
វីដេអូឃ្លីបមួយដែលបង្ហាញការបោះពុម្ពរូបិយប័ណ្ណប្រាក់ដុល្លារមួយកន្លែងការពារដោយសន្ដិសុខប្រដាប់ដោយអាវុធនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាកន្លែងបោះពុម្ពក្រដាសប្រាក់ដុល្លារអាមេរិក។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែកចាយការអះអាងនេះ ជាមួយការបញ្ចេញមតិយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមានរយៈពេល ២០វិនាទី បង្ហាញកន្លែងបោះពុម្ពរូបិយប័ណ្ណប្រាក់ដុល្លារមួយ ដែលមានការការពារយ៉ាងតឹងរឹងដោយក្រុមប៉ូលីសនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ជាមួយការអះអាងថា វាជាទិដ្ឋភាពនៅកន្លែងផលិតលុយសហរដ្ឋអាមេរិក ដែលមានការយាមកាមដោយក្រុមសន្ដិសុខប៉ូលីស។
វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន។
ខាងក្រោម គឺជាវីដេអូឃ្លីប ផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា «នេះគឺជាកន្លែងផលិតលុយនៅសហរដ្ឋអាមេរិក ដាក់សន្ដិសុខប៉ូលីសប៉េអឹមយាមកាម ម៉ត់ចត់ណាស់មិនឱ្យបាត់លុយមួយសន្លឹកណាសោះឡើយ»។
ខាងក្រោមនេះ គឺជាការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញ ដែលត្រូវបានចែកចាយបន្តរហូតជាង ៧ពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាគិតត្រឹមថ្ងៃនេះ។
វីដេអូឃ្លីបនេះ ក៏ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដែលត្រូវបានចែកចាយបន្តរហូតដល់ជិត ៤០០ដង។
ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាមួយផ្សេងទៀត ដែលអ្នកប្រើប្រាស់បានភ្ជាប់ជាមួយនឹងការសរសេរថា «បងប្អូនទស្សនាទាំងអស់គ្នា នេះគឺជាកន្លែងផលិតលុយ…»។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើ តាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
តាមរយៈ Google Reverse Image Search យើងឃើញថាពុំមានវីដេអូឃ្លីប ត្រូវបានបង្ហោះនៅគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការណាមួយនោះទេ។
ផ្អែកតាមការពិនិត្យលម្អិតទៅលើវីដេអូឃ្លីបមានរយៈពេល ២០វិនាទីនេះ គេអាចកត់សម្គាល់ និងមើលឃើញចំណុចមិនប្រក្រតីមួយចំនួនកើតឡើង ដូចជា រូបភាពមនុស្សព្រាលៗដែលមិនបង្ហាញឱ្យឃើញច្បាស់នូវភ្នែក មាត់ និងត្រចៀកជាដើម។
ចំណុចមិនប្រក្រតីមួយទៀតនោះ គឺទំហំនៃប្រាក់ដុល្លារដែលកំពុងតែបោះពុម្ពនោះ មានសន្លឹកធំជាងរូបិយប័ណ្ណប្រាក់ដុល្លារទូទៅ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ The Bureau of Engraving and Printing ឯកសណ្ឋានរបស់កងសន្ដិសុខប៉ូលីសប្រចាំនៅការិយាល័យបោះពុម្ពរូបិយប័ណ្ណ គឺពុំមានទម្រង់ និងភិនភាគដូចគ្នាទៅនឹងវីដេអូអះអាងខាងលើនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បង្ហាញទិដ្ឋភាពកងសន្ដិសុខនៅការិយាល័យបោះពុម្ពរូបិយប័ណ្ណ ឬហៅថា BEP Police Force។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ The Bureau of Engraving and Printing ក៏បានបង្ហាញនូវម៉ាស៊ីនក្នុងការបោះពុម្ពរូបិយប័ណ្ណប្រាក់ដុល្លារផងដែរ ដែលពុំមានទម្រង់ដូចទៅនឹងម៉ាស៊ីនបង្ហាញនៅក្នុងវីដេអូអះអាងនោះទេ។
ខាងក្រោមនេះ គឺជាម៉ាស៊ីនមួយ (Large Examining Printing Equipment) ដែលត្រូវបានប្រើប្រាស់ក្នុងការបោះពុម្ពប្រាក់ដុល្លារអាមេរិក។
គេហទំព័រ Getty Images ជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ ក៏បានបង្ហាញទិដ្ឋភាពនៃទម្រង់ម៉ាស៊ីនផលិតរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកផងដែរ ដែលទម្រង់ និងសណ្ឋាននៃម៉ាស៊ីនមួយនេះ ពុំបានបង្ហាញលក្ខណៈដូចគ្នាទៅនឹងវីដេអូអះអាងនោះទេ។
ដើម្បីបញ្ជាក់ថា ទិដ្ឋភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត ឬយ៉ាងណានោះ យើងយករូបភាពផ្ដាមទាំងនេះ ឱ្យកម្មវិធីវិភាគមាតិកា AI មួយចំនួន ហើយលទ្ធផលបង្ហាញថា ទិដ្ឋភាពទាំងនេះ ពិតជាត្រូវបានបង្កើតឡើងដោយ AI ពិតប្រាកដមែន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីលទ្ធផលនៃការវាយតម្លៃដោយវេបសារវិភាគមាតិកា AI ដែលបង្ហាញថា ទិដ្ឋភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយ AI។
យើងបានរកឃើញផងដែរថា ការិយាល័យបោះពុម្ពរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក (Bureau of Engraving and Printing) គឺជាអង្គភាពមួយស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នរតនាគារជាតិ (United States Department of the Treasury) ដែលមានភារៈកិច្ចក្នុងការបោះពុម្ពលុុយដុល្លារ និងឯកសារសុវត្ថិភាពសំខាន់ៗផ្សេងសម្រាប់រដ្ឋាភិបាល។
The Bureau of Engraving and Printing Link | Archived Link
ការិយាល័យបោះពុម្ពរូបិយប័ណ្ណ មានកងសន្តិសុខផ្ទាល់ខ្លួនហៅថា BEP Police Force។ កងសន្តិសុខនេះ ត្រូវបានបង្កើតឡើង ដើម្បីធានាសុវត្ថិភាព និងការពារទ្រព្យសម្បត្តិសំខាន់ៗរបស់ការិយាល័យបោះពុម្ពរូបិយប័ណ្ណ ដែលជាអង្គភាពផលិត និងបោះពុម្ពប្រាក់ដុល្លារសម្រាប់សហរដ្ឋអាមេរិក។
ក្នុងនោះ តាមគោលការណ៍សន្តិសុខ និងសុវត្ថិភាពរបស់ BEP ការថតរូប ឬថតជាវីដេអូត្រូវបានហាមឃាត់នៅក្នុងតំបន់បោះពុម្ពប្រាក់។ ក្នុងនោះដើម្បីធានាសុវត្ថិភាពសម្រាប់ភ្ញៀវទស្សនា បុគ្គលិក និងការរក្សាទុកទ្រព្យសម្បត្តិនានា មនុស្សគ្រប់រូបត្រូវបានត្រួតពិនិត្យដោយម៉ាស៊ីន X-ray និងម៉ាស៊ីនស្វែងរកលោហៈ (Magnetometer) មុននឹងចូលទៅក្នុងអគារ BEP។
គ្រឿងបន្លាស់សំខាន់ៗ ដូចជាទឹក អាហារ ទូរស័ព្ទដៃ ម៉ាស៊ីនថត កាំបិត កាំភ្លើង ឬស្រេ្ពបាញ់ភ្នែក គឺហាមយកចូលតែម្ដង ដើម្បីការពារ និងថែរក្សាសុវត្ថិភាពរបស់អគារទាំងមូល។
The Bureau of Engraving and Printing Link | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលធ្វើឡើងដោយកម្មវិធី 60 Minutes បង្ហាញទិដ្ឋភាពនៃការបោះពុម្ពរូបិយប័ណ្ណប្រាក់ដុល្លារ ដោយការិយាល័យបោះពុម្ពរូបិយប័ណ្ណ (Bureau of Engraving and Printing) នៅក្នុងរោងចក្ររបស់ខ្លួនក្នុងរដ្ឋតិចសាស់ (Texas)។
គិតត្រឹមបច្ចុប្បន្ននេះ ក្រដាសប្រាក់ដុល្លារអាមេរិក ត្រូវបានចេញជា ៧ប្រភេទ ដូចជា ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លា ៥០ដុល្លារ និង១០០ដុល្លារ។ ក្រដាសប្រាក់នីមួយៗ មានលក្ខណៈពិសេសដោយមានរូបអតីតប្រធានាធិបតីអាមេរិកនៅពីខាងមុខ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះទេ។ វីដេអូបង្ហាញកន្លែងបោះពុម្ពរបិយប័ណ្ណប្រាក់ដុល្លារ ដែលមានការការពារតឹងរឹងពីសំណាក់ក្រុមសន្តិសុខប៉ូលីសនោះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះឡើយ។

Title:វីដេអូបង្ហាញការបោះពុម្ពប្រាក់ដុល្លារការពារដោយកម្លាំងប្រដាប់អាវុធ គឺជាវីដេអូបង្កើតដោយ AI
Fact Check By: Kakada SimResult: Altered
