Fact-Check: តើនរណា​ជា​ស្ត្រី​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក?

International Missing Context

កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ ស្ត្រី​កម្ពុជា​មួយរូប បាន​ល្បី​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា គាត់​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ខណៈ​គាត់​មាន​អាយុ​រហូត​ដល់ ១០១​ឆ្នាំ​ហើយ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ទឹក​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​នានា​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩។

ទន្ទឹម​គ្នា​នេះ​ដែរ វីដេអូ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចុះ​ផ្សាយ​ថា គឺ​ជា​ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​មាន​អាយុ ៣០០​ឆ្នាំ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្ត្រី​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភព​លោក។ វីដេអូ​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចូល​មើល​ដល់​ទៅ​រាប់​ម៉ឺន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន​ត្រយ៉ង បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ និង​ព័ត៌មាន​ជា​វីដេអូ ដែល​និយាយ​ថា ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់​អាយុ ៣០០​ឆ្នាំ បាន​ក្លាយ​​ជា​ស្ត្រី​វ័យ​ចំណាស់​ជាង​គេ​នៅ​លើ​ពិភព​លោក។

វីដេអូ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ទស្សនា​រហូត​ដល់​ទៅ​​ជាង ៧​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​សារព័ត៌មាន​ត្រយ៉ង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ត្រយ៉ង​ដែល​ចុះ​ផ្សាយ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «លោក​យាយ​វ័យ ៣០០​ឆ្នាំ ចាស់​ជាង​គេ​លើ​ភព​ផែនដី!»។

Facebook Post | Archived

គេ​អាច​មើល​វីដេអូ​ទាំង​ស្រុង​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ត្រយ៉ង​តាម​រយៈ​តំណភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។

https://www.facebook.com/TroryorngOfficial/videos/368559814966307/

Facebook Post | Archived

ព័ត៌មាន​ស្ដី​ពី​ស្ត្រី​វ័យ ៣០០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ និង​បណ្ដាញ​អ៊ិនធឹណិត។ សារព័ត៌មាន​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ថា ស្ត្រី​ប៉ាគីស្ថាន​រូប​នេះ មាន​អាយុ ២១០​ឆ្នាំ។

https://www.youtube.com/watch?v=suaJn83uWfQ

Tel Aviv Post’s YouTube | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image ដែល​បង្ហាញ​ថា រូបថត ឬ​វីដេអូ​នៃ​ស្ត្រី​រូប​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​អ៊ិនធឹណិត​នា​ពេល​ថ្មីៗ​នេះ។

ប៉ុន្តែ ព័ត៌មាន​លម្អិត​អំពី​ស្ត្រី​រូប​នេះ មិន​ត្រូវ​បាន​គេ​ដឹង​ឱ្យ​ជាក់​លាក់​នោះ​ឡើយ ហើយ​ក៏​ត្រូវ​បាន​អះ​អាង​ផ្សេងៗ​គ្នា​ថែម​ទៀត​ផង​ដែរ ដូចជា​ទំព័រ​ហ្វេសប៊ុក African History អះ​អាង​ថា ស្ត្រី​រូប​នេះ​មាន​អាយុ ២១០​ឆ្នាំ​ហើយ។

ទោះជាយ៉ាងណា គ្មាន​ប្រភព​ជាក់​លាក់​ណា​មួយ អាច​ផ្ទៀង​ផ្ទាត់​បាន​នោះ​ឡើយ​ជុំ​វិញ​ការ​អះ​អាង​នេះ ខណៈ​ដែល​គ្មាន​ការ​ផ្សាយ​ព័ត៌មាន​ផ្លូវការ​ណា​មួយ​ផង​ដែរ​នោះ។

ដោយ​ហេតុ​នេះ យើង​បាន​ពិនិត្យ​មើល​កំណត់​ត្រា​ផ្លូវការ​ស្ដី​ពី​មនុស្ស​វ័យ​ចាស់​បំផុត​នៅ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​កត់​ត្រា​ជាក់​លាក់។

បើ​យោង​តាម​កំណត់ត្រា​របស់​សៀវភៅ​ហ្គីណេស ស្ត្រី​មាន​អាយុ​វែង​ជាង​គេ​នៅ​លើ​ភព​ផែនដី​យើង​នេះ គឺ​ស្ត្រី​ជន​ជាតិ​បារាំង​ឈ្មោះ Jeanne Louise Calment។ លោក​យាយ Jeanne Calment បាន​កើត​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​១៨៧៥ ហើយ​ទទួល​មរណភាព​នៅ​ឯ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ នៅ​ទីក្រុង Arles ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​១៩៩៧។ ស្ត្រី​រូប​នេះ មាន​អាយុ​រហូត​ដល់​ទៅ ១២២​ឆ្នាំ និង ១៦៤​ថ្ងៃ។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ស្ត្រី​ណា​អាច​បំបែក​កំណត់ត្រា​​លោក​យាយJeanne Louise Calment នៅ​ឡើយ​ទេ។

Guinness World Records | Archived

ចំណែក​ឯ​ស្ត្រី​អាយុ​វែង​ជាង​គេ ហើយ​កំពុង​នៅ​មាន​ជីវិត​នៅ​ឡើយ​នោះ គឺ​ជា​ស្ត្រី​ជន​ជាតិ​ជប៉ុន លោក​យាយ Kane Tanaka។ បើ​តាម​កំណត់​ត្រា​សៀវភៅ​ហ្គីណេស លោក​យាយ Kane Taneka កើត​នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​១៩០៣ ហើយ​គិត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ លោក​យាយ​មាន​អាយុ​រហូត​ដល់ ១១៨​ឆ្នាំ​ និង ២៨៤​ថ្ងៃ​ហើយ។

Guinness World Records | Archived

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​លោក​យាយ Kane Tanaka ប្រារព្ធ​ខួប​កំណើត​គម្រប់​អាយុ ១១៦​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​ក៏​ទទួល​បាន​កំណត់ត្រា​របស់​សៀវភៅ​ហ្គីណេស ជា​ស្ត្រី​កំពុង​មាន​អាយុ​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក។

ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​ស្ត្រី​មាន​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​កត់​ត្រា​ទុក និង​ផ្ទៀង​ផ្ទាត់​បាន​ត្រឹម​ត្រូវ ដែល​គេ​អាច​រក​អាន​បាន​ទាំង​ស្រុង​នៅ​លើ​គេហ​ទំព័រ​ Wikipedia

Wikipedia | Archived

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ គ្មាន​នរណា​ម្នាក់ ឬ​ព័ត៌មាន​ផ្លូវការ​ណា​មួយ​បញ្ជាក់​អំពី​ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​អាយុ ៣០០​ឆ្នាំ​នោះ​ឡើយ។ ស្ត្រី​មាន​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក គឺ​ស្ត្រី​ជន​ជាតិ​បារាំង​ឈ្មោះ Jeanne Louise Calment មាន​អាយុ ១២២​ឆ្នាំ និង ១៦៤​ថ្ងៃ។ ចំណែក​ស្ត្រី​មាន​អាយុ​វែង​ជាង​គេដែល​កំពុង​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​នោះ គឺ​ស្ត្រី​ជន​ជាតិ​ជប៉ុន​ឈ្មោះ Kane Tanaka ដែល​មាន​អាយុ ១១៨​​ឆ្នាំ ២៨៤​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១​នេះ។

Avatar

Title:តើនរណា​ជា​ស្ត្រី​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក?

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published. Required fields are marked *