
ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយលើប្រទេសជាច្រើន ដោយរួមមានកម្ពុជាក្នុងអត្រា ៤៩% ផងដែរនោះ ព័ត៌មានមួយត្រូវបានបង្ហោះឡើង និងអះអាងថារដ្ឋបាលលោក Trump សម្រេចបន្ថយពន្ធគយសម្រាប់កម្ពុជាមកត្រឹម ១០% វិញ។ សំណេរជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ដែលនាំឱ្យមានការចោទសួរពីភាពត្រឹមត្រូវនៃព័ត៌មានទាំងនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានមួយ ត្រូវបានផ្សព្វផ្សាយឡើងនៅលើបណ្ដាញសង្គម បានអះអាងថា កម្ពុជាបានចរចាទម្លាក់តម្លៃពន្ធគយនាំចូលសហរដ្ឋអាមេរិកពី ៤៩% មកត្រឹម ១០% ប៉ុណ្ណោះ។ ព័ត៌មាននេះ ត្រូវបានចែកចាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់ទំព័រហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ជាមួយសំណេររៀបរាប់ថា «សូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានខិតខំចរចារទម្លាក់តំលៃពន្ធទំនិញនាំចូលពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកពី ៤៩% ទៅ ១០%»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមមានខ្លឹមសារដូចគ្នា ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត ហើយក៏ត្រូវបានចែកចាយបន្ដយ៉ាងច្រើនផងដែរ។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងចែកចាយបន្ដដោយទំព័រហ្វេសប៊ុកដទៃទៀតផងដែរ ដែលអះអាងក្នុងន័យថា រដ្ឋបាលលោក Trump បន្ថយពន្ធគយសម្រាប់កម្ពុជាមកត្រឹម ១០% ។
ដោយសារវាមានភាពផុសផុលនៅលើបណ្ដាញសង្គម គេអាចរកឃើញការអះអាងស្រដៀងគ្នានេះនៅលើបណ្ដាញសង្គម តាមរយៈតំណភ្ជាប់ជាច្រើនទៀតមាននៅទីនេះ៖ Link 1 (archived), Link 2 (archived) និង Link 3 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ តាមរយៈការពិនិត្យមើលសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីរាយការណ៍ព័ត៌មានពីសារព័ត៌មានអន្ដរជាតិធំៗ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយនៅលើប្រទេសជាច្រើនទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរក្នុងកម្រិតពន្ធគយថ្មី ៤៩% ខណៈពេលដែលកម្ពុជាបាននាំទំនិញចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិករហូតដល់ ៩៧% នៃទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ។
ខាងក្រោមនេះ គឺជាតារាងនៃកម្រិតពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាមានអត្រាពន្ធគយខ្ពស់ជាងគេបង្អស់ក្នុងកម្រតិ៤៩%។
Phnom Penh Post | Archived Link
បើតាមការចុះផ្សាយចុងក្រោយរបស់សារព័ត៌មាន CNBC កម្ពុជានៅតែរងការដាក់ពន្ធគយខ្ពស់ដដែលនៅក្នុងកម្រិត ៤៩% ទោះបីទំហំនៃការនាំចូលទៅក្នុងសហរដ្ឋអាមេរិកមានអត្រាទាបជាងបណ្ដាប្រទេសដទៃទៀតក៏ដោយ។
ការសម្រេចចិត្តរបស់លោក ត្រាំ បានកើតឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើងជាសកល បានគំរាមកំហែងដល់សង្រ្គាមពាណិជ្ជកម្ម ខណៈដែលពន្ធគយដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក ត្រាំ បានប្រកាសកាលពីសប្ដាហ៍មុន បានបង្កើនការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងការកើនឡើងតម្លៃយ៉ាងខ្លាំងសម្រាប់ទំនិញជាច្រើននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
CNBC News Report | Archived Link
បើយោងតាមសារលិខិតផ្លូវការមួយរបស់លោកនាយករដ្ឋមន្រី្តកម្ពុជា ហ៊ុន ម៉ាណែត ផ្ញើជូនលោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាមេរិកចំនួន ១៩ប្រភេទ និងបានស្នើសុំភាគីរដ្ឋបាលលោក ត្រាំ សម្រាប់ការចរចាទាក់ទងទៅនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជាផងដែរ។
ខាងក្រោមនេះ គឺជាលិខិតទាំងស្រុងដែលលោក ហ៊ុន ម៉ាណែត បានផ្ញើជូនលោកប្រធានាធិបតី ត្រាំ។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានធ្វើការផ្ញើសារលិខិតមួយច្បាប់ជូនឯកអគ្គរដ្ឋទូតលោក Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដោយស្នើសុំការចរចាជុំវិញវិធានការដំឡើងពន្ធគយរបស់រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ។ ក្នុងខ្លឹមសារលិខិតខាងលើនេះ កម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយលើទំនិញអាមេរិកលើទំនិញ ១៩ប្រភេទ មកត្រឹម ៥% តែប៉ុណ្ណោះ។
Office of the Council of Ministers | Archived Link
ក្រុមការងារ Fact Crescendo នឹងធ្វើបច្ចុប្បន្នភាពនៃព័ត៌មាននេះបន្ថែមទៀត ប្រសិនបើមានការប្រែប្រួល ឬវិធានការថ្មីនៃការកម្រិតពន្ធគយរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋានFact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះទេ។ គិតត្រឹមថ្ងៃចុះផ្សាយអត្ថបទនេះ រដ្ឋបាលលោកត្រាំ មិនទាន់បានបន្ថយពន្ធគយសម្រាប់កម្ពុជាមកត្រឹម ១០% ជាផ្លូវការដូចការអះអាងនោះទេ ខណៈពេលដែលកម្ពុជាប្រកាសកាត់បន្ថយពន្ធគយលើទំនិញអាមេរិកលើទំនិញ១៩ប្រភេទមកត្រឹម ៥%។

Title:ព័ត៌មានក្លែងក្លាយថា រដ្ឋបាល Trump បន្ថយពន្ធគយសម្រាប់កម្ពុជាមកត្រឹម១០ភាគរយ
Written By: Kakada SimResult: Misleading