តើ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថាច់ ណាស៊ី សុគត​ដោយសារ​មូលហេតុ​អ្វី?

Misleading Social

ខណៈ​ដែល​វៀតណាម​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​ការ​ជជែក​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​កាល​ពី​ដើម​ខែ​នេះ បាន​និយាយ​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ បាន​សុគត​ដោយសារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល ហើយ​ទទួល​បាន​ការ​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​ស្ថិត​ក្នុង​ស្ថានភាព​អាការៈ​មាន​ទុក្ខ ឬ​ជំងឺ ហើយ​អះ​អាង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​អង្គ​នេះ​បាន​សុគត​ដោយសារ​តែ​វៀតណាម​បាន​វាយ​ធ្វើ​បាន ឬ​ដាក់​ថ្នាំ​បំពុល​ក្នុង​ម្ហូប​អាហារ។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ទៀត បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ​ទៅ​នឹង​ការ​អះ​អាង​មួយ​នេះ។

ខាង​ក្រោម​នេះ​គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​សុគត ដោយសារ​ចោរ​យួន​វាយ​ធ្វើ​បាប? ឬ​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក​-​អាហារ សូម​ប្រយ័ត្ន​(ចោរ​យួន)»។

ក្រោយ​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ការ​អះអាង​ខាង​លើ​នេះ បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន ដោយ​លុប​ចោល​ពាក្យ​«យួន»​ចេញ​ទៅ​វិញ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ខាង​លើ​ បន្ទាប់​ពី​ត្រូវ​បាន​កែ​ប្រែ​សំណេរ​ដែល​រៀបរាប់​ថា «ព្រះ​សង្ឃ​ស្នេហារ​ជាតិ​ខ្មែរ​ក្រោម​សុគត ដោយសារ​តែ​ចោរ​វាយ​ធ្វើ​បាប ឬ​ដាក់​ថ្នាំ​ពុល​ក្នុង​ទឹក-អាហារ សូម​ប្រយ័ត្ន»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេបស៊ុក​មួយ​ទៀត ដែល​បាន​បង្ហោះ​ការអះអាងដដែល​នេះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​មក​នេះ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​សម្ភាស​ជាមួយ​ប្រភព​ដែល​បាន​ដឹង​ពី​ការ​សុគត​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​មួយ​អង្គ​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​មតិ​យោបល់​ដែល​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​ខាង​លើនេះ Fact Crescendo Cambodia បាន​រក​ឃើញ​មនុស្ស​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ប្រាប់​ពី​រឿង​រ៉ាវ​នៃ​ការ​សុគត​របស់​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​អង្គ​នេះ។

ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Thạch Khemara បាន​បញ្ចេញ​មតិ​តប​នឹង​ការ​អះ​អាង​ខាង​លើ ដោយ​បញ្ជាក់​ថា ព្រះ​សង្ឃ​ដែល​បាន​សុគត​នោះ ជា​ប្អូន​ប្រុស​របស់​លោក ហើយ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

គណនី​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ស្នើ​ទៅ​អ្នក​បង្ហោះ​ការ​អះ​អាង​នេះឱ្យ​លុប​ចោល​ទៅ​វិញ ដោយ​ថា ការ​បង្ហោះ​ការ​អះ​អាង​នេះ ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ក្រុម​គ្រួសារ​លោក។

Archived Link

គណនី​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​សារ​កាន់​ទុក្ខ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ដោយ​បួង​សួង​វិញ្ញាណក្ខន្ធ​ប្អូន​ប្រុស​របស់​លោក​បាន​ដល់​ទីស្ងប់​សុខ។

Facebook Post | Archived Link

នៅ​ពេល Fact Crescendo Cambodia សាក​សួរ​បន្ថែម លោក ថាច់ ខេមរា អាយុ ២៧​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ព្រះ​ភិក្ខុ ថាច់ ណាស៊ី គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​នៅ​ក្នុង​ចំណោម​បង​ប្អូន​សរុប ៤​នាក់ ដែល​រស់នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង ឬ​វៀតណាម​ហៅ​ថា ខេត្ត​តាវិញ​។

លោក ថាច់ ខេមរា ដែល​ជា​ប្រជាជន​វៀតណាម​ដើម​កំណើត​ខ្មែរ​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង បាន​ឱ្យ​ដឹង​ទៀត​ថា ព្រះ​ភិក្ខុ ថាច់ ណាស៊ី បាន​ក្អក​ធ្លាក់​ឈាម​តាម​មាត់​អំឡុង​ពេល​កំពុង​រៀន​សូត្រ​នៅ​ឯ​វត្ត​បរមនិម្មិត្ត​វាលលាក់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង ឬ​វៀតណាម​ហៅ​ខេត្ត​ត្រាវិញ ប៉ុន្តែ ពុំ​អាច​ជួយ​សង្គ្រោះ​បាន។

ពលរដ្ឋ​វៀតណាម​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ បាន​ឱ្យ​ដឹង​បន្ថែម​ថា ប្អូន​ប្រុស​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ​តាំង​តូច ហើយ​មាន​ជំងឺ​ពោះវៀន​កម្រិត​ធ្ងន់ ដែល​ព្រះ​ភិក្ខុ​អង្គ​នេះ​មិន​បាន​ដឹង​នោះ​ឡើយ។

លោក ខេមរា អះ​អាង​ថា លោក​ស្ថិត​នៅ​ឯ​មន្ទីរ​ពេទ្យ​ជាមួយ​ប្អូន​ប្រុស​លោក ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅទីនោះ ហើយ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា ប្អូន​ប្រុស​លោក​មាន​ជំងឺ​ពោះ​វៀន​ធ្ងន់​ធ្ងរ ហើយ​គាំង​បេះដូង ដែល​មិន​អាច​ជួយ​សង្គ្រោះ​បាន​នោះ​ឡើយ។

ទាក់ទង​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​អំពី​មូលហេតុ​នៃ​ការ​សុគត​របស់​ប្អូន​ប្រុស​លោក លោក ថាច់ ខេមរា បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​នេះ ហើយ​និយាយ​ថា ប្អូន​ប្រុស​របស់​លោក​​មិន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

លោក ខេមរា បាន​ឱ្យ​ដឹង​ទៀត​ថា ការ​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​បាន​នេះ បាន​បង្ក​ក្ដី​កង្វល់​សម្រាប់​គ្រួសារ​របស់​លោក និង​សហគមន៍​ខ្មែរ​កម្ពុជា​នៅ​វត្ត​បរម​និម្មិត្ត​វាលលាក់​ផង​ដែរ បន្ទាប់​ពី​មាន​ការ​សួរ​នាំ​ពី​ខាង​អាជ្ញាធរ​វៀតណាម។

សូម​ស្ដាប់​សម្ដី​ដើម​ទាំង​ស្រុង​របស់​លោក ថាច់ ខេមរា ដែល​បាន​ឆ្លើយ​តប​នឹង​ការ​សាក​សួរ​របស់​អ្នកសារព័ត៌មាន​ត្រួត​ពិនិត្យ​ការ​ពិត​នៃ​សារព័ត៌មាន Fact Crescendo Cambodia តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

ក្រៅ​ពី​លោក ថាច់ ខេមរា ដែល​ជា​បង​ប្រុស​បង្កើត​របស់​ព្រះ​ភិក្ខុ ថាច់ ណាស៊ី គណនី​ហ្វេសប៊ុក​មួយ​មួយ​ទៀត​ឈ្មោះ ថាច់ សុផាត ដែល​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​ជា​ព្រះ​សង្ឃ​នោះ ក៏​បាន​បញ្ចេញ​មតិ​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ ដោយ​បាន​ទាមទារ​ទៅ​អ្នក​បង្ហោះ​ការ​អះ​អាង​នេះ ឱ្យ​កែ​ប្រែ​សំណេរ​របស់​ខ្លួន​វិញ។

Archived Link

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ព្រះ​តេជគុណ ថាច់ សុផាត បាន​ប្រាប់​ Fact Crescendo Cambodia ឱ្យ​ដឹង​បន្ថែម​ថា ព្រះ​ភិក្ខុ ថាច់ ណាស៊ី ជា​ព្រះ​សង្ឃ​គង់​នៅ​រៀន​សូត្រ​ជាមួយ​ព្រះ​អង្គ ហើយ​បាន​ធ្លាក់​ខ្លួនឈឺ​ភ្លាមៗ​អំឡុង​ពេល​រៀន​សូត្រ។

ព្រះ​តេជគុណ ថាច់ សុផាត ក៏​បាន​ច្រាន​ចោល​ការ​អះ​អាង​ខាង​លើ​ដែរ ដោយ​បញ្ជាក់​ថា ព្រះ​ភិក្ខុ ថាច់ ណាស៊ី បាន​សុគត​ដោយ​សារ​ជំងឺ មិន​មែន​បណ្ដាល​មក​ពី​ការ​បំពុល​នៅ​ក្នុង​ទឹក ឬ​ម្ហូប​អាហារ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នោះ​ឡើយ។

សូម​ស្ដាប់​សម្ដី​ទាំង​ស្រុង​របស់​ព្រះ​តេជគុណ ថាច់ សុផាត ដែល​បាន​បក​ស្រាយ​ប្រាប់​អ្នក​ត្រួត​ពិនិត្យ​ការ​ពិត​នៃ​សារព័ត៌មាន Fact Crescendo Cambodia ជុំ​វិញ​ការ​សុគត​របស់​ព្រះ​ភិក្ខុ ថាច់ ណាស៊ី តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ព្រះ​តេជគុណ ថាច់ សុផាត យើង​បាន​រក​ឃើញ​ការ​ចែក​រំលែក​​ព័ត៌មាន​អំពី​ការ​​សុគត​របស់​ព្រះ​ភិក្ខុ ថាច់ ណាស៊ី ពី​សំណាក់​គណនី​ហ្វេសប៊ុក​របស់​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត​ព្រះ​នាម Nhan Thach។

សំណេរ​របស់​ព្រះ​តេជគុណ Nhan Thach នៅ​លើ​គណនីហ្វេសប៊ុក​របស់​ព្រះ​អង្គ​ បាន​ឱ្យ​ដឹង​ថា ព្រះ​ភិក្ខុ ថាច់ ណាស៊ី មាន​អការៈ​ក្អក ហើយ​ហូរ​ឈាម​តាម​ច្រមុះ និង​មាត់​អំឡុង​ពេល​កំពុង​សិក្សា​រៀន​សូត្រ​។

សំណេរ​ដដែល​នេះ រៀបរាប់​បន្ត​ថា​ ព្រះ​ភិក្ខុ ថាច់ ណាស៊ី ត្រូវ​បាន​គ្រូៗ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ស្រុក និង​ក្រុង ប៉ុន្តែ ព្រះ​អង្គ​បាន​សុគត​នៅ​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៣១ ខែ​តុលា ក្នុង​ព្រះ​ជន្ម ២៤​ព្រះ​វស្សា។

Facebook Post | Archived Link

សន្និដ្ឋាន Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា ព្រះ​ភិក្ខុ ថាច់ ណាស៊ី មិន​មែន​សុគត​ដោយសារ​ការ​បំពុល​ពី​សំណាក់​ជន​ជាតិ​វៀតណាម ឬ​អាជ្ញាធរ​វៀតណាម​នោះ​ឡើយ។ សមាជិក​គ្រួសារ និង​ព្រះ​សង្ឃ​គង់​សិក្សា​រៀន​សូត្រ​ជាមួយ​គ្នា បាន​អះ​អាង​ថា ព្រះ​អង្គ​សុគត​ដោយសារ​តែ​ជំងឺ​បៀតបៀន​រាង​កាយ។

Avatar

Title:តើ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថាច់ ណាស៊ី សុគត​ដោយសារ​មូលហេតុ​អ្វី?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *