​កាល​ពី​សប្ដាហ៍​មុន ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​រាយការណ៍​ថា ទឹក​ស្ទឹងសង្កែ​បាន​ប្រែ​ពណ៌​ទៅ​ជា​បៃតង​ខុស​ពី​ធម្មតា​ដោយសារ​តែ​ការ​បង្ហូរ​កាក់​សំណល់​រាវ​ពី​រោងចក្រ​មួយ​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង ប៉ុន្តែ ក្រុម​មន្ត្រី​អះអាង​ថា ទឹក​ស្ទឹង​ប្រែ​ពណ៌​ដូច្នេះ បណ្ដាល​ពី​ការ​កកើត​ស្លែ​។

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​នៅ​លើ​​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា ទឹក​ស្ទឹង​សង្កែ​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​ប្រែ​ពណ៌​ទៅ​ជា​បៃតង ដែល​បណ្ដាល​មក​ពី​ការ​ហូរ​ទឹក​ចេញ​ពី​រោងចក្រ​មួយ​កន្លែង នៅ​ខាង​លើ​ខ្សែ​ទឹក ស្ថិត​នៅ​ក្នុង​ស្រុក​រតនៈមណ្ឌល។

​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ ដែល​ជឿ​ទៅ​តាម​ការ​អះអាង​នេះ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។

ខាង​ក្រោម​នេះ គឺជា​ព័ត៌មាន​ទាំង​ស្រុង​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ខេត្ត​បាត់ដំបងៈ ទឹក​ស្ទឹង​សង្កែ​ប្រែ​ពណ៌​ជា​បៃតង តាម​ប្រភព​បឋម​បាន​ឱ្យ​ដឹង​ថា ជា​ហេតុ​បណ្ដាល​ឱ្យ​ទឹក​ស្ទឹង​សង្កែ​មាន​ពណ៌​បៃតង​នេះ បណ្ដាល​មក​ពី​ការ​ហូរ​ចេញ​ពី​រោងចក្រ​មួយ​ដែល​មាន​ឈ្មោះ​ថា អ៊ិនដាស្ទ្រៀល​ហ្វីនិក ដែល​មាន​ទីតាំង​នៅ​ចំណុច​ភូមិ​ភ្ញាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។ សង្ឃឹម​ថា ក្រសួង​ព្រម​ទាំង​មន្ទីរ​ពាក់​ព័ន្ធ​នានា និង​មាន​វិធានការ​ដើម្បី​ទប់​ស្កាត់​នូវ​បញ្ហា​ដដែល បញ្ចៀស​នូវ​ការ​ប៉ះ​ពាល់​ដល់​មច្ឆជាតិ និង​ជីវៈ​ចម្រុះ​ផ្សេងៗ ព្រម​ទាំង​សុខភាព​មនុស្ស​សត្វ​ជាដើម។ ១២ មិថុនា ២០២៤” ។

Archived

ព័ត៌មាន​​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ព្រម​ទាំង​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺជា​ព័ត៌មាន​ទាំង​ស្រុង​ដែលត្រូវ​បាន​ចម្លង​ទាំង​ស្រុង​ពី​ព័ត៌មាន​ខាង​លើ ហើយ​​ត្រូវ​បាន​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤។

Archived

ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​មេគង្គ​ប៉ុស្តិ៍ ក៏បាន​ចម្លង​ព័ត៌មាន​ខាង​លើ​ទាំង​ស្រុង​យក​ទៅ​បង្ហោះ​បន្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៤ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។

Archived

ព័ត៌មាន​ស្រដៀង​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក Viral Post Today ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​​ជាច្រើន​ដង។

Archived

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​ព័ត៌មាន​ដូច​គ្នា ឬ​ស្រដៀង​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ Link 1 (archived), Link 2 (archived), និង Link 3 (archived)។

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពីប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត ៣​សន្លឹក និង​ព័ត៌មាន​និយាយ​ថា ទឹក​ក្នុង​ស្ទឹង​សង្កែ​បាន​ប្រែ​ពណ៌​ខុស​ពី​ធម្មតា​នៅ​ម្ដុំ​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល។

Archived

បន្ទាប់​ព័ត៌មាន​នេះ​ល្បី​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​អះអាង​នៅ​ក្នុង​​លិខិត​បំភ្លឺ​មួយ​ថា ទឹក​ស្ទឹង​សង្កែ​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ដូច្នេះ គឺ​បណ្ដាលមក​ពី​ការ​កកើត​ឡើង​នៃ​ស្លែ​ បន្ទាប់​ពី​ត្រូវ​កម្ដៅ​ថ្ងៃ។

អាជ្ញាធរ​ខេត្ត​មួយ​នេះ អះអាង​ទៀត​ថា ក្រុម​មន្ត្រី​បាន​យក​សំណាក​ទឹក​នោះ​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍​របស់​ក្រសួង​បរិស្ថាន ហើយ​លទ្ធផល​នៃ​ការ​ពិសោធន៍ បាន​រក​ឃើញ​ថា ស្លែ​ពណ៌​បៃតង​បាន​កើត​ឡើង​ជា​ធម្មតា​នៅ​ក្នុង​ប្រព័ន្ធ​ទឹក​ស្ទឹង ឬ​ប្រឡាយ ហើយថា ត្រី និង​សត្វ​ល្អិត​ក្នុង​ទឹក​មួយ​ចំនួន រស់​នៅ​ដូចធម្មតា។

ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​ភ្ជាប់​មក​ជាមួយ​សេចក្ដី​បំភ្លឺ​មួយ​សន្លឹក​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​រូបថត ៥​សន្លឹក ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម ឈរ​មើល​ទឹក​ហូរ​នៅ​តាម​ប្រឡាយ​បង្ហូរ​ទឹក។

Archived

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​ខ្លួនកាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​អ្នក​សារព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ចាត់​ទុក​ជា​ព័ត៌មាន “មិន​ពិត”។

រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​អះអាង​ថា ក្រុម​មន្ត្រី​មក​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​នីមួយៗ​នៅ​ក្នុង​បរិវេណ​រោងចក្រ Phoenix Industrial Co., Ltd និង​រក​ពុំ​ឃើញ​ស្លាក​ស្នាម​នៃ​ការបញ្ចេញ​សារធាតុរាវ​មាន​ជាតិ​ពុល​ពី​រោងចក្រ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺជា​ការ​បង្ហោះ​សេចក្ដី​បំភ្លឺ​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដោយ​ភ្ជាប់មក​ជាមួយ​នូវ​រូបថត ៤​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចុះ​ពិនិត្យ​មើល​ប្រឡាយ​ទឹក និង​បុរស​ម្នាក់​ដូស​ទឹក​ចេញ​ស្ទឹង។

Archived

ហេតុអ្វី​បាន​រដ្ឋបាល​ខេត្ត​បាត់ដំបង​​ចេញ​វិធានការ​បន្ថែម​ទៅ​រោងចក្រ​​​ឱ្យ​គ្រប់​គ្រង​ការ​បង្ហូរ​កាក់​សំណល់?

បើទោះបី​រដ្ឋបាល​ខេត្ត​បាត់ដំបង​ចាត់​ទុក​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​អ្នក​សារព័ត៌មាននៅ​លើ​បណ្ដាញ​សង្គម​ថា​ជា​ព័ត៌មាន​ “មិន​ពិត”​ ប៉ុន្តែ រដ្ឋបាល​ខេត្ត​នេះ បាន​បញ្ជាក់​ក្នុង​សេចក្ដី​បំភ្លឺ​ដដែល​នេះ​ថា ខ្លួន​បាន​ចង្អុល​បង្ហាញ​ទៅ​រោងចក្រ​នេះ ឱ្យ​រៀបចំ​អាង​ស្តុក​ទឹក ដើម្បី​កុំ​ឱ្យ​ទឹក​ស្អុយ​ និង​កាក់​សំណល់​ហូរ​ចូល​ស្ទឹង​សង្កែ កែច្នៃ​ទម្រង់​ប្រឡាយ​ទឹក​គ្រប់​កន្លែង​ក្នុង​បរិវេណ​រោងចក្រទៅ​តាម​លក្ខណៈ​បច្ចេកទេសនៅ​ក្នុង​រយៈ​ពេល ១​សប្ដាហ៍។

រដ្ឋបាល​ខេត្ត​បាត់ដំបង ថែម​ទាំង​ព្រមាន​ថា នឹង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវានុវត្ត ក្នុង​ករណី​រោងចក្រ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​នៅ​ក្នុង​រយៈ​ពេល ១​សប្ដាហ៍។

បើ​តាម​រដ្ឋបាល​ខេត្ត​បាត់ដំបង ថ្នាក់​ដឹកនាំ​រោងចក្រមួយ​នេះ បាន​យល់​ព្រម​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ខ្លួន ដោយ​កែ​សម្រួល​ប្រព័ន្ធ​ប្រឡាយ​ទាំង​អស់​នៅ​ក្នុង​បរិវេណ​រោង​ចក្រ រួម​ទាំង​ប្រឡាយ​បញ្ចេញ​កាក់​សំណល់​ពី​ផ្ទះ​បាយ ប្រឡាយ​បញ្ចេញ​ទឹក​ប្រើ​ប្រាស់​របស់​កម្មករ និង​ប្រឡាយ​រំដោះ​ទឹក​ភ្លៀង។

បន្ទាប់​ពី​ការ​ចេញ​វិធានការ​ដូច្នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​រដ្ឋបាល​ខេត្ត​បាត់ដំបង តម្រូវ​ឱ្យ​រោងចក្រ​នេះ​កែប្រែ​ប្រព័ន្ធ​បង្ហូរ​កាក​សំណល់​រាវ​​ចេញ​ពី​រោងចក្រ​ចូល​ទៅ​ក្នុង​ស្ទឹង ហើយ​ថែម​ទាំង​ព្រមាន​ធ្វើ​របាយការណ៍​បញ្ចូន​ទៅ​ក្រសួង​ទៀត។

Archived

អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធ ដែល​ជា​អភិបាល​រង​ខេត្ត​​ផង​នោះ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​បាន​ដាក់​លក្ខខណ្ឌ​បន្ថែម​ទៅ​រោងចក្រ​ ដើម្បី​ធានា​ថា គ្មាន​ប្រឡាយ​រង​ទឹក​ភ្លៀង​ណា​មួយ​ត្រូវ​បាន​បង្ហូរ​ចូល​ស្ទឹង​សង្កែ​នោះ​ឡើយ ដែល​លោក​ថា នេះ​គឺ​ជា​វិធានការ​បង្ការ និង​ការពារ​ទុក​ជាមុន។ (សំឡេង​លោក សឿម ប៊ុនរិទ្ធ​)

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង លោក កត បូរ៉ាន់ បាន​បញ្ជាក់​ថា វិធានការ​ប៉ុន្មាន​ចំណុច​របស់​រដ្ឋបាល​ខេត្ត​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​មន្ត្រី​រក​ឃើញ​មាន​ការ​បង្ហូរ​ទឹក​ប្រើ​ប្រាស់​ដោយ​កម្មករ​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ ដោយ​លោក​ថា វា​ដូច​គ្នា​ទៅ​នឹង​ករណី​ប្រជាជន​រស់​នៅ​តាម​ដង​ស្ទឹង ហើយ​បង្ហូរ​ទឹក​ពី​ផ្ទះ​បាយ​ចូល​ទៅ​ក្នុង​ស្ទឹង​ដែរ។ (សំឡេង​លោក កត បូរ៉ាន់)

តើ​មាន​ករណី​ត្រី សត្វ​ចិញ្ចឹម និងសត្វ​ល្អិត​ផ្សេង​ទៀត​ស្លាប់​នៅ​ក្នុង​ទឹក​ស្ទឹង​ដែរ​ឬទេ?

បើ​តាម​ការ​បញ្ជាក់​របស់​លោក សឿម ប៊ុនរិទ្ធ ការលេច​ធ្លាយ ឬ​ការ​បង្ហូរ​កាក​សំណល់រាវចេញ​ពី​រោងចក្រ​នេះ បាន​កើត​ឡើង ៣​លើក​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០២៣​កន្លង​មក។

​រោងចក្រ​នេះក៏​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ផាក​ពិន័យ​រហូត​ដល់​ជិត ៥​សែន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា រោងចក្រ​នេះ​បាន​បង្ហូរ​កាក​សំណល់​រាវ​ចូល​ទឹក​សង្កែ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ដែល​បណ្ដាល​ទឹក​ស្ទឹង​ប្រែ​ពណ៌​ជា​ខ្មៅ និង​ត្រី​ងាប់​អណ្តែត​ទឹក​ដ៏​ច្រើន។ (អត្ថបទ​សារព័ត៌មាន​ខេមបូចា និង​សារព័ត៌មាន​អេអ៊ីស៊ី)

ករណី​ត្រី​ងាប់​អណ្ដែតទឹក​ស្ទឹង​សង្កែ បាន​កើត​ឡើង​ចុង​ក្រោយ​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​មក​នេះ ដោយ​រដ្ឋបាល​ស្រុក​រតនមណ្ឌល បាន​រក​ឃើញ​ថា ករណី​នេះ​បណ្ដាល​មក​ពី​រោងចក្រ​កែច្នៃ​ស្វាយ Cambodian Gome Farm Food Co., Ltd បាន​​បញ្ចេញ​ទឹក​ខ្មៅ​កខ្វក់​ចូល​ទៅ​អូរត្រែង និង​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ទឹងសង្កែ។

Archived

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​បាត់ដំបង លោក ជួង សុភា បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​ទឹក​ស្ទឹង​រង​ការ​បំពុល​កម្រិត​ស្រាល ត្រី​មាន​ស្រកា​ស ​នឹង​ងាប់​អណ្ដែតទឹក​​មុន​គេ ហើយ​បើ​ករណី​ត្រី​ឆ្លូញ និង​អន្ទង់​ងាប់​ដែរ នោះ​មាន​ន័យ​ថា ទឹក​ស្ទឹង​​រង​ការ​បំពុល​ធ្ងន់​ធ្ងរ។

ប៉ុន្តែ មន្ត្រី​ជលផល​រូប​នេះ បានបញ្ជាក់​ថា គ្មាន​ការ​រាយការណ៍​ណា​មួយ​អំពី​ករណី​ត្រី​ងាប់​អណ្ដែត​ទឹក​ព្រោង​ព្រាត​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពីរ​បី​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​នេះ​បញ្ជាក់​ថា ទឹក​ស្ទឹង​មិន​រង​ការ​បំពុល​ពី​សារធាតុ​គីមី​ពុល​ណា​មួយ​ឡើយ។ (សំឡេង​លោក ជួង សុភា)

ជំទប់​ទី​១​ នៃ​ឃុំត្រែង​ក្នុង​ស្រុក​រតនមណ្ឌល លោក នូ ស៊ីណា ប្រាប់​ថា លោក​ធ្លាប់​ឃើញ​ត្រី​ងាប់​អណ្ដែត​ទឹក​ស្ទឹង​សង្កែ​កាល​ពី​ខែ​មុន និង​ឆ្នាំ​កន្លង​មក​នេះ បន្ទាប់​ពី​ទឹក​ស្ទឹង​នេះប្រែ​ពណ៌​ទៅ​ជា​ខ្មៅ​ដូច​កាហ្វេ​កាល​ពី​ឆ្នាំ​មុន។

ប៉ុន្តែ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ទឹក​ស្ទឹង​សង្កែ​ប្រែ​ទៅ​ជា​ពណ៌​បៃតង​ចាប់​តាំង​ពី​ថ្ងៃ​ទី៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា លោក​ពុំ​ឃើញ និង​ពុំ​ទទួល​បាន​សេចក្ដី​រាយការណ៍​ណា​អំពី​ត្រី ឬ​សត្វ​ស្លាប់​នោះ​ឡើយ។ (សំឡេង​លោក នូ ស៊ីណា)

តើកត្តា​អ្វី​​បណ្ដាល​ឱ្យ​កើត​មាន​ស្លែ​នៅ​ក្នុង​ស្ទឹង​សង្កែ?

ប្រធាន​មន្ទីរ​បរិស្ថាន លោក កត បូរ៉ាន់ បញ្ជាក់​ថា ស្លែ​បៃតង​​នៅ​ក្នុង​ស្ទឹង​សង្កែ កើត​ឡើង​​បណ្ដាល​មក​ពី​កម្រិត​ទឹក​បាន​ថយ​ចុះ បន្ទាប់​ពី​មាន​ការ​ទប់​ទឹក​សម្រាប់​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ផ្នែក​ខាង​លើ។

ប្រធាន​មន្ទីរ​​បរិស្ថាន​រូប​នេះ បាន​អះអាង​ថា ក្រុម​មន្ត្រី​ចម្រុះ​បាន​ចុះ​ពិនិត្យ​ទឹក​ស្ទឹង​សង្កែ​រហូត​ដល់​ស្រុក​សំឡូត ហើយ​បាន​រក​ឃើញ​ថា ស្លែ​បាន​កើត​ឡើង​នៅ​ទីនោះ​ផង​ដែរ ដែល​ជា​ផ្នែក​ខាង​លើ​ហួស​ពី​ទីតាំង​រោងចក្រ Phoenix Industrial Co., Ltd ទៅ​ទៀត។ (សំឡេង លោក កត បូរ៉ាន់)

​ស្ទឹង​សង្កែទទួល​ទឹក​មក​ពី​ដៃ​ស្ទឹង ឬ​ប្រភព​នានា​ ស្ថិត​នៅ​ផ្នែក​ខាង​លើ​ដែល​មាន​ប្រភព​ទឹក​ពី​តំបន់​ជួរ​ភ្នំ​ក្រវាញ ក្នុង​នោះមាន​ស្ទឹង​ចម្លង​កួយ​ស្ថិត​នៅ​ក្នុង​ស្រុក​សំឡូត​ផង​ដែរ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរសំរិល លោក ហែម ឆុន បាន​ប្រាប់ Fact Crescendo Cambodia កាល​ពី​ចុងសប្ដាហ៍​នេះ​ថា ទឹក​ស្ទឹង​ចម្លងកួយ​មិន​មាន​ប្រែ​ពណ៌​បៃតង​នោះ​ឡើយ ប៉ុន្តែ លោក​ថា វា​បាន​ប្រែ​ពណ៌​ទៅ​ជា​ល្អក់​ដោយសារ​តែ​ភ្លៀង​ធ្លាក់​បាន​ហូរ​នាំ​ដី​​ចូល​ទៅ​ក្នុង​ស្ទឹង។ (សំឡេង​លោក ហែម ឆុន)

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង លោក ជួង សុភា ក៏​អះអាង​ដូច​គ្នា​ថា ចរន្ត​ទឹក​ស្ទឹង​ទាប​ដែល​បណ្ដាលមក​ពី​ការ​ទប់​ទឹក​នៅ​ផ្នែក​ខាង​លើ​នៃ​ស្ទឹង​សង្កែ បណ្ដាល​ឱ្យ​កើត​ស្លែ​នៅ​ក្នុង​ស្ទឹង និងធ្វើ​ឱ្យ​ថយ​ចុះ​កម្រិត​អុកស៊ីហ្សែន​ក្នុង​ទឹក ដែល​ប៉ះពាល់​ដល់​សត្វ​រស់នៅ​ក្នុង​ទឹក។ (សំឡេង លោក ជួង សុភា)

អង្គភាព St. Johns River Water Management District ដែល​ជា​អង្គភាព​គ្រប់​គ្រង​ធនធាន​ទឹក​ក្រោម​ដី និង​ទឹក​លើ​ដី​នៅ​ក្នុង​សង្កាត់​ ៥ របស់​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក បាន​រៀបរាប់​នៅ​ក្នុង​អត្ថបទ​មួយ​បង្ហោះ​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា ស្លែ ឬ​ភាសា​អង់គ្លេស​ហៅ​ថា algal bloom កើត​ចេញ​ពី​ការ​បំពុល​សមាស​ធាតុ​ទ្រទ្រង់​ជីវិត ការ​កើន​ឡើងដ៏​លើស​លប់​នៃ​នីដ្រូហ្សែន និង​ផូស្វ័រ (phosphorus) ជា​សមាស​ធាតុ​សំខាន់​សម្រាប់​​ទ្រទ្រង់​រុក្ខជាតិ។

អត្ថបទ​របស់​អង្គភាព​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា សមាសធាតុ​ទាំង​នេះ ចូល​ទៅ​ក្នុង​ទឹក​ពី​ប្រភព ២​សំខាន់ គឺ​ប្រភព​ច្បាស់​លាស់ និង​មិន​ច្បាស់​លាស់ ដែល​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​មនុស្ស។

បើ​អត្ថបទ​ដដែល​នេះ ប្រភព​ច្បាស់​លាស់​មាន​ដូច​ជា ការ​បង្ហូរ​កាក​សំណល់​ចេញ​​ពី​រោងចក្រ​ឧស្សាហកម្ម និង​រោងចក្រ​ប្រព្រឹត្តកម្ម​កាក​សំណល់​រាវ ហើយ​ប្រភព​មិន​ច្បាស់​លាស់ មាន​ដូចជា ធុង​ទឹក​ស្អុយ ទឹក​ហូរ​ចេញ​ពី​តំបន់​ទីក្រុង ពី​កសិដ្ឋាន និង​ពី​តំបន់​លំនៅឋាន និង​ទឹក​ធ្លាក់​ដែល​សម្បូរ​ទៅ​ដោយ​សមាស​ធាតុ​ចិញ្ចឹម​ជីវិត។

អង្គភាព​គ្រប់​គ្រង​ទឹក​មួយ​នេះ បាន​លម្អិត​ថែម​ទៀត​ថា ការ​កើន​ឡើង​នៃ​សមាស​ធាតុ​នីដ្រូហ្សែន និង​ផូស្វ័រ​ដ៏​ច្រើន​បូក​រួម​នឹង​ការ​កើន​ឡើង​កម្ដៅ​ថ្ងៃ និង​ចរន្ត​ទឹក​ហូរ​យឺត ជំរុញ​ឱ្យ​មាន​ស្លែ​កាន់​តែ​លឿន។

អង្គភាព​គ្រប់​គ្រង​ទឹក​ដដែល​នេះ និយាយ​ថា បើទោះបីជា​សមាសធាតុ​នីដ្រូហ្សែន និង​ផូស្វ័រ អាច​កើត​ឡើង​ដោយ​ធម្មជាតិ​ និង​មាន​សារ​សំខាន់​ទ្រទ្រង់​ដល់​រុក្ខជាតិ​ក៏​ដោយ ប៉ុន្តែ វត្តមាន​ដ៏​ច្រើន​លើស​លប់​នៃ​សមាស​ធាតុ​ទាំង​ពីរ​នេះ នឹង​បង្ក​ឱ្យ​មាន​អតុល្យភាព​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ប្រព័ន្ធ​ទឹក​មួយ។

SJRWM’s Article | Archived

រូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​អាងស្តុក​កាក​សំណល់​រាវ​ពណ៌​ខ្មៅ និង​បៃតង

រោងចក្រ Phoenix Industrial Co., Ltd ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ចិន មាន​ទីតាំង​ស្ថិតនៅ​​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​​ទំនប់​វារី​អគ្គិសនី​សេកសក ស្ថិត​ក្នុង​ឃុំ​ត្រែង នៃ​ស្រុក​រតនមណ្ឌល។ (ទីតាំង​នៅ​លើ Google Map)

បើ​តាម​ប្រវត្តិ​សង្ខេប​របស់​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន រោងចក្រ Phoenix Industrial Co., Ltd ចម្រាញ់​សមាស​ធាតុ​គីមី​ចេញ​ពី​ដំឡូង​មី​ និង​កែច្នៃ​ចេញ​ទៅ​ជា​ផលិត​ផល​គីមី​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ផលិតកម្ម​អាហារ​រក្សា​ទុក​បាន​យូរ។ (archived)

អភិបាល​រង​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធ បាន​ឱ្យ​ដឹង​ថា រោងចក្រ​នេះ​ផលិត​​សមាស​ធាតុ​អេតាណុលដែល​កែ​ច្នៃ​ចេញ​ពី​ដំបូង​មី ដែល​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​បណ្ដា​ខេត្ត​នៅ​ជុំ​វិញ​ខេត្ត​បាត់ដំបង។

ដោយ​មើល​តាមរូបភាពផ្កាយ​រណប​ រោងចក្រ​មួយ​នេះ​ស្ថិត​នៅ​ជាប់​នឹង​ដង​ស្ទឹងសង្កែ ហើយ​នៅ​ក្នុង​បរិវេណ​រោងចក្រ យើង​ឃើញ​មាន​អាងស្តុក​ទឹក​តូច​ធំ​ចំនួន ៦ មាន​រូបរាង​ដូច​ស្រះ​ទឹក​តូច​ធំ និង​មាន​អាង​ ២​មាន​រាង​មូល។

រូបភាព​​​​ដែល​ផ្ដាម​ដោយ​ផ្កាយ​រណប​កាល​ពី​ ២​ឆ្នាំ​មុន​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ស្រះ​ទឹក​មួយ​មាន​ពណ៌​បៃតង ឬ​ពណ៌​ដូច​ទឹក​សណ្ដែក​ខៀវ ដែល​ស្ថិត​នៅ​កាន់​តែ​ជិត​នឹង​មាត់​ស្ទឹង​សង្កែ ហើយក្រៅ​ពី​នេះ អាង​ស្តុក​ទឹក​ដទៃ​ទៀត សុទ្ធ​តែ​មាន​ពណ៌​ខ្មៅ។

ដោយ​ពិនិត្យ​ទៅ​លើ​រូបភាព​ផ្កាយ​រណប​ដដែល​នេះ យើង​ឃើញ​ពណ៌​ទឹក​ស្ទឹង​សង្កែ​ មាន​ពណ៌​ភក់​ល្អក់ចាប់​ពី​ត្រង់​ទំនប់​វារី​អគ្គិសនី​សេកសក​រហូត​ដល់​​ត្រង់​ចំណុច​រមណីយដ្ឋាន​ចម្ការ​មៀន​ធម្មជាតិ ហើយ​បន្ទាប់​មក​ ទឹក​ស្ទឹង​មាន​ពណ៌ប្រហាក់​ប្រហែល​នឹង​ពណ៌​ទឹក​នៅ​ក្នុង​អាង​ស្តុក​ទឹក​ស្ថិត​ក្នុង​បរិវេណ​រោងចក្រ Phoenix Industrial Co., Ltd។

Fact Crescendo Cambodia បាន​ស្វែង​រក​ការ​ពន្យល់​ពី​ភាគី​រោងចក្រ Phoenix Industrial Co., Ltd ផង​ដែរ ប៉ុន្តែ មិន​មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ។

ចំណែក​អ្នកបក​ប្រែ​ភាសា​ចិន​ប្រចាំ​រោងចក្រ លោក ឡៅ ស៊ុយទ្រី បាន​ប្រាប់​ឱ្យ​សួរ​ទៅ​ខាង​មន្ទីរ​បរិស្ថាន ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​បាត់ដំបង។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធ ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​រោងចក្រ​ផ្ទាល់​ជាមួយ​មន្ត្រី​ដទៃ​ទៀត​នៅ​ក្រោម​រដ្ឋបាល​ខេត្ត បាន​ប្រាប់​ថា អាង​ទឹក​ខ្មៅ និង​ពណ៌​បៃតង​ដែល​មើល​ឃើញ​ពី​ផ្កាយ​រណប​នោះ គឺ​ជា​អាង​ស្តុក​កាក​សំណល់​រាវ​ និង​អាង​ប្រព្រឹត្តកម្ម​របស់​រោងចក្រ។

លោក សឿម ប៊ុនរិទ្ធ ក៏​បាន​ផ្ញើ​រូបថត ៤​សន្លឹក​មក Fact Crescendo Cambodia ផង​ដែរនៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ឆ្នាំ​២០២៤ ដែល​រូបថតទាំង​នោះ បង្ហាញ​អាង​ស្តុក​សំណល់​រាវ និង​អាងទឹកប្រព្រឹត្តកម្ម​។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ឱ្យដឹង​ថា ក្រសួង​បាន​មើល​ឃើញ​ថា រោងចក្រ​នេះ​បាន​រៀបចំ​អាង​ស្តុក​កាក​សំណល់​រាវ និង​អាង​​ប្រព្រឹត្តកម្ម​រួច​រាល់​ហើយ។

លោក​បន្ថែម​ថា រោងចក្រ​ក៏​បាន​បំពាក់​បច្ចេកវិទ្យា​តាម​ដាន​ និង​បញ្ចូន​ទិន្នន័យ​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ក្រសួង​ផង​ដែរ ដែល​អះអាង​ថា វា​ជា​បច្ចេកវិទ្យា​ទំនើប​បង្ការ និង​ការពារ​ទុក​ជាមុន។ (សំឡេង​លោក ខ្វៃ អាទិត្យា)

ពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព​ទឹក​ស្ទឹង និង​ផល​ប៉ះពាល់​លើ​ប្រជាជន

លិខិត​ពីរ​ច្បាប់ចុះ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ មាន​ខ្លឹមសារ​ដូច​គ្នា ​ដែល​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ផ្ញើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត និង​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម បាន​ឱ្យ​ដឹង​ថា កាក​សំណល់​រាវ​របស់​រោងចក្រ Phoenix បាន​លេច​ធ្លាយ​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ​ចំនួន ៣​ដង​រួច​មក​ហើយ។

ករណី​ធ្ងន់​ធ្ងរ​បាន​កើត​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣​កន្លង​មក ដោយ​កាក​សំណល់​រាវ​បាន​ប្រែ​ពណ៌​ទឹក​ស្ទឹង​ទៅ​ជា​ខ្មៅ​ដូច​កាហ្វេ និង​បណ្ដាល​ឱ្យ​ត្រី និង​ជីវិត​នៅ​ក្នុង​ស្ទឹង​ងាប់​យ៉ាង​ច្រើន​នា​ពេល​នោះ។

ជំទប់​ទី​១​នៃ​ឃុំ​ត្រែង លោក នូ ស៊ីណា បានឱ្យ​ដឹង​ថា អ្នក​ភូមិ​រស់​នៅ​តាម​ដង​ស្ទឹង​សង្កែ​ស្ថិត​ក្នុង​ឃុំ​របស់​លោក តែង​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​ផល​ប៉ះពាល់ បន្ទាប់​ពី​ការ​លេច​ធ្លាយ​កាក​សំណល់​រាវ​កាល​ពី​ឆ្នាំ​មុន។

មន្ត្រី​មូលដ្ឋាន​រូប​នេះ បាន​បន្ថែម​ទៀត​ថា អ្នក​ភូមិ​តែង​តែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ណា​ឃើញ​ទឹក​ស្ទឹង​ប្រែ​ពណ៌ ឬ​ឃើញ​ត្រី និង​ជីវិត​សត្វ​ក្នុង​ស្ទឹង​ងាប់​អណ្ដែត​តាម​ទឹក។

ទោះជាយ៉ាងណា លោក​លើក​ឡើង​ថា លោក​ក៏​បារម្ភ​ប្រជាជន​ជាច្រើន​នាក់​បាត់​បង់​ការងារ​ផង​ដែរ ប្រសិន​បើ​ករណី​រោងចក្រ​មួយ​នេះ និង​រោងចក្រ​កែច្នៃ​ផ្លែឈើ​នៅ​ក្នុង​ឃុំ​របស់​លោក ត្រូវ​បាន​បិទដោយសារ​តែ​ការ​លេច​ធ្លាយ​កាក​សំណល់​រាវ​ចូល​ទៅ​ក្នុង​ស្ទឹង​នោះ។

Avatar

Title:ទឹក​ស្ទឹង​សង្កែ​ប្រែ​ពណ៌​នាំ​ឱ្យ​មាន​ការ​​ចោទ​សួរ​អំពី​ការ​លេច​ធ្លាយ​​សំណល់​រាវ​ចូល​ស្ទឹងជា​ថ្មី

Written By: Jay Udom

Result: Insight