ខណៈ​ដែល​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខិត​ជិត​ចូល​មក​ដល់ រូបភាព​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​​ដែល​និយាយ​ថា លោក សម រង្ស៊ី អំពាវ​នាវ​ដល់​អង្គ​បោះ​ឆ្នោត​ឱ្យ​បោះ​ឆ្នោត​ជូន​បក្ស​កាន់​អំណាច​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា។ ទោះជាយ៉ាងណា ក្រោយ​ពី​ផ្ទៀង​ផ្ទាត់​ទៅ​នឹង​អត្ថបទ​ដើម យើង​រក​ឃើញ​ថា ចំណង​ជើង​អត្ថបទ​ដូច​ដែល​រៀបរាប់​នេះ ត្រូវ​បាន​គេ​កាត់​ត។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបភាព​នៃ​អត្ថបទ​ព័ត៌មានរបស់​សារព័ត៌មាន​ខេមបូឌា ដេលី ដែល​និយាយ​ថា មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​អំពាវ​នាវ​ទៅ​អង្គ​បោះ​ឆ្នោតព្រឹទ្ធ​សភា​ ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​សប្ដាហ៍​នេះ។

រូបភាព​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​ជា​សមាជិក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ការ​បង្ហោះ​រូបភាព​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា “លោក សម រង្ស៊ី អំពាវ​នាវ​ឱ្យ​អង្គ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា”។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ​ ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​នាក់​ជា​សមាជិក​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ខាង​លើ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ចូល​ទៅ​ក្នុងក្រុម​បណ្ដាញ​សង្គម​មួយ​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ខាង​លើ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ចូល​ទៅ​ក្នុងក្រុម​បណ្ដាញ​សង្គម​មួយ​ទៀត​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​ការ​ពិនិត្យ​មើល​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខេមបូឌា ដេលី និង​វីដេអូ​សេចក្ដី​ថ្លែងការណ៍​របស់​មេ​បក្ស​ប្រឆាំង ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ដោយ​បាន​ចូល​ទៅ​ពិនិត្យ​មើល​ការ​ផ្សាយ​របស់​សារព័ត៌មាន​ខេមបូឌា ដេលី ជា​ភាសា​ខ្មែរ​នោះ យើង​បាន​រក​ឃើញ​​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

អត្ថបទ​ព័ត៌មាន​របស់​ខេមបូឌា ដេលី មិន​បាន​ចុះ​ផ្សាយ​ថា មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​អំពាវ​នាវ​អង្គ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​ព័ត៌មាន​របស់​ខេមបូឌា ដេលី មាន​​ចំណង​ជើង​ថា “លោក សម រង្ស៊ី អំពាវ​នាវ​ឱ្យ​អង្គ​បោះ​ឆ្នោត​ព្រឹទ្ធសភា​បោះ​ឆ្នោត​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣” ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

The Cambodia Daily’s Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា “លោក សម រង្ស៊ី អំពាវ​នាវ​ឱ្យ​អង្គ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​បោះ​ឆ្នោត​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣” ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​របស់​សារព័ត៌មាន​ខេមបូឌា ដេលី កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

The Cambodia Daily’s Article | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ប្រៀប​ធៀប​គ្នា​រវាង​ចំណង​ជើង​អត្ថបទ​​ដែល​ត្រូវ​បាន​កាត់​ត និង​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​ដើម​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ខេមបូឌា ដេលី។

ឆ្លើយ​តប Fact Crescendo Cambodia កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ លោក តាំង សារ៉ាដា នាយក​គ្រប់​គ្រង​ការ​ផ្សាយ​នៃ​សារព័ត៌មាន​ខេមបូឌា ដេលី ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ច្រាន​ចោល​នូវ​ការ​អះអាង​ខាង​លើ ដោយ​ចាត់​ទុក​ជា​ការ​បំភ្លៃ​ខុស​ពី​ការ​ពិត។

នៅ​ក្នុង​វីដេអូមាន​រយៈ​ពេល​ជាង ៧​នាទី ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​គាត់ លោក សម រង្ស៊ី ពិត​ជា​បាន​អំពាវ​នាវ​ទៅ​អង្គ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​នយោបាយ ៣​ទៀត ដែល​ជា​គូ​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​របស់​លោក សម រង្ស៊ី ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤។

Facebook Post

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ចំណង​ជើង​អត្ថបទ​ដើម​របស់​សារព័ត៌មាន​ខេមបូឌា ដេលី ត្រូវ​បាន​កាត់​ត។ អត្ថបទ​ដើម​របស់​សារព័ត៌មាន​នេះ ចុះ​ផ្សាយ​ថា លោក សម រង្ស៊ី អំពាវ​នាវ​ឱ្យ​អង្គ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​​បោះ​ឆ្នោត​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣។

Avatar

Title:​អត្ថបទ​ព័ត៌មាន​មួយ​របស់​ខេមបូឌា ដេលី ត្រូវ​បាន​គេ​កាត់​ត​ប្ដូរ​ខ្លឹមសារ​នាំ​ឱ្យ​យល់​ច្រឡំ

Written By: Jay Udom

Result: Altered