លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មុខ​ព្រួញ​នៃ​ការ​រិះ​គន់ និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ អង្គុយ​ទិញ​បន្លែ​ពី​ស្រ្តី​ម្នាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ លោក​ ហ៊ុន​ សែន​ ពុំ​បាន​អង្គុយ​ទិញ​បន្លែ​នោះ​ឡើយ​ តែ​កំពុង​តែ​សម្លឹង​មើល​អ្វី​ផ្សេង​។​ ការ​បង្ហោះ​បែប​នេះ​ ទទួល​បាន​ការចែក​ចាយ​ និង​មតិ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​មួយសន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ក្នុង​ឈុត​សម្លៀក​បំពាក់​ខ្មៅ​ អង្គុយ​ទិញ​បន្លែ​ពី​ស្ត្រី​ ដែល​អ្នក​ប្រើប្រាស់​បាន​អះអាង​ថា​ ជា​ស្ត្រី​​ជនជាតិ​វៀត​ណាម​ម្នាក់​។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​តា​សែនគា​ត់មិ​នបា​នទិញ​បន្លែ​ស្រី​យួន​ទេ​ គាត់​សម្លឹង​​មើល​​ស្រី​យួន​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​របស់​តា​រា​ហ្វីលីពីន​​លោក​ស្រី​ Sharon Cuneta កាល​ពី​ថ្ងៃ​ទី​០៩​​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។​ រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អង្គុយ​ទិញ​បន្លែ​ពី​ស្ត្រី​ម្នាក់​នោះ​ឡើយ​។​​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​ខាង​លើ​ ដែល​បាន​សរសេរ​ជា​ភាសា​ហ្វីលីពីន​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ តាមរយៈ​កម្មវិធី​ Google Translate ដោយ​មាន​ន័យ​ថា​ «តើ​ក្មេ​ងនេះ​នៅ​ឯណា​?!!! ខ្ញុំ​ចង់ទិ​ញ​បន្លែ​រប​ស់គាត់​រាល់ថ្ងៃ​ ឬ​មាន​អ្នកណា​ជួយ​ទិញ​ ទើប​គាត់​បាន​ទៅ​រៀន​​»។​

Instagram Post | Archive Link

ដូច​គ្នា​នេះ​ ច្បាប់​ដើម​នៃ​រូប​ថត​បង្ហោះ​ខាង​លើ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ផង​ដែរ​ នៅ​លើ​គេហទំព័រ​ដទៃ​ផ្សេង​ទៀត​ ដូច​ជាគេហទំព័រ​​ LionhearTV និង​ Eva ក្នុង​អំឡុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។​ ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នាមួយ​ ​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាពក្មេង​ប្រុស​ម្នាក់​ អង្គុយ​ច្រត់​ដៃ​សម្រាក​ អំឡុង​ពេល​លក់​បន្លែ​នៅ​ដង​ផ្លូវ​មួយ​កន្លែង​ ដោយ​​​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អង្គុយ​ទិញ​បន្លែ​ពី​ស្ត្រី​ម្នាក់​នោះ​ឡើយ។​​

Avatar

Title:រូប​ថត​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អង្គុយ​ទិញ​បន្លែ​ ជា​រូប​ថត​កាត់​ត

Fact Check By: Kakada Sim

Result: Satire