តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​មែន​ឬ​ទេ​?​

Explainer Social

បាត់ដំបង​ គឺ​ជា​ខេត្ត​មួយ​នៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង​ មាន​ទី​ប្រជុំជនធំ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ដែល​ស​ម្បូរ​ទៅ​ដោយស្ថាបត្យកម្ម​សំណង់​បេតិកភណ្ឌ​ល្អ​ប្រណិត​ជា​ច្រើន​ និង​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​បារាំង​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ផ្លូវ​ដែល​មាន​សំណង់​បុរាណ​ និង​អាគារ​នា​ពេល​រាត្រី​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​អះ​អាង​ថា​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ ភ្ជាប់​ដោយ​រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​ទិដ្ឋ​ភាព​សំណង់​អាគារ​បែប​ស្ថាបត្យកម្ម​បារាំង​ និង​អាគារ​ខ្ពស់​មួយ​ ដោយ​ភ្ជាប់​ទៅ​នឹង​ខេត្ត​បាត់​ដំបង​។​​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ក្រៅ​ពី​​​សំណង់បុរាណ​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ខេត្ត​បាត់ដំបង​នៅ​មាន​សំណង់​​បេតិកភណ្ឌ​ចំណាស់​ៗ​ជា​ច្រើន​ទៀត ដែល​កសាង​ឡើង​តាំងពី​សម័យ​លោក​ម្ចាស់ ដែល​គួរ​តែ​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស​។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «នៅ​បាត់ដំបង​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​រូប​ថត​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google និង​ការ​ស្រាយ​បំភ្លឺ​របស់​លោក​ អ៊ូ​ វីរៈ​ ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហ​ទំព័រ​ Getty Images។​ គេហ​ទំព័រ​ដដែល​នេះ​​ បាន​បញ្ជាក់​ទីតាំង​នៃ​​ផ្លូវ​មួយ​នេះ​ ជា​ភាសា​អង់គ្លេស​ថា​ «Historic houses of Emerald Hill Road off Orchard Street, Singapore»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «សំណង់​ផ្ទះ​បុរាណ​នៅ​ដង​ផ្លូវ​ Emerald Hill ក្បែរ​ផ្លូវ​ Orchard ក្នុង​ប្រទេស​សិង្ហបុរី​​»។​

Getty Images Link | Archived Link

រូប​ថត​ដូច​គ្នា​មួយ​សន្លឹក​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហ​ទំព័រ​ Alamy ដែល​ជា​គេហ​ទំព័រ​សោតទស្សន៍​ដ៏​ធំ​មួយ​ផង​ដែរ​ ដោយ​ពុំ​បាន​បញ្ជាក់​ថា​ទីកន្លែង​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋភាព​ផ្លូវ​ Orchard និងផ្លូវ ​Emerald Hill ដែល​ជា​ទីប្រជុំជន​នៃ​ទីក្រុង​កោះ​សិង្ហបុរី​​»​។​

Alamy Link | Archived Link

ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ក៏​បាន​ធ្វើ​ការ​ទាក់​ទង​ និង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​ អ៊ូ​ វីរៈ​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ​។​ តាម​រយៈ​​ប្រព័ន្ធ​បញ្ជូន​សារ Messenger លោក​ អ៊ូ​ វីរៈ​ បាន​បញ្ជាក់​ថា​ សារ​បង្ហោះ​នោះ​ គឺ​ជា​ការ​បង្ហោះ​លេង​សើច​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​។​

តើ​ទិដ្ឋភាព​ផ្លូវ​មួយ​នេះ​ ស្ថិត​នៅ​ទី​ណា​?​

ទិដ្ឋភាព​នៃ​ផ្លូវ​មួយ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​​ថា​ Emerald Hill ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​សិង្ហបុរី​ ប្រទេស​សិង្ហបុរី​។​ ផ្លូវ​មួយ​នេះ​ បាន​រំលេចនូវ​រច​នាបថស្ថា​បត្យកម្ម​បែប​បុរាណ​ និង​មាន​ហាង​ទំនិញ​ចម្រុះ​ពណ៌​ជា​ច្រើន​ជួរ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​ Google Map ដែល​បាន​បង្ហាញ​ទិដ្ឋភាព​រួម​នៃ​ដង​ផ្លូវ​ Emerald Hill។​

Google Map | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ គឺ​គ្រាន់​តែ​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ​។​ រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ដង​ផ្លូវ​មួយ​នៅ​ក្នុង​ទីក្រុង​សិង្ហបុរី​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ «Emerald Hill» ។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​មែន​ឬ​ទេ​?​

By: Kakada Sim 

Result: Explainer

Leave a Reply

Your email address will not be published.