Fact-Check: រូបថត​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី មិនដូច​នឹង​ការ​អះ​អាង​ឡើយ

False International

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​សាក​សព​មនុស្ស​ជាច្រើន ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​អះ​អាង​ថា មនុស្ស​ទាំង​នោះ ត្រូវ​បាន​ពួក​យោធា​ភូមា​សម្លាប់។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១​កន្លង​មក​នេះ ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក ហើយ​អះ​អាង​ថា កម្លាំង​សន្តិសុខ​ភូមា​បាន​បាញ់​សម្លាប់​ក្រុម​បាតុករ​ជាច្រើន​នាក់​ដែល​សម្ដែង​ការ​តវ៉ា​ជំទាស់​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​រៀប​រាប់​ថា «ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១! ពួក​ភេរវកម្ម​ប៉ូលិីស/​យោធា​ភូមា​បាន​បាញ់​សម្លាប់​ក្រុម​បាតុករ​នៅ​សង្កាត់ Hlaing Thayar district ក្នុង​ទីក្រុង​ Yangon នៅ​ (Mar 14 2021)តែ​១​កន្លែង និង​តែ​១​ថ្ងៃ​គត់​ស្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​ភូមា​រហូត​ជិត​៥០​នាក់… (ទង្វើ​នេះ​ជា​ឃាតកម្ម​មនុស្ស​ជាតិ)»។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១​កន្លង​មក​នេះ ជាមួយ​ការ​អះ​អាង​ថា ទាហាន​ភូមា​បាន​សម្លាប់​មនុស្ស​ជាង ៧០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​​សង្កាត់ Hlaing Thar Yar ​នៅ​ឯ​អតីត​រដ្ឋ​ធានី​រ៉ង់ហ្គូន។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​លើ​គណនី​ Twitter នោះ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «Myanmar army killed more than 70 people in one day at Hlaing Thar Yar township in former Capital Yangon. Salute to those who sacrificed their life to restore the democracy. #WhatsHappeningInMyanmar #MyanmarMilitaryCoup #MilitaryCoupInMyanmar #PoliceBrutality»។

សំណេរ​នេះ​អាច​ប្រែ​សម្រួល​ភាសា​ខ្មែរ​ថា «​ទាហាន​ភូមា​សម្លាប់​មនុស្ស​ជាង ៧០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ឯសង្កាត់ Hlaing Thar Yar ​នៅ​ក្នុង​អតីត​រដ្ឋ​ធានី​រ៉ង់ហ្គូន។ សូម​គោរព​ដល់​អ្នក​ទាំង​ឡាយ​ដែល​បាន​បូជា​ជីវិត​របស់​ពួកគេ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ»។

Twitter Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែលនាំ​ឱ្យ​យើង​បាន​ប្រទះ​នឹង​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​មួយ​សន្លឹក​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គណនី​ Twitter មួយ​ ដែល​បាន​បង្ហោះ​រូបថត​នេះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១ តែ​ជាង ១​ខែ​កន្លះ​ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​បាន​កើត​ឡើង​នៅ​ភូមា។

ការ​ពិនិត្យ​មើល​ទៅ​លើ​ការ​បញ្ចេញ​មតិ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter បាន​នាំ​ឱ្យ​រក​ឃើញ​ថា រូបថត​នេះ បង្ហាញ​ពី​សព​ពលរដ្ឋ​ភូមា​ដែល​បាន​ស្លាប់​នៅ​ឯ​អណ្ដូង​រ៉ែ​មួយ​នៅ Hpankant ​ដោយសារ​ការ​អិល​បាក់​ដីកាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០ ពោល​ជាងកន្លះ​ឆ្នាំ​មុន​រដ្ឋ​ប្រហារ​យោធា​ភូមា​បាន​កើត​ឡើង។

នៅ​ពេល​យើង​ស្វែង​រក​នៅ​លើ​ប្រព័ន្ធ​រុក​រក​របស់ Google តាម​រយៈ​ការ​វាយ​ពាក្យ​ការ​រអិល​បាក់​ដី​នៅ​ផាកាន (Hpakant landslide 2020) វា​បាន​នាំ​យើង​ទៅ​ដល់​​រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ​ដែល​ចុះ​ផ្សាយ​ដោយ​​គេហទំព័រ​ព័ត៌មាន​ភូមា Myanmar Update News កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២០​កន្លង​មក។

រូបថត​ដើម បង្ហាញ​​ព័ត៌មាន​ថា ប្រជាជន​ភូមា​ជាច្រើន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​រអិល​បាក់​ដី​នៅ​ឯ​តំបន់​រុក​រក​រ៉ែ​ត្បូង Hpakant ស្ថិត​នៅ​ក្នុង​កាឈិន ភាគ​ខាង​ជើង​នៃ​ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២០។

Myanmar Update News | Archived Link

ការ​​ផ្សាយ​របស់​ទូរទស្សន៍ Aljazeera របស់​ប្រទេស​កាតា បាន​ឱ្យ​ដឹង​ថា មនុស្ស​ ១៦២​​នាក់ បាន​ស្លាប់ ហើយ​មនុស្ស​ចំនួន ៥៤​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​មួយ​នៅ​ឯ​ទីតាំង​រុក​រក​រ៉ែ​ត្បូង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ភូមា។

Al Jazeera’s report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​សាក​សព​ក្រុម​ពលរដ្ឋ​ភូមា​ដែល​ត្រូវ​បាន​ទាហាន​ភូមា​សម្លាប់​នោះ​ឡើយ។ សព​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ក្រុម​ជន​ជាតិ​ភូមា​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​រអិល​បាក់​ដី​នៅ​ឯ​ទីតាំង​រុក​រក​​រ៉ែ​ត្បូង​មួយ​កន្លែង ស្ថិត​ក្នុង​រដ្ឋ​កាឈិន ភាគ​ខាង​ជើង​នៃ​ប្រទេស​ភូមា។

Avatar

Title:រូបថត​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី មិនដូច​នឹង​ការ​អះ​អាង​ឡើយ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.