តើ​នេះ​គឺ​ជា​ទិដ្ឋភាព​បណ្ណាល័យ​ចល័តក្នុង​អំឡុង​ឆ្នាំ​១៩២៣​មែន​ដែរ​ឬ​ទេ​?

Misleading Social

ស្រប​ពេល​ដែល​ទេសចរណ៍​អំណាន​របស់​លោក​ អ៊ុក​ វណ្ណដេ​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពត​នោះ​ រូប​ថត​​ស​ខ្មៅ​មួយ​សន្លឹក​​ដែល​បង្ហាញ​បណ្ណាល័យ​ចល័ត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​​ជាមួយ​នឹង​ការ​អះអាង​វារូបថត​នៅ​ខេត្ត​កំពត​​ក្នុង​ឆ្នាំ​១៩២៣​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លងទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ជា​ការ​ប្រៀប​ធៀប​ ទិដ្ឋភាព​នៃ​បណ្ណាល័យ​ចល័ត​ រវាង​ឆ្នាំ​១៩២៣​ និង​ឆ្នាំ​២០២៤​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​

ការ​បង្ហោះ​ខាង​លើ​នេះ​​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទេសចរណ៍​អំណាន​លើក​កម្ពស់​ចំណេះដឹង​ និង​កិត្យានុភាព​ជាតិ​យើង​ សូម​ចូល​រួម​គាំទ្រ​ទាំង​អស់​គ្នា​បង​ប្អូន​»​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដទៃ​ទៀត​ផង​ដែរ​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថតដើម​​ចំនួន​៤​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​​ទី​២៧​ ខែ​ឧសភា​ កន្លង​ទៅ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ «ពនេចរ​» ដោយ​បាន​សរសេរ​ថា​ ស្ពាន​ឥន្ធនូ​ឆ្នាំ​១៩២៣​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ លោក​បាន​កែ​សម្រួល​ពណ៌​រូប​ថត​ទៅ​​​ស​​ខ្មៅ​ ដើម្បី​ឱ្យ​មើល​ទៅ​សម​នឹង​ស្ពាន​បុរាណ​ ដែល​ត្រូវ​បាន​ថត​ជាប់ទិដ្ឋភាព​ស្ពាន​ក្រុង​កំពត​​ផង​ដែរ។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​​ចេញ​ពី​​ការ​បញ្ជាក់​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​រូបថត​នេះ​ដំបូង​គេ ដោយ​បញ្ជាក់​ថា ​លោក​គ្រាន់​តែ​កែ​ពណ៌​រូប​ថត​ទៅ​​ស​​ខ្មៅ​​តែ​ប៉ុណ្ណោះ​។​

Facebook Post | Archived Link

ដោយ​សារ​តែ​មាន​ការ​យល់​ច្រឡំ​កាន់​តែ​កើន​ឡើង​ ទំព័រ​ហ្វសប៊ុក​ខាង​លើ​ ដែល​ជា​អ្នក​បង្ហោះ​ដើម​នោះ​ ក៏​បាន​ចេញ​វីដេអូ​ឃ្លីប​បក​ស្រាយ​ និង​បញ្ជាក់​ផង​ដែរ​ ថា​រូប​ថត​ទាំង​នោះ​ គឺ​ជា​រូប​ថត​របស់​លោក​ផ្ទាល់​ ហើយ​ឆ្នាំ​១៩២៣​នោះ​ គឺ​លោក​សំដៅ​ទៅ​លើ​ស្ពាន​ឥន្ធនូ ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពត​តែ​ប៉ុណ្ណោះ​។​

លោក​អ្នក​ អាច​ស្វែង​រក​ និង​មើល​វីដេអូ​ទាំង​ស្រុង​បាន​ នៅ​ខាង​ក្រោម​នេះ​។​

Facebook Post | Archived Link

ព័ត៌មាន​ទាក់​ទងទៅ​នឹង​ការ​ធ្វើ​​ដំណើរ​ទៅ​កាន់​ទៅ​ខេត្ត​កំពត​ របស់​បណ្ណាល័យ​ចល័ត​ ឬ​ទេសចរណ៍​អំណាន​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយផង​ដែរ​ នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ថ្មី​ៗ​។​

Thmey Thmey News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​នៃ​ការ​សម្ភាស​របស់​ស្ថាបនិក​បណ្ណាល័យ​ចល័ត លោក​ អ៊ុក​ វណ្ណដេ​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ រូបថត​បង្ហាញ​ទិដ្ឋភាពបណ្ណាល័យ​ចល័ត ក្នុង​អំឡុង​ឆ្នាំ​១៩២៣ គឺ​ជា​រូប​ថត​បច្ចុប្បន្ន​ ដែល​ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​ថត​ និង​កែ​សម្រួល​ពណ៌​ទៅ​​ ស​ ខ្មៅ​ តែ​ប៉ុណ្ណោះ​។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋភាព​បណ្ណាល័យ​ចល័តក្នុង​អំឡុង​ឆ្នាំ​១៩២៣​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *