
បន្ទាប់ពីបុរស ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការអំពើហិង្សាទៅលើយុវជន-យុវតីមួយក្រុមកាលពីសប្ដាហ៍មុន រូបថតមួយសន្លឹកបង្ហាញបុរសទាំងបីរូបនោះបានឈរកាន់កាំបិតដងវែង និងដែកទីប សើចញញឹម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតបែបនេះ ត្រូវបានទទួលការចែកចាយ និងប្រតិកម្មមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ជាមួយនឹងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពជនសង្ស័យចំនួន៣នាក់ កាន់កាំបិតដងវែង និងដែកទីប បានឈរសើចសប្បាយ។ អ្នកប្រើប្រាស់ដដែល ពុំបានបញ្ជាក់ព័ត៌មានលម្អិត និងមូលហេតុនៃការឃាត់ខ្លួនជនសង្ស័យខាងលើនោះឡើយ។
រូបថតបង្ហោះខាងលើមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «អរគុណដែលរួមគ្នា ជាន់ពន្លិច វិស័យកាប់ចាក់ក្នុងកម្ពុជា»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ដូចគ្នានេះ ត្រូវបានបង្ហោះ និងផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ តាមការបញ្ជាក់នៅក្នុងអត្ថបទខាងលើ ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន ដោយមានការពាក់ព័ន្ធទៅនឹងករណីយកកាំបិតដងវែងដែកទីប និងមួកសុវត្ថិភាពវាយអ្នកដទៃ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដោយពុំបានបង្ហាញទិដ្ឋភាពជនសង្ស័យទាំង៣នាក់ បានសើចញញឹមនោះឡើយ។

ករណី និងរូបថតខាងលើនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មានក្នុងស្រុកដែលមានឈ្មោះថា Cambodia Express News (CEN) ផងដែរ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ដែលបានសរសេរបញ្ជាក់ថា «ជនសង្ស័យចំនួន០៣នាក់ បងប្អូន ពាក់ព័ន្ធករណីយកកាំបិតដងវែងដែកទីប និងមួកសុវត្ថិភាពវាយអ្នកដទៃ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន»។

Cambodia Express News Report | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ ត្រូវបានកាត់តឱ្យឃើញជនសង្ស័យទាំង៣នាក់ មានទឹកមុខសើចញញឹម ដែលការពិតជនសង្ស័យទាំងនោះ មានទឹកមុខរាបស្មើ និងមិនញញឹមនោះឡើយ។

Title:រូបថតជនសង្ស័យ៣នាក់ត្រូវបានកាត់តបង្ហាញឱ្យឃើញសើចញញឹម
Fact Check By: Kakada SimResult: Altered
