
បន្ទាប់ពីមេពន្ធដារកម្ពុជាអះអាងថា អត្រាពន្ធលើចំណេញមូលធននៅកម្ពុជាមានកម្រិតទាបជាងបារាំង និងអូស្ត្រាលី មតិមួយបានលើឡើងថា ការអះអាងរបស់មេពន្ធដារកម្ពុជាមិនត្រឹមត្រូវនោះទេ។ មតិទាំងពីរនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ដែលនាំឱ្យយើងត្រួតពិនិត្យទៅលើបញ្ហានេះ។ ខាងក្រោមនេះ គឺជាអ្វីដែលយើងបានរកឃើញពាក់ព័ន្ធនឹងអត្រាពន្ធលើចំណេញមូលធនរវាងកម្ពុជា បារាំង និងអូស្ត្រាលី។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា លោក គង់ វិបុល បានអះអាងថា អត្រាពន្ធលើចំណេញមូលធន (Capital Gain Tax)ដែលកម្ពុជាគ្រោងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំក្រោយនេះ មានកម្រិតទាបជាងអត្រាពន្ធលើចំណេញមូលធន ដែលអនុវត្តនៅប្រទេសអូស្ត្រាលី និងបារាំង។
មេពន្ធដារកម្ពុជារូបនេះ បានអះអាងបែបនេះនៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារព័ត៌មាន Fresh News ដែលត្រូវបានគេដឹងថាជាសារព័ត៌មានគាំទ្ររដ្ឋាភិបាល និងបក្សកាន់អំណាច។
ខាងក្រោមនេះ គឺជាការរូបភាពផ្ដាមចេញពីការផ្សព្វផ្សាយរបស់សារព័ត៌មាន Fresh News កាលពីថ្ងៃទី១៥ ខែកញ្ញា ដោយបានដកស្រង់សម្ដីលោក គង់ វិបុល ដែលនិយាយថា «បើលោកអ្នកលក់អចលនទ្រព្យទៅខាត ឬរួចខ្លួន មិនជាប់ពន្ធចំណេញមូលធននេះនោះទេ។ ពន្ធនេះគេយកតែចំណេញទេ ហើយចំណេញទៀតសោត គឺយើងខ្ញុំចាប់ផ្ដើមដំបូងឡើយ ក៏មិនទៅយកពន្ធដូចបារាំង ដូចអូស្ត្រាលីពី ៤០% ទៅ ៥០%ទេ។ យើងខ្ញុំយកតែ ២០%នៃចំនួន បន្ទាប់ពីបានកាត់កងដែលរដ្ឋអនុញ្ញាតឱ្យកាត់កង ៨០%ហើយ។ អ៊ីចឹង បើគិតទៅវាស្មើនឹង ៤%។ ខ្ញុំជឿជាក់ថា នៅក្នុងការអនុវត្តនេះ គឺអត់មានប៉ះពាល់អីទេ។ បើចំណេញបង់ទៅ បើខាត អត់បង់ទេ»។

អត្ថបទនេះក៏ត្រូវបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់សារព័ត៌មានមួយនេះផងដែរ ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើនដង និងមានការបញ្ចេញមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃអត្ថបទព័ត៌មានរបស់ Fresh News ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ការអះអាងរបស់គង់ វិបុល ក៏ត្រូវបានសារព័ត៌មានថ្មីៗចុះផ្សាយផងដែរកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃការបកស្រាយរបស់មេពន្ធដារកម្ពុជា ដែលលើកឡើងថា អត្រាពន្ធចំណេញមូលធននៅកម្ពុជាទាបជាងអត្រាយកពន្ធនេះនៅបារាំង និងអូស្ត្រាលី។
ព័ត៌មានដដែលនេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកឈ្មោះ Angkor Fresh ចម្លងពីសារព័ត៌មាន Fresh News យកទៅបង្ហោះបន្តនៅលើទំព័របណ្ដាញសង្គមរបស់ខ្លួនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់ទំព័រហ្វេសប៊ុក Angkor Fresh កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានចម្លងចេញពីសារព័ត៌មាន Fresh News។

បន្ទាប់មក អ្នកប្រើប្រាស់បណ្ដាញសង្គម បានបញ្ជាក់ថា ការលើកឡើងរបស់មេពន្ធដារកម្ពុជាមិនត្រឹមត្រូវនោះឡើយ ហើយថា ប្រទេសបារាំងបានកំណត់ការយកពន្ធលើចំណេញមូលធនត្រឹមតែ ១៩ភាគរយប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីសំណេរនៅលើបណ្ដាញសង្គមរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ការដែលមេពន្ធដារខ្មែរលើកឡើងថា ប្រទេសបារាំង និងអាមេរិក យកពន្ធលើចំណេញមូលធន (Capital Gain Tax)ចំនួន ៤០% និង ៥០% គឺខុសទាំងស្រុង។ ប្រទេសបារាំងយកពន្ធចំណេញមូលធនតែ ១៩ភាគរយទេ ហើយប្រទេសអាមេរិកអត្រាពន្ធលើចំណេញមូលធនមាន ០%, ១៥%, និង ២០% ទៅតាមកម្រិតចំណូលមនុស្សម្នាក់ៗ និងតាមប្រភេទចំណេញមូលធនជារយៈពេលវែង ឬខ្លី។ រីឯរដ្ឋខ្មែរ យកពន្ធលើចំណេញមូលធនជាអត្រាថេរ ២០% ប្រៀបធៀបនឹងប្រទេសអ្នកមានទាំងពីរនេះ គឺមានអត្រាពន្ធច្រើនជាង […]»។

ការអះអាងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនេះ ទទួលបានការចែករំលែកបន្តជាច្រើន និងមានការបញ្ចេញមតិយោបល់ច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។

សំណេរនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ។
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការស្វែងរកព័ត៌មាននិយាយអំពីអត្រាពន្ធចំណេញមូលធនអនុវត្តនៅក្នុងប្រទេសបារាំង និងអូស្ត្រាលី ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
អត្រាពន្ធលើចំណេញមូលធននៅបារាំង
ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសបារាំង មានច្រើនប្រភេទដែលត្រូវបានអនុវត្តទៅលើក្រុមហ៊ុន អាជីវកម្ម សេវាកម្ម និងបុគ្គលជាប់បន្ទុកពន្ធនានា ក្នុងនោះពន្ធលើប្រាក់ចំណេញមូលធនផងដែរ។
ក្រុមហ៊ុន PricewaterhouseCooper (PWC) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកដែលផ្ដល់ប្រឹក្សាអំពីសវនកម្ម សេវាកម្ម ច្បាប់ និងពន្ធដារ បានរៀបរាប់នៅលើវេបសាយរបស់ខ្លួនថា បារាំងបានកំណត់យកពន្ធចំណេញមូលធនទៅលើវិស័យផ្សារមូលបត្រ ឬផ្សារភាគហ៊ុន និងវិស័យអចលនទ្រព្យ។
បើតាមខ្លឹមសារសង្ខេបដោយក្រុមហ៊ុន PWC បារាំងកំណត់ពន្ធចំនួន ៣០ភាគរយទៅលើប្រាក់ចំណេញដែលបានមកពីការលក់ភាគហ៊ុន ដែលអត្រានេះបានបូកបញ្ចូលរួចហើយនូវពន្ធលើប្រាក់ចំណូល ១២.៨ភាគរយ និងមូលនិធិសន្តិសុខសង្គម ១៧.២ភាគរយ។
ចំណែកឯវិស័យអចលនទ្រព្យវិញ បារាំងបានកំណត់យកពន្ធលើចំណេញមូលធនក្នុងអត្រា ១៩ភាគរយ ប៉ុន្តែ ចំណេញមូលធននេះ ក៏ត្រូវជាប់បន្ទុកបង់មូលនិធិសង្គមអត្រា ១៧.២ភាគរយទៀត នាំឱ្យប្រាក់ចំណេញសុទ្ធដែលបានមកពីការលក់អចលនទ្រព្យ ត្រូវជាប់បន្ទុកពន្ធអាកររហូតដល់ ៣៦.២ភាគរយ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)។
ក្រៅពីក្រុមហ៊ុន PWC ក្រុមហ៊ុនសហការីបារាំងឈ្មោះថា Notaires ក៏បានរៀបរាប់នៅលើវេបសាយរបស់ខ្លួនថា អត្រាពន្ធលើចំណេញមូលធននេះ ស្ថិតនៅក្រោមផ្នែកពន្ធលើប្រាក់ចំណូលស្ថិតក្នុងអត្រា ១៩ភាគរយ និងស្ថិតនៅក្នុងផ្នែកវិភាគទានសន្តិសុខសង្គម ១៧.២ភាគរយ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)។
ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន PWC និងក្រុមហ៊ុន Notaires សុទ្ធតែបញ្ជាក់ថា ការដកពន្ធលើចំណេញមូលធន ត្រូវបានកាត់បន្ថយ ឬលើកលែងទៅតាមលក្ខខណ្ឌផ្សេងៗ។
ខាងក្រោមនេះ គឺជាលក្ខខណ្ឌមួយចំនួននៃការកាត់បន្ថយ ឬលើកលែងការយកពន្ធលើចំណេញមូលធនបានមកពីការលក់អចលនទ្រព្យនៅក្នុងស្រុកបារាំង ហើយ Fact Crescendo សូមប្រែសម្រួលពីអត្ថបទរបស់ក្រុមហ៊ុន PWC ដូចខាងក្រោមនេះ៖
- ផលចំណេញដែលទទួលបានពីការលក់លំនៅឋានរស់នៅជាប្រចាំ មិនជាប់បន្ទុកពន្ធលើចំណេញមូលធនទេ
- ការលើកលែងពន្ធស្រដៀងគ្នានេះ ក៏ធ្វើឡើងផងដែរចំពោះបុគ្គលដែលបានផ្ទេរលំនៅឋានជាប់ពន្ធរបស់ពួកគេទៅក្រៅប្រទេសបារាំង ស្ថិតនៅក្នុងប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ឬប្រទេស ឬដែនដីមួយដែលបានចុះកិច្ចព្រមព្រៀងជាមួយបារាំងស្ដីពីជំនួយរដ្ឋបាលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការគេចវេសពន្ធ និងការកុហកឆបោកពន្ធ។ បុគ្គលជាប់កាតព្វកិច្ចពន្ធបែបនេះ ទទួលបានអត្ថប្រយោជន៍ពីការលើកលែងពន្ធចំណេញមូលធនដែលបានមកពីការលក់អតីតលំនៅឋានរបស់ពួកគេ ប្រសិនបើ៖
- អតីតលំនៅឋានរស់នៅជាប្រចាំរបស់ពួកគេ លក់ចេញនៅមុនថ្ងៃទី៣១ ខែធ្នូនៃឆ្នាំនីមួយៗ ក្រោយពីការឆ្នាំដែលបានផ្ទេរ និង
- អតីតលំនៅឋានរស់នៅជាប្រចាំនោះ មិនត្រូវបានជួល ឬកាន់កាប់ដោយបុគ្គលទីបីនៅចន្លោះកាលបរិច្ឆេទនៃការផ្ទេរចេញពីបារាំង និងកាលបរិច្ឆេទនៃការលក់ចេញ។
- ផលចំណេញដែលទទួលបានពីការលក់ដែលកើតឡើងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។
- ផលចំណេញដែលបានពីការលក់អចលនទ្រព្យមួយទៀត (ជាឧទាហរណ៍ លំនៅឋានរស់នៅជាប្រចាំទីពីរ) មិនជាប់បន្ទុកបង់ពន្ធចំណេញមូលធនទេ ប្រសិនបើតម្លៃលក់មានទំហំក្រោម ១៥,០០០អឺរ៉ូ។
- ផលចំណេញបានមកពីការលក់លើកដំបូងនៃលំនៅឋានទីពីរ ទទួលបានការលើកលែងពន្ធចំណេញមូលធន ប្រសិនបើអ្នកលក់មិនកាន់កាប់លំនៅឋានចម្បងអំឡុងពេល ៤ឆ្នាំមុនការលក់ និងប្រសិនបើតម្លៃលក់ ត្រូវបានយកទៅទិញលំនៅឋានចម្បងមួយទៀត។
- ផលចំណេញបានមកពីការលក់អចលនទ្រព្យនៅក្នុងប្រទេសបារាំងរបស់អ្នករស់នៅមិនមែនជាជនជាតិបារាំង អាចទទួលបានការលើកលែងកាតព្វកិច្ចបង់ពន្ធចំណេញមូលធននេះ ប្រសិនបើ៖
- ការលក់នោះធ្វើឡើងមុនថ្ងៃទី៣១ ខែធ្នូនៃឆ្នាំទី១០ បន្ទាប់ពីការចាកចេញពីប្រទេសបារាំង ឬ
- គ្មានលក្ខខណ្ឌពេលវេលាទេ ប្រសិនបើលំនៅឋាននោះមិនត្រូវបានជួលទៅឱ្យ ឬកាន់កាប់ដោយបុគ្គលទីបីចាប់ពីថ្ងៃទី០១ ខែមករា នៃឆ្នាំមុនការលក់លំនៅឋាននោះ។
- ការលើកលែងកាតព្វកិច្ចបង់ពន្ធចំណេញមូលធន ក៏ត្រូវគ្របដណ្ដប់ទៅលើពលរដ្ឋនៃប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបផងដែរ ដែលប្រទេសទាំងនោះបានចុះកិច្ចព្រមព្រៀងពន្ធដារជាមួយប្រទេសបារាំង។
- អត្រាពន្ធលើចំណេញមូលធនបានមកពីការលក់អចលនទ្រព្យ ត្រូវបានកាត់បន្ថយ ៦ភាគរយនៅរៀងរាល់ឆ្នាំ ប្រសិនបើម្ចាស់អចលនទ្រព្យបានកាន់កាប់អចលនទ្រព្យនោះចាប់ពី ៦ឆ្នាំឡើង។
- អត្រាពន្ធលើចំណេញមូលធនបានមកពីការលក់អចលនទ្រព្យ ត្រូវបានកាត់បន្ថយ ៤ភាគរយបន្ថែមទៀតសម្រាប់ម្ចាស់ដែលកាន់កាប់អចលនទ្រព្យនោះចាប់ពី ២២ឆ្នាំឡើង។ ចំណុចនេះ នាំឱ្យមានការលើកលែងកាតព្វកិច្ចបង់ពន្ធចំណេញមូលធន បន្ទាប់ពីបុគ្គលម្នាក់បានកាន់កាប់អចលនទ្រព្យលើសពី ២២ឆ្នាំឡើង។
ពន្ធបន្ថែម នឹងត្រូវអនុវត្តទៅលើផលចំណេញបានមកពីការលក់អចលនទ្រព្យមានតម្លៃលើសពី ៥០,០០០អឺរ៉ូ ហើយអាស្រ័យទៅលើអចលនទ្រព្យជាជាងទំហំអគារ។ ក្នុងន័យនេះ អត្រាពន្ធលើចំណេញមូលធន ត្រូវកើនពី ២ភាគរយ ទៅ ៦ភាគរយ ហើយក៏អនុវត្តបន្ថែមទៅលើពន្ធចំណូល និងវិភាគទានសង្គមផងដែរ។
អត្រាពន្ធលើចំណេញមូលធននៅអូស្ត្រាលី
វេបសាយការិយាល័យពន្ធដារអូស្ត្រាលី បានឱ្យដឹងថា ពន្ធលើចំណេញមូលធន គឺជាពន្ធលើប្រាក់ចំណូលដែលបានមកពីការលក់ទ្រព្យសកម្មរួមបញ្ចូលទាំងការវិនិយោគ ដូចជា អចលនទ្រព្យ ភាគហ៊ុន និងទ្រព្យសកម្មភាពគ្រីបតូ(crypto)។
បើតាមវេបសាយក្រុមហ៊ុន PWC នៅក្នុងប្រទេសអូស្ត្រាលី ពន្ធលើប្រាក់ចំណូលត្រូវបានរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីកំណត់យកនៅអត្រា ៣៧ភាគរយ។ សូមអានលម្អិតនៅទីនេះ (archived)។
វេបសាយ www.money.com.au បានរៀបរាប់ថា បុគ្គលម្នាក់ដែលកាន់កាប់អចលនទ្រព្យក្រោម ១២ខែ នឹងត្រូវបង់ពន្ធចំណេញមូលធន ១០០ភាគរយនៃផលចំណេញ។ សម្រាប់បុគ្គលដែលកាន់កាប់អចលនទ្រព្យលើសពី ១២ខែ ពួកគេនឹងត្រូវបង់ពន្ធចំណេញមូលធនបានមកពីការលក់អចលនទ្រព្យនោះ ត្រឹមតែ ៥០ភាគរយប៉ុណ្ណោះនៃផលចំណេញនោះ។
វេបសាយដដែលនេះ បានឱ្យដឹងទៀតថា ប្រសិនបើបុគ្គលម្នាក់រកប្រាក់ចំណូលបាន ៤០,០០០ដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ បុគ្គលនោះជាប់បន្ទុកពន្ធត្រឹម ៣២.៥ភាគរយប៉ុណ្ណោះ ខណៈដែលបុគ្គលរកចំណូលបាន ៦០,០០០ម៉ឺនដុល្លារអូស្ត្រាលីឡើងទៅ នឹងជាប់បន្ទុកពន្ធ ៣៧ភាគរយ។ សូមអានលម្អិតនៅទីនេះ (archived)។
Fact Crescendo បានព្យាយាមស្នើសុំការបកស្រាយ និងពន្យល់បន្ថែមពីអគ្គនាយកដ្ឋានពន្ធដារផងដែរ ប៉ុន្តែ ពុំមានការឆ្លើយតបនោះឡើយរហូតមកដល់ពេលអត្ថបទនេះចេញផ្សាយ។ យើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ប្រសិនបើទទួលបានការពន្យល់ពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។
នៅដើមខែកញ្ញានេះ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានបញ្ជាក់ថា ពន្ធលើចំណេញមូលធន នឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៤ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។
បន្ទាប់ពីផ្ទុះការរិះគន់ច្រើនពីមហាជនជុំវិញការចាប់ផ្ដើមអនុវត្តពន្ធលើចំណេញមូលធនចាប់ពីដើមឆ្នាំក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកមិនទាន់សម្រេចជាផ្លូវការទៅលើការអនុវត្តពន្ធប្រភេទនៅឡើយទេ។

Title:តើអត្រាពន្ធលើចំណេញមូលធននៅកម្ពុជា បារាំង និងអូស្ត្រាលី តើខុសគ្នាដូចម្ដេច?
Written By: Jay UdomResult: Insight