Fact Check: តើ​រូបថត​នេះ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​​លិច​នៅ​លើ​កោះ​រុង​​របស់​កម្ពុជា​​មែនដែរ​ឬ​ទេ​​?

False Social

រូបថត​ទេសភាព​កោះ​នានា​ និង​ទីតាំង​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​ចែក​រំលែក​ជាហូរ​ហែរ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​បណ្ដាញ​សង្គម​ផ្សេង​ទៀត។

ក្នុង​​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​នៃ​តំបន់​ទេសចរណ៍​មួយ​កន្លែង​​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ វាគឺ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​រុង​​នៃ​ប្រទេស​កម្ពុជា​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ Free Fun Post បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញអំពី​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​មួយ​។​ រូប​ថត​នេះ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ និង​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ដដែរ​ថា​ ទិដ្ឋ​ភាព​នេះ​គឺ​ជា​កោះ​រុង​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទេស​ភាព​ថ្ងៃ​លិច​នៅ​កោះ​រុង​យើង​ហ្នឹង​ បើ​មាន​ឱកាស​ទៅ​លេង​ផង​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​ Unsplash ដែល​ជា​គេហ​ទំព័រ​សម្រាប់​ការ​ប្រើ​ប្រាស់​រូប​ថត​​ដោយ​សេរី​​មិន​គិត​ថ្លៃ​។ រូប​ថត​មួយ​នេះ ​ត្រូវ​បាន​បង្ហោះឡើង​​ដោយ​លោក​ Darren Lawrence កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​កន្លង​មក​។​

គេហ​ទំព័រ​ដដែល​នេះ​​​ ក៏​បាន​ភ្ឋាប់​ជាមួយ​​​នឹង​ការ​​សរសេរ​រៀប​​រាប់​​ និង​បាន​បញ្ជាក់​ទីតាំង​នៃ​ទិដ្ឋភាព​នៃ​កោះ​​មួយ​នេះ​​ផង​ដែរ​ជា​ភាសា​អង់គ្លេស​ថា​ «Sunset on Koh Nang Yuan Island in Koh Tao, Thailand, Southeast Asia» ឬ​​ដែល​​អាច​​ប្រែ​​សម្រួល​​ជា​​ភាសា​​ខ្មែរ​​ថា​ «ថ្ងៃ​លិច​នៅ​លើ​កោះ​ណាងយួន​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​»។

Unsplash Link | Archived Link

រូប​ថត​​ដែល​មាន​ទម្រង់​ និង​ទិដ្ឋ​ភាព​នៃ​កោះ​ដូច​គ្នា​​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ ​គេហទំព័រ​ Getty Images នេះ​ ក៏​បាន​បញ្ជាក់​អំពី​ឈ្មោះ​ និង​ទីតាំង​របស់​កោះ​មួយ​នេះ​ផង​ដែរ​ ដែល​មាន​ឈ្មោះ​ថាកោះ​ណាងយួន​ ស្ថិត​នៅ​ក្នុង​ខេត្ត​សុរ៉ាត់ថានី ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័របង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​កោះ​មួយ​នេះ​ដែល​ពុំ​បាន​អះ​អាង​ថា​ស្ថិត​នៅ​ក្នុង​តំបន់​កោះរុង​ នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​

Getty Images | Archived Link

កោះ​ណាង​យួន (Koh Nang Yuan) គឺ​ជា​កូន​កោះ​តូច​ចំនួន​២ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចុង​ខាង​ជើង​នៃ​កោះ​តៅ (Koh Tao) ​​ក្នុង​ឈូង​សមុទ្រ​ថៃ នៃ​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ កោះ​តៅ និង​កោះ​ណាងយួន​​​នេះ​​​មាន​ផ្ទៃដី​​សរុប​ប្រមាណ​ ២១​គីឡូម៉ែត្រ​ការ៉េ និង​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​គ្រប់​គ្រងនៃ​ខេត្ត​សុរ៉ាត់ថានី។

រូប​ភាព​ផ្តាម​ចេញ​ពី ​​Google Map បង្ហាញ​អំពី​ទិដ្ឋ​ភាព​រួម​នៃ​កោះ​ណាងយួន ​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​រូប​ថត​ ដែល​ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​បាន​បង្ហោះ​។​

Google Map | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​រុង​ ប្រទេស​កម្ពុជា​​នោះ​ទេ​​។ ​​រូប​ថត​​មួយ​​សន្លឹក​​នេះ​​ គឺ​​​ជា​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​ដែល​ត្រូវ​​​បាន​​​ថត​​​ចេញពី​កោះ​ណាងយួន​ ស្ថិត​នៅ​ក្នុង​ខេត្ត​សុរ៉ាត់ថានី ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

Avatar

Title:តើ​រូបថត​នេះ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​​លិច​នៅ​លើ​កោះ​រុង​​របស់​កម្ពុជា​​មែនដែរ​ឬ​ទេ​​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.