប្រភេទបង្គន់ចល័តមួយនេះដោយជោគជ័យ។ ការអះអាងខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់ចែកចាយ និងប្រតិកម្មចម្រុះជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា សំណេរខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា SciTej - វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានបង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញបង្គន់ចល័តមួយគ្រឿង ដោយភ្ជាប់ជាមួយស្លាបកង្ហារដ្រូន និងបានអះអាងថា ប្រភេទបង្គន់ចល័តនេះ ត្រូវបានបង្កើតឡើងដោយជោគជ័យដោយប្រទេសចិន។
ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនរយដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «ចិនបានបង្កើតបង្គន់ចល័តបំពាក់ដ្រូន ដោយជោគជ័យ»។
រូបថតជាមួយសំណេរដូចគ្នាបែបនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ សូមមើលរូបថត និងខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived link), និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតមួយសន្លឹកដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ ការបង្ហោះរូបថតនៃការរចនាម៉ូតបង្គន់ចល័តជាច្រើននេះ ត្រូវបានទំព័រហ្វេសប៊ុកខាងលើបញ្ជាក់ថា គឺត្រូវបានរចនា និងបំផុសគំនិតនៃបង្គន់ចល័តទាំងនេះក្រោមឈ្មោះ «Shattle»។
ទំព័រហ្វេសប៊ុកដដែលនេះ ពុំបានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនថា រូបភាពបង្គន់ចល័តទាំងនេះ ត្រូវបានបង្កើតឡើងដោយជោគជ័យពីសំណាក់ប្រទេសចិននោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក បានសរសេរបញ្ជាក់ផងដែរថា រូបភាពបង្គន់ចល័តទាំងនេះ ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតតាមរយៈកម្មវិធីបង្កើតរូបភាព AI ដែលមានឈ្មោះថា «Midjourney» តែប៉ុណ្ណោះ។
ករណីអះអាងខាងលើនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យការពិតផងដែរដោយក្រុមការងារ Fact Crescendo នៅក្នុងប្រទេសស្រីលង្កាកាលពីពេលថ្មីៗកន្លងទៅ ដោយបានរកឃើញថា រូបភាពទាំងនេះ គ្រាន់តែជារូបភាពដែលបានធ្វើឡើងតាមរយៈកម្មវិធីបំប្លែងរូបភាព AI តែប៉ុណ្ណោះ។ សូមមើលខ្លឹមសារលម្អិតនៅទីនេះ។
រូបភាពដែលបង្កើតឡើងដោយកម្មវិធីបំប្លែងរូបភាព AI កំពុងនឹងត្រូវបានចែករំលែកយ៉ាងផុសផុល ហើយមានករណីជាច្រើនដែលការបង្កើតនេះ បានបំភាន់ និងនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមគិតថា គឺជាការពិត។
សូមអានព័ត៌មានលម្អិតដែលធ្លាប់ត្រួតពិនិត្យដោយក្រុមការងារ Fact Crescendo Cambodia កាលពីខែឧសភាកន្លងទៅ តាមរយៈតំណភ្ជាប់ ដែលមាននៅទីនេះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតខាងលើនេះ មិនមែនជាបង្គន់ចល័តបញ្ជាដោយប្រព័ន្ធដ្រូនដែលបានផលិតដោយប្រទេសចិននោះទេ។ រូបភាពបង្គន់ចល័តទាំងនេះ ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI តែប៉ុណ្ណោះ។
Title:រូបភាពបង្គន់ចល័តប្រើដោយដ្រូនគ្រាន់តែជារូបភាពបង្កើតឡើងដោយ AI តែប៉ុណ្ណោះ
Written By: Kakada SimResult: False