
រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពមនុសមួយក្រុមស្ថិតនៅក្នុងទឹកមួយកន្លែង និងសត្វក្រពើ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ ដែលភ្ជាប់នឹងការអះអាងថា សត្វក្រពើមួយនោះ បានវាយប្រហារ និងស៊ីមនុស្សមួយក្រុមពេលកំពុងតែហែសព។ ការបង្ហោះបែបនេះ បានទទួលការចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «ABC TV» បានបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញនូវទិដ្ឋភាពសត្វក្រពើមួយក្បាល និងមនុស្សមួយក្រុមនៅក្នុងទឹកទន្លេ។ ការបង្ហោះនេះ ត្រូវបានភ្ជាប់ជាមួយនឹងសំណេរជាភាសាខ្មែរថា សត្វក្រពើមួយក្បាលខាងលើ បានវាយប្រហារ និងស៊ីមនុស្សទាំងអស់នោះ ក្នុងអំឡុងពេលពួកគេកំពុងតែហែសពឆ្លងទឹកទន្លេ។
ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់ទីតាំង និងមូលហេតុច្បាស់លាស់នៃហេតុការណ៍នោះឡើយ ដែលការបង្ហោះនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុងចេញពីប៉ុស្ដិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ស្ដែងៗ!! ក្រពើវាយប្រហារ និងស៊ីមនុស្សក្នុងទន្លេពេលហែសព»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ទិដ្ឋភាពឈុតឆាកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង គឺត្រូវបានរកឃើញនៅលើគេហទំព័រវីដេអូ YouTube កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ គេហទំព័រខាងលើនេះ បានបញ្ជាក់ព័ត៌មានបន្ថែមនៅក្នុងវីដេអូរបស់ខ្លួនជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា វីដេអូនេះ គឺជាវីដេអូសម្ដែង ដែលផលិតដោយក្រុមការងារ Wild Fighter កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ វីដេអូសម្ដែងមួយឃ្លីប បង្ហាញឱ្យឃើញមានឈុតឆាកសត្វក្រពើបានធ្វើការវាយប្រហារមនុស្សអំឡុងពេលពួកគេកំពុងតែឆ្លងទឹកទន្លេ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពវីដេអូសម្ដែងទាំងស្រុង ដែលបានបង្ហោះនៅលើគេហទំព័រ YouTube កាលពីខែកក្កដា ឆ្នាំ២០២២។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការពិតទិដ្ឋភាពក្រពើវាយប្រហារ និងស៊ីមនុស្សនោះ គឺជាវីដេអូសម្ដែង ដែលថត និងផលិតដោយក្រុម Wild Fighter កាលពីខែកក្កដា ឆ្នាំ២០២២កន្លងមកម្ល៉េះ។

Title:វីដេអូបង្ហាញទិដ្ឋភាពក្រពើវាយប្រហារមនុស្ស គឺជាវីដេអូសម្ដែង
Fact Check By: Kakada SimResult: Missing context