
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតចូលមកដល់នៅដើមខែមិថុនាខាងមុខនេះ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែក្លាយជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម ការវិះគន់ និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោក ហ៊ុន សែន ជាមួយនឹងការសរសេរជាភាសាខ្មែរថាលោកជាមេបោកសង្គម ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានការសរសេរថា «មេបោកសង្គម» ចូលទៅក្នុងក្រុមហ្វេសប៊ុកដែលមានឈ្មោះថា «THIS IS CAMBODIA ធាតុពិតនៃកម្ពុជា»។
រូបថតខាងលើនេះអាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបញ្ចេញមតិ និងចែករំលែកបន្ដៗគ្នា។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបង្ហាញលោក ហ៊ុន សែន ជាមួយនឹងទង់ជាតិវៀតណាមនៅចំពីលើថ្ងាស។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថត ដែលត្រូវបានបង្ហោះខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នាមួយនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Rainsy Sam។ លោក សម រង្ស៊ី ត្រូវបានគេស្គាល់ជាទូទៅថាជាអតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានទទួលសម្លេងគាំទ្រ ៥៥អាសនៈនៅក្នុងចំណោមអាសនៈសរុបទាំង ១២៣នោះ បានកំពុងរស់នៅនិរទេសខ្លួនចាប់តាំងពីឆ្នាំ២០១៥មក។

រូបថតដូចគ្នាមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ផងដែរ ដោយពុំបានបង្ហាញរូបថតខាងលើនេះ ជាទិដ្ឋភាពរូបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នោះឡើយ។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលរៀបរាប់ខាងលើត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ច្បាប់ដើមនៃរូបថតបង្ហោះខាងលើ មិនមែនជាទិដ្ឋភាពរូបលោក ហ៊ុន សែន នោះឡើយ។ ការពិតរូបថតនេះ គឺជាទិដ្ឋភាពលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

Title:រូបថតរបស់លោក សម រង្ស៊ី ត្រូវបានកាត់តដោយដាក់មុខលោក ហ៊ុន សែន
Fact Check By: Kakada SimResult: Altered