
រូបថតចំនួន ៨សន្លឹក ដែលបានបង្ហាញទិដ្ឋភាពសមុទ្រពពកដ៏ស្រស់ស្អាតមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកម្ពុជានាពេលថ្មីៗនេះជាមួយសំណេររៀបរាប់ថា វាជាទិដ្ឋភាពនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា សំណេរខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Feeling great» បានបង្ហោះរូបថតចំនួន ៨សន្លឹក បង្ហាញទិដ្ឋភាពសមុទ្រពពក មួយកន្លែង។ រូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់ភ្ជាប់ជាមួយនឹងការអះអាងថា ទិដ្ឋភាពនេះ គឺមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «សមុទ្រពពក នៅខេត្តកំពង់ស្ពឺយើងហ្នឹង🥶»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង គឺត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះដោយអ្នកប្រើប្រាស់ជនជាតិថៃម្នាក់កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ។ ការបង្ហោះរូបថតសមុទ្រពពកដ៏ស្រស់ស្អាតមួយនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បញ្ជាក់ថា គឺជាតំបន់ភូថាប់បឺក (Phu Thap Boek) ដែលមានទីតាំងស្ថិតនៅក្នុង ខេត្តភេចប៊ុន (Phetchabun) ប្រទេសថៃ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានសរសេរបញ្ជាក់ជាភាសាថៃ ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate មានន័យថា «សមុទ្រពពក ភូថាប់បឺក សីតុណ្ហភាព៖ ២០អង្សា ពេលវេលា៖ ៧.០០ព្រឹក ទីកន្លែង៖ ប៉មសីតុណ្ហភាព កំពូលភ្នំភូថាប់បឺក»។

តើសមុទ្រពពកភូថាប់បឺក (Phu Thap Boek) មួយនេះមានទីតាំងស្ថិតនៅឯណា?
ភូថាប់បឺក (Phu Thap Boek) គឺជាភ្នំមួយស្ថិតក្នុងស្រុកលំកែវ ខេត្តភេចប៊ុន ប្រទេសថៃ។ លក្ខណ:ពិសេសរបស់ភូថាប់បឺក គឺសមុទ្រពពក, ចំការស្ពៃក្តោប, ចំការស្តូបឺរី, ទឹកធ្លាក់ និងកន្លែងកម្សាន្តជាច្រើនទៀត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់មកទស្សនាតំបន់ភ្នំមួយនេះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតខាងលើនេះ មិនមែនជាទិដ្ឋភាពសមុទ្រពពក នៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជានោះឡើយ។ ការពិតរូបថតនេះ គឺជាទិដ្ឋភាពសមុទ្រពពក ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភូថាប់បឺក (Phu Thap Boek) ខេត្តភេចប៊ុន (Phetchabun) ប្រទេសថៃ។

Title:ទិដ្ឋភាពសមុទ្រពពកនៅថៃត្រូវបានភ្ជាប់មិនត្រឹមត្រូវថានៅកម្ពុជា
Fact Check By: Kakada SimResult: Misleading