សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​​ខ្មាន់​កាំភ្លើង​ថៃ​បាញ់​សម្លាប់​អតីត​តំណាង​រាស្ត្រ​បក្ស​ជំទាស់​​កម្ពុជា​

Misleading Political

លោក លឹម គឹមយ៉ាង អតីត​អ្នក​តំណាង​រាស្ត្រ​បក្ស​ជំទាស់​របស់​កម្ពុជា ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។ បន្ទាប់មក ការ​អះអាង​នានា​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​បាន​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ បាន​ផ្សព្វផ្សាយ​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​​លោក លឹម គឹមយ៉ា អតីត​តំណាង​រាស្ត្រ​បក្ស​ជំទាស់​របស់​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​បាន​ហើយ ហើយ​ថា ខ្មាន់​កាំភ្លើង​នោះ​ជា​ជន​ជាតិ​ខ្មែរ​ទៀត​ផង។

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​យ៉ាង​ច្រើន ដោយ​ជឿ​ថា ព័ត៌មាន​នេះ គឺ​ជា​ការពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់ថា “អាជ្ញាធរ​ថៃ​ចាប់​បាន​ជន​ដៃ​ដល់​បាញ់​សម្លាប់​លោក លឹម គឹមយ៉ា អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ។ ព័ត៌មាន​បឋម​ត្រូវ​បាន​គេ​អះអាង​ថា ជន​ដៃ​គឺ​ជា​ជន​ជាតិ​ខ្មែរ […]”។

Facebook Post | Archived Link

ចំណែក​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ទៀត ក៏​បាន​បង្ហោះ​ព័ត៌មាននៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​ថៃ​បាន​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​ភ្លាមៗ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​រូប​នោះ បាន​បាញ់​ប្រហារ​សម្លាប់​អតីត​សមាជិក​សភា​គណបក្ស​ប្រឆាំង​របស់​កម្ពុជា​នៅ​កណ្ដាល​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ជាពិសេស​វា​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​សមាជិក​រាប់​ម៉ឺន។

ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​​ការ​អះអាង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥ ដែល​រៀបរាប់​ថា “ប្រទេស​ថៃ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ភ្លាមៗ​ក្រោយ​ពី​មាន​ការ​ឃុបឃិត និង​បាញ់​ប្រហារ​ជីវិត​លោក លឹម គឹមយ៉ា នៅ​ទីក្រុង​បាងកកកាល​ពី​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០២៥​មុន​នេះ។  សូម​រំលឹក​ថា លោក លឹម គឹមយ៉ា ជា​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ប្រចាំ​ខេត្ត​កំពង់ធំ”។

Facebook Post | Archived Link

លោក លឹម គឹមយ៉ា អាយុ ៧៣​ឆ្នាំ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ចំនួន ៣​គ្រាប់​បណ្ដាល​ឱ្យ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៥ នៅ​ឯ​ដង​ផ្លូវ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រះណៈខន នៃ​ទីក្រុង​បាងកក បន្ទាប់​ពី​លោក​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប​ជាមួយ​ភរិយា​របស់​លោក​ជា​ជន​ជាតិ​បារាំង​ និង​សាច់​ញាតិ​ម្នាក់​ទៀត ទៅ​កាន់​ប្រទេស​ថៃ។

ការ​អះអាង​មួយ​ទៀតនៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​ប្រហារ​លោក លឹម គឹមយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​បាន​នៅ​ព្រំដែន​ខ្មែរ-ថៃ ដោយ​ជន​ដៃ​ដល់​រូប​នេះ​ព្យាយាម​ឆ្លង​ដែន​ចូល​ទៅ​ទឹក​ដី​កម្ពុជា។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​កាន់​តែ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាពិសេស​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាងដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥ រៀបរាប់​ថា “ព័ត៌មាន​បឋម អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជន​ដៃ​ដល់​បាន​នៅ​ព្រំដែន​ខ្មែរ-ថៃ ខណៈ​ជន​នេះ​កំពុង​ព្យាយាម​ឆ្លង​ដែន​ពី​ទឹក​ដី​ថៃ​ចូលទៅ​កម្ពុជា”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​សិប​ដង​ផង​ដែរ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ប្រទេស​ថៃ និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ធំៗ​នៅ​លើ​ពិភព​លោក ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

គិត​ត្រឹម​ម៉ោង ៧​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥​នេះដែល​មាន​រយៈ​ពេល ២៤​ម៉ោង​ក្រោយ​ការ​បាញ់​ប្រហារ​ហើយ​នោះ គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃ​ណា​មួយ​រាយការណ៍​ពី​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង ដែល​ត្រូវ​បានគេ​ស្គាល់​ឈ្មោះ​ថា ឯកល័ក្ខណ៍ ភែណយ (เอกลักษณ์ แพน้อย) ឬ​ហៅ​ក្រៅ​ថា ចាអ៊ែម (จ่าเอ็ม)​នោះ​ឡើយ។

ប្រព័ន្ធផ្សព្វផ្សាយ​នានា​របស់​ថៃ បាន​ផ្សាយ​ថា ប៉ូលិស​ថៃ​បាន​ចេញ​បញ្ជា​តាម​ស្វែង​រក​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​រូប​នេះ ដែល​បាន​កំពុង​រត់​គេច​ខ្លួន បន្ទាប់​ពី​បាញ់​ប្រហារ​សម្លាប់​លោក លឹម គឹមយ៉ា កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ថ្មីៗ​បំផុត​របស់​សារព័ត៌មាន​ថៃ បាងកក ប៉ុស្តិ៍ នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥ ដែល​គ្មាន​សេចក្ដី​រាយការណ៍​និយាយ​ពី​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នោះ​ឡើយ។

Bangkok Post | Archived Link

នៅ​ក្នុង​គេហទំព័រ​​សារព័ត៌មាន​ថៃ​មួយ​ទៀត​ឈ្មោះ​ថា The Nation ក៏​មាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​ព័ត៌មាន​និយាយ​ពី​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នោះ​ឡើយ។ ប៉ុន្តែ សារព័ត៌មាន​បាន​ផ្សាយ​ព័ត៌មាន​ថា នាយករដ្ឋ​មន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​ទាមទារ​ឱ្យ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ឱ្យ​បាន​លឿន​បំផុត និង​ព័ត៌មាន​មួយ​ទៀត​ដែល​និយាយ​ថា អាជ្ញាធរ​ថៃ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ថៃ The Nation នៅ​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥។

The Nation Front Page | Archived Link

 ដោយ​ស្វែង​រក​ព័ត៌មាន​តាម​រយៈ​ពាក្យ​គន្លឹះ​នៅ​លើ Google Search យើង​រក​ពុំ​ឃើញ​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក លឹម គឹមយ៉ា នោះ​ឡើយ ប៉ុន្តែ ក៏​បាន​ឃើញ​ការ​ផ្សាយ​ព័ត៌មាន​ថា សមត្ថកិច្ច​ថៃ​កំពុង​តាម​រក​ចាប់​ខ្លួន​ជន​ដៃ​ដល់​រូប​នេះ។

Archived Link

ទោះជាយ៉ាងណា សារព័ត៌មាន​ថៃ​រ៉ាត់ (Thairath) ទើប​តែ​ចុះ​ផ្សាយ​ព័ត៌មាន​និយាយ​ពី​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​បាន​នៅ​ម៉ោង ១៩៖៤១​នាទី​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥។

Thairath Report | Archived Link

បើ​មើល​ទៅ​លើ​ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ យើង​ឃើញ​ថា ការ​អះអាង​ទាំង​នោះ សុទ្ធ​តែ​បង្ហាញ​រូបថត​របស់​ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ដាក់​ឱ្យ​ឈរ​វាស់​កម្ពស់ ដែល​ជា​នីតិវិធី​មួយ​របស់​សមត្ថកិច្ច​នៅ​ពេល​ចាប់​ខ្លួន​ជន​សង្ស័យ។

ទោះជាយ៉ាងណា សារព័ត៌មាន​ថៃ​សុទ្ធ​តែ​បាន​បញ្ជាក់​ថា រូបថត​នោះ គឺ​ជារូបថត​ចាស់​នៅ​ពេល​ដែល​ជន​ដៃ​ដល់​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​រួច​មក​ហើយ​សម្រាប់​ការ​ប្រព្រឹត្ត​ល្មើស​នា​ពេល​កន្លង​មក ដោយ​មិន​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រហារ​លើ​លោក លឹម គឹមយ៉ាង កាល​ពី​ថ្ងៃ​ម្សិល​មិញ​ឡើយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ក៏​បាន​ផ្សាយ​ផង​ដែរ​ថា ដោយ​ផ្អែក​តាម​វីដេអូ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ថា ខ្មាន់​កាំភ្លើង​បាន​ចាក​ចេញ​ភ្លាមៗ​ពី​កន្លែង​កើត​ហេតុ​ និង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ទៅ​បាត់​នៅ​មុន​ពេល​សមត្ចកិច្ច​ថៃ​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ។

នៅ​ឯ​កម្ពុជា​ឯណេះ​វិញ ដោយ​ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​នគរបាល​កម្ពុជា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បាន​ចុះ​ផ្សាយ​នៅ​ម៉ោង​ជិត៩​យប់​ថ្ងៃ​នេះ​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​លោក លឹម គឹមយ៉ា ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​បាន​នៅ​ម៉ោង ១ និង ៥០​នាទី​​រសៀល​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥ នៅ​ឯ​ស្រុក​មោងឫស្សី ក្នុង​ខេត្ត​បាត់ដំបង។

Fresh News | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ស្ដី​ពីការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ដែល​បាន​រត់​គេច​ខ្លួន​ចូល​មក​ទឹក​ដី​កម្ពុជា។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instgram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​សម្លាប់​អ្នក​នយោបាយ​កម្ពុជា បាន​រត់​គេច​ខ្លួន​ភ្លាមៗ និង​មិន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​បាន​ភ្លាមៗ​នោះ​ឡើយ។ ខ្មាន់​កាំភ្លើង​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង​នៅ​ម៉ោង ១ និង ៥០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៥។

Avatar

Title:សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​បាន​ខ្មាន់​កាំភ្លើង​ថៃ​បាញ់​សម្លាប់​អតីត​តំណាង​រាស្ត្រ​បក្ស​ជំទាស់​

Written By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *