ការអះអាង​មិន​ត្រឹម​ត្រូវ​ថា ជន​ជាតិ​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​រញ្ជួយ​ដី​ថ្មី​កើត​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

False International

ខណៈ​ដែល​ប្រជាជន​ថៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទូទាំង​ប្រទេស​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ប្រជាជន​ថៃ​រត់​ទាំង​ភ័យ​ខ្លាច​នៅ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ប្រជាជន​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​តែ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ថៃ​សារ​ជា​ថ្មី​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការអះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ឃ្លីប​វីដេអូ​រយៈ​ពេល ១៤​វិនាទី​មួយ​ដែល​បង្ហាញ​មនុស្ស​ម្នា​រត់​ប្រសេច​ប្រសាច​នៅ​លើ​ដង​ផ្លូវ​មួយ ត្រូវ​បាន​គេ​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា រញ្ជួយ​ដី​មួយ​ទៀត​កម្លាំង ៣.៥​រ៉ិចទ័រ បាន​វាយ​ប្រហារ​ប្រទេស​ថៃ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ដែល​បណ្ដាល​ឱ្យ​ប្រជា​ពលរដ្ឋ​ភ័យ​តក់​ស្លុត និង​រត់​គេច​នៅ​លើ​ដង​ផ្លូវ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥ ដោយ​មាន​សំណេរ​នៅ​លើ​វីដេអូ​ឃ្លីប​នោះ​ថា “នៅ​ថៃ​រញ្ជួយ​ដី​សារថ្មី​កម្រិត ៣.៥ [ថ្ងៃ​ទី]១៤-០៤-២០២៥”។

វីដេអូ​ឃ្លីប​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​រហូត​ដល់​ជាង ៣​លាន​ដង ព្រម​ទាំង​ការ​ចែក​ចាយ​បន្ត​រហូត​ដល់ ៥​ពាន់​ដង ខណៈអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​តាម​ខ្លឹមសារ​នេះ។

Facebook Post | Archived Link

វីដេអូ​ឃ្លីប​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ថា “ថៃ​រញ្ជួយ​ដី​សារថ្មី ៣.៥”។

Facebook Post | Archived Link

វីដេអូ​ជាមួយ​ការ​អះអាង​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram ផង​ដែរ​កាល​ពី ៣​ថ្ងៃ​មុន ដោយ​មាន​អក្សរ​នៅ​លើ​ផ្ទៃ​វីដេអូ​ថា “នៅ​ថៃ​រញ្ជួយ​ដី​សារថ្មី​កម្រិត ៣.៥ ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥”។

Instagram Post | Archived Link

ដោយសារ​វា​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម គេ​អាច​រក​មើល​វីដេអូ​នេះ​តាម​រយៈ​តំណ​ភ្ជាប់​ដទៃ​ទៀត​នៅទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), និង Link 4 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​ជួយ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

Google Reverse Image Search បាន​នាំ​ទៅ​រក​ឃើញ​វីដេអូ​ដើម និង​ព័ត៌មាន​លម្អិត​អំពី​វីដេអូ​នេះ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ថៃ KHAOSOD ONLINE កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ថៃ​លេង​ជះ​ទឹក​ដាក់់​គ្នា​សុខៗ​ស្រាប់​តែ​រត់​ចេញ​ប្រសេច​ប្រសាច បន្ទាប់​ពី​ក្រុម​យុវជន​វាយ​តប់​គ្នា​ ដែល​បណ្ដាល​ឱ្យ​មាន​ចលាចល​កើត​ឡើង។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ថៃ​ដដែល​នេះ បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​តំបន់​៨ ស្ថិត​ក្នុង​ទីប្រជុំជន​ហាតយ៉ៃ ស្ថិត​នៅ​ក្នុង​ខេត្ត​សុងក្លា ភាគខាង​ត្បូង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២៥។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សារព័ត៌មាន​ថៃ​ដែល​បាន​ចុះ​ផ្សាយ​ហេតុការណ៍​នោះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥ ដោយ​ភ្ជាប់​មក​ជាមួយ​រូបថតពីរ​សន្លឹក​ដូច​ទៅ​នឹង​វីដេអូ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​ហេតុការណ៍​រញ្ជួយ​ដី​សារជា​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ។

Khaosod’s Report | Archived Link

សារព័ត៌មាន​ថៃ​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​តាម​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ដែល​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា ប្រជាពលរដ្ឋ​លេង​ជះ​ទឹក​សុខៗ​ក៏​រត់​​ចែក​ជើង​គ្នា បន្ទាប់​ពី​ក្រុម​យុវជន​បើក​ការ​ប្រយុទ្ធ​គ្នា។

Khaosod’S Report | Archived Link

សារព័ត៌មាន​ថៃ​មួយ​ទៀត​ឈ្មោះ​ថា Hatyai Focus បាន​ចុះ​ផ្សាយ​ថា សមត្ថកិច្ច​ថៃ​នៅ​តំបន់​នោះ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​រួច​រាល់​ហើយ ពុំ​បាន​រក​ឃើញ​ថា មាន​ការ​ប្រើ​ប្រាស់​កាំភ្លើង​ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ផ្អើល​នោះ​ឡើយ។

សារព័ត៌មាន​មួយ​នេះ បាន​ដក​ស្រង់​សេចក្ដី​បំភ្លឺ​របស់​ប៉ូលិស​ថៃ​នៅ​ខេត្ត​សុងក្លា ដែល​និយាយ​ថា ប្រជា​ពលរដ្ឋ​បាន​ផ្អើល​នាំ​គ្នា​រត់​គេច​ចេញ ដោយសារ​តែ​មាន​ជម្លោះ​ពាក្យ​សម្ដី​គ្នា​រវាង​អ្នក​លេង​ជះ​ទឹក​នៅ​តំបន់​នោះ​តែ​ប៉ុណ្ណោះ។

រញ្ជួយ​ដី​សារជា​ថ្មី​ញ័រ​ដល់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ថៃ

សារព័ត៌មាន​ថៃ The Nation បាន​ចុះ​ផ្សាយ​ថា រញ្ជួយ​ដី​កម្លាំង ៥.៣​រ៉ិចទ័រ បាន​កើត​ឡើង​នៅ​ប្រទេស​ភូមា ហើយ​វា​បាន​បង្ក​ឱ្យ​ញ័រ​ដល់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥។

​សារព័ត៌មាន​ថៃ​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា មាន​តែ​ខេត្ត​ឈៀងម៉ៃ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេសថៃ​តែ​ប៉ុណ្ណោះដែល​បាន​រង​ការ​ញ័រ​រញ្ជួយ​កម្រិត ១.៣​រ៉ិចទ័រ​នៅ​ចំ​ថ្ងៃ​ប្រទេស​ថៃ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ទូទាំង​ប្រទេស។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​មួយ​ផ្នែក​នៃ​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ថៃ The Nation ដែល​បង្ហាញ​ថា ស្រុក​ព្រៅ នៃ​ខេត្ត​ឈៀងម៉ៃ បាន​រង​ការ​រញ្ជួយ​ដី​កម្រិត ១.៤​រ៉ិចទ័រ នៅ​វេលា​ម៉ោង ១២.០៤​ព្រឹក​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២៥។

The Nation’s Report | Archived Link

ចំណែក​ឯ​វីដេអូ​ដែល​បង្ហាញ​ប្រជា​ពលរដ្ឋ​រត់​ចែក​ជើង​គ្នា​នោះ បាន​កើត​ឡើង​នៅ​ខេត្ត​សុងក្លា ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ពោល​គឺ​ស្ថិត​ចម្ងាយ​ជិត ១,៧០០​គីឡូម៉ែត្រ​ពី​ខេត្ត​ឈៀងម៉ៃ។

រូបភាព​ខាង​ក្រោម បង្ហាញ​ខេត្ត​សុងក្លា​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​មាន​ចម្ងាយ​ដល់​ទៅ ១,៦៨៧​គីឡូម៉ែត្រ​ពី​ខេត្ត​ឈៀងម៉ៃ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ជាប់​នឹង​ប្រទេស​ភូមា។

ប្រទេស​ថៃ​បាន​រង​ការ​វាយ​ប្រហារ​ពី​រញ្ជួយ​ដី​មាន​កម្លាំង ៧.៧​រ៉ិចទ័រ ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា​កាល​ពី​ចុង​ខែ​មីនា​កន្លង​មក​នេះ បាន​សម្លាប់់​មនុស្ស​យ៉ាង​តិច ១៧​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Bangkok Post កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា​កន្លង​មក។

បើ​តាម​សេចក្ដី​រាយការណ៍​មួយ​ទៀត​របស់​សារព័ត៌មាន The Nation ខេត្ត​ឈៀងម៉ៃ និង​ឈៀងរ៉ៃ​របស់​​ថៃ​ ក៏​រង​ររំញ័រ​នៃ​រញ្ជួយ​ដី​កម្រិត​ស្រាល​ចំនួន ១២​លើកនៅ​ក្នុង​ប្រទេស​ភូមា ដែល​ត្រូវ​បាន​គេ​កត់ត្រា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៥។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instagram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ដែល​បង្ហាញ​ប្រជា​ពលរដ្ឋ​ថៃ​រត់​ប្រសេច​ប្រសាច​នៅ​តាម​ដង​ផ្លូវ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នោះ មិនពាក់​ព័ន្ធ​នឹង​រញ្ជួយដី​នោះ​ឡើយ។ វីដេអូ​នេះ បង្ហាញ​ប្រជាជន​ថៃ​រត់​ចែក​ជើង​គ្នា​ ក្រោយ​ពី​ពួកគេ​បាន​លឺ​ជម្លោះ​ពាក្យ​សម្ដី​រវាង​ក្រុម​យុវជន ដែល​បាន​កើត​ឡើង​នៅ​តំបន់​៨ នៃ​ខេត្ត​សុងក្លា ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

Avatar

Title:ការអះអាង​មិន​ត្រឹម​ត្រូវ​ថា ជន​ជាតិ​ថៃ​រត់​ចែក​ជើង​គ្នា​ដោយសារ​រញ្ជួយ​ដី​ថ្មី​កើត​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *