អត្ថបទព័ត៌មានមួយរបស់ខេមបូឌា ដេលី ត្រូវបានគេកាត់តប្ដូរខ្លឹមសារនាំឱ្យយល់ច្រឡំ
ខណៈដែលការបោះឆ្នោតព្រឹទ្ធសភាខិតជិតចូលមកដល់ រូបភាពចំណងជើងអត្ថបទព័ត៌មានដែលនិយាយថា លោក សម រង្ស៊ី អំពាវនាវដល់អង្គបោះឆ្នោតឱ្យបោះឆ្នោតជូនបក្សកាន់អំណាចនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ក្រោយពីផ្ទៀងផ្ទាត់ទៅនឹងអត្ថបទដើម យើងរកឃើញថា ចំណងជើងអត្ថបទដូចដែលរៀបរាប់នេះ ត្រូវបានគេកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបភាពនៃអត្ថបទព័ត៌មានរបស់សារព័ត៌មានខេមបូឌា ដេលី ដែលនិយាយថា មេបក្សប្រឆាំងលោក សម រង្ស៊ី បានអំពាវនាវទៅអង្គបោះឆ្នោតព្រឹទ្ធសភា ឱ្យបោះឆ្នោតជូនគណបក្សកាន់អំណាចនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនៅសប្ដាហ៍នេះ។
រូបភាពអត្ថបទព័ត៌មាននេះ ត្រូវបានគេចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមនានា ដែលមានគណនីហ្វេសប៊ុករាប់ម៉ឺនជាសមាជិក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញការបង្ហោះរូបភាពអត្ថបទព័ត៌មានមានចំណងជើងថា “លោក សម រង្ស៊ី អំពាវនាវឱ្យអង្គបោះឆ្នោតព្រឹទ្ធសភាបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា”។
ការអះអាងដដែលនេះ ក៏ត្រូវបានចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមផ្សេងៗ ដែលមានគណនីហ្វេសប៊ុករាប់ម៉ឺននាក់ជាសមាជិកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងខាងលើដែលត្រូវបានគេចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមមួយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងខាងលើដែលត្រូវបានគេចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមមួយទៀតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលការចុះផ្សាយរបស់សារព័ត៌មានខេមបូឌា ដេលី និងវីដេអូសេចក្ដីថ្លែងការណ៍របស់មេបក្សប្រឆាំង ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដោយបានចូលទៅពិនិត្យមើលការផ្សាយរបស់សារព័ត៌មានខេមបូឌា ដេលី ជាភាសាខ្មែរនោះ យើងបានរកឃើញចំណងជើងអត្ថបទព័ត៌មានរបស់សារព័ត៌មាននេះ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
អត្ថបទព័ត៌មានរបស់ខេមបូឌា ដេលី មិនបានចុះផ្សាយថា មេបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវអង្គបោះឆ្នោតព្រឹទ្ធសភាឱ្យបោះឆ្នោតជូនគណបក្សកាន់អំណាចនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអត្ថបទព័ត៌មានរបស់ខេមបូឌា ដេលី មានចំណងជើងថា “លោក សម រង្ស៊ី អំពាវនាវឱ្យអង្គបោះឆ្នោតព្រឹទ្ធសភាបោះឆ្នោតឱ្យបក្សក្រៅរដ្ឋាភិបាលចំនួន៣” ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។
The Cambodia Daily’s Facebook Post | Archived Link
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអត្ថបទព័ត៌មានមានចំណងជើងថា “លោក សម រង្ស៊ី អំពាវនាវឱ្យអង្គបោះឆ្នោតព្រឹទ្ធសភាបោះឆ្នោតឱ្យបក្សក្រៅរដ្ឋាភិបាលចំនួន៣” ដែលត្រូវបានចុះផ្សាយនៅលើវេបសាយរបស់សារព័ត៌មានខេមបូឌា ដេលី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
The Cambodia Daily’s Article | Archived Link
ខាងក្រោមនេះ គឺជារូបភាពប្រៀបធៀបគ្នារវាងចំណងជើងអត្ថបទដែលត្រូវបានកាត់ត និងចំណងជើងអត្ថបទព័ត៌មានដើមដែលចុះផ្សាយដោយសារព័ត៌មានខេមបូឌា ដេលី។
ឆ្លើយតប Fact Crescendo Cambodia កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ លោក តាំង សារ៉ាដា នាយកគ្រប់គ្រងការផ្សាយនៃសារព័ត៌មានខេមបូឌា ដេលី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានច្រានចោលនូវការអះអាងខាងលើ ដោយចាត់ទុកជាការបំភ្លៃខុសពីការពិត។
នៅក្នុងវីដេអូមានរយៈពេលជាង ៧នាទី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ លោក សម រង្ស៊ី ពិតជាបានអំពាវនាវទៅអង្គបោះឆ្នោតព្រឹទ្ធសភាឱ្យបោះឆ្នោតជូនគណបក្សនយោបាយ ៣ទៀត ដែលជាគូប្រជែងនឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងរបស់លោក សម រង្ស៊ី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ចំណងជើងអត្ថបទដើមរបស់សារព័ត៌មានខេមបូឌា ដេលី ត្រូវបានកាត់ត។ អត្ថបទដើមរបស់សារព័ត៌មាននេះ ចុះផ្សាយថា លោក សម រង្ស៊ី អំពាវនាវឱ្យអង្គបោះឆ្នោតព្រឹទ្ធសភាបោះឆ្នោតឱ្យបក្សក្រៅរដ្ឋាភិបាលចំនួន៣។
Title:អត្ថបទព័ត៌មានមួយរបស់ខេមបូឌា ដេលី ត្រូវបានគេកាត់តប្ដូរខ្លឹមសារនាំឱ្យយល់ច្រឡំ
Written By: Jay UdomResult: Altered