
ខណៈដែលរឿងរ៉ាវថាសហោះ UFO នៅតែស្ថិតក្នុងទីអាថ៌កំបាំងនោះ ព័ត៌មានមួយបានផ្សាយថា រុស្ស៊ីបានរកឃើញយាន UFO មួយគ្រឿងនៅតំបន់ប៉ូលខាងត្បូង ហើយរក្សាទុករឿងនេះយ៉ាងសម្ងាត់សម្រាប់ការស្រាវជ្រាវតែឯង។ ព័ត៌មាននេះ ត្រូវបានចែករំលែកលើបណ្ដាញសង្គម ហើយក៏ទទួលបានការចែករំលែកបន្តជាច្រើនដងផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះមិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានមួយដែលចុះផ្សាយថា រុស្ស៊ីបានរកឃើញជាយូរមកហើយនូវយាន UFO ឬហៅថា យានហោះហើរដែលគេមិនស្គាល់អត្តសញ្ញាណ នៅតំបន់ទឹកកកអង់តាទិកស្ថិតនៅប៉ូលខាងត្បូងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពី ៣សប្ដាហ៍មុន។
ព័ត៌មាននោះ បានបង្ហោះមកជាមួយនូវរូបថតមួយចំនួនដែលបង្ហាញឱ្យឃើញវត្ថុអ្វីមួយមានរូបរាងដូចជាយានកប់នៅជាមួយទឹកក ស្ថិតនៅតំបន់ភ្នំដែលគ្របដណ្ដប់ទៅដោយទឹកកកពណ៌ស។
ព័ត៌មាននេះ ទទួលបានការចែករំលែកជាច្រើនដង និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «UFO កប់ក្រោមទឹកកក រុស្ស៊ីរកឃើញយូរហើយ តែពួកគេលាក់ទុកស្រាវជ្រាវតែឯង»។

ព័ត៌មានមួយនេះ ត្រូវបានគេចែករំលែកបន្តពីគេហទំព័រឈ្មោះថា KH BILLIONAIRE ដែលផ្សាយព័ត៌មានមួយនេះកាលពីដើមខែមករាកន្លងមកនេះជាមួយរូបថតមួយសន្លឹកដែលមានវត្ថុមួយមានរូបរាងដូចត្រីបាឡែនកប់នៅនឹងទឹកក។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មាន និងរូបថតនៅក្នុងព័ត៌មាននេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលត្រូវបានផ្សាយជាមួយព័ត៌មាននេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Getty Images ដែលបង្ហាញឱ្យទឹកកកនៅតំបន់អង់តាក់ទិចគ្របដណ្ដប់លើភ្នំនៅតំបន់ប៉ូលខាងត្បូង ដោយមិនឃើញមានវត្ថុចម្លែកមានរូបរាងដូចត្រីបាឡែននោះឡើយ។

រូបភាពខាងក្រោមនេះ ផ្ដល់នូវការប្រៀបធៀបមួយរវាងរូបថតច្បាប់ដើមដែលយើងរកឃើញនៅក្នុងគេហទំព័រ Getty Images និងរូបភាពដែលត្រូវបានកាត់តផ្សាយដោយគេហទំព័រ KH BILLIONAIRE។

ក្រៅពីផ្ទៀងផ្ទាត់ទៅលើរូបថតខាងលើនេះ Fact Crescendo Cambodia ក៏បានត្រួតពិនិត្យមើលពសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិនានា ហើយយើងរកឃើញថា គ្មានសារព័ត៌មានណាមួយនិយាយអំពីការរកឃើញយាន UFO នៅឯតំបន់ប៉ូលខាងត្បូងពីសំណាក់ប្រទេសរុស្ស៊ីនោះឡើយ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា សេចក្ដីរាយការណ៍ដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺជាព័ត៌មានក្លែងក្លាយ។ គ្មានសេចក្ដីរាយការណ៍ពីស្ថាប័នសារព័ត៌មានអន្តរជាតិណាមួយ និយាយពីការរកឃើញយាន UFO នៅតំបន់ប៉ូលខាងត្បូងនោះឡើយ ហើយរូបថតដែលផ្សាយជាមួយព័ត៌មានខាងលើនេះ គ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។

Title:គេហទំព័រមួយព្យាយាមផ្សាយព័ត៌មានមិនពិតថា រុស្ស៊ីរកឃើញ UFO នៅតំបន់ប៉ូលខាងត្បូង
Fact Check By: Jay UdomResult: False
