
នៅដើមសប្ដាហ៍នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅអភិបាលរាជធានី និងខេត្តមួយចំនួនឱ្យគាំទ្រដល់គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ–សៀមរាប។ បន្ទាប់មក រូបភាពតម្រាយផ្លូវល្បឿនលឿនកាត់ផ្ទៃបឹងទន្លេសាប ត្រូវបានផ្សព្វផ្សាយ និងចែករំលែកព្រោងព្រាងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសារព័ត៌មានានា។ រូបភាពតម្រាយផ្លូវកាត់បឹងទន្លេសាបនេះ បាននាំឱ្យមានការចោទសួរអំពីផលប៉ះពាល់ទៅដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទឹកសាបដ៏ធំមួយនេះ។ ទោះជាយ៉ាងណា កិច្ចសម្ភាសជាមួយមន្ត្រីក្រសួង បញ្ជាក់ថា ការផ្សព្វផ្សាយបែបនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបតម្រាយផ្លូវភ្នំពេញ-សៀមរាប ដែលឆ្លងកាត់ផ្ទៃបឹងទន្លេសាប ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានា ហើយក៏ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម។ រូបតម្រាយផ្លូវនេះ ត្រូវបានផ្សាយជាមួយនឹងព័ត៌មានចេញផ្សាយនៅដើមសប្ដាហ៍នេះ ដែលនិយាយអំពីការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។
តាមរយៈការផ្សព្វផ្សាយនេះ តម្រាយផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ត្រូវបានគេជឿថា នឹងត្រូវសាងសង់កាត់ផ្ទៃបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
រូបភាពតម្រាយផ្លូវល្បឿនលឿននេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងនាំឱ្យមានការចោទសួរអំពីផលប៉ះពាល់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបទៅលើប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាប។
ខាងក្រោមនេះ គឺជារូបភាពនៃការផ្សាយព័ត៌មានរបស់ក្រសួងព័ត៌មាន ដែលភ្ជាប់ជាមួយរូបភាពតម្រាយផ្លូវល្បឿនលឿនឆ្លងកាត់ផ្ទៃបឹងទន្លេសាប មុននឹងទៅដល់ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានរូបភាពតម្រាយផ្លូវល្បឿនលឿនថ្មីនេះ បានមកពីការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា ទទក ឬ TVK ដែលបានចេញផ្សាយនូវព័ត៌មានដូចគ្នានេះផងដែរកាលពីថ្ងៃទី២៧ ខែមីនា។

ទំព័រហ្វេសប៊ុកនៃសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ក៏បានបង្ហោះ និងផ្សព្វផ្សាយរូបភាពតម្រាយផ្លូវកាត់ផ្ទៃបឹងទន្លេសាបផងដែរ។ សូមមើលតាមរយៈតំណភ្ជាប់នៅទីនេះ។
រូបភាពតម្រាយផ្លូវកាត់ផ្ទៃបឹងទន្លេសាបនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមមើលតាមរយៈតំណភ្ជាប់នៅទីនេះ(1, 2, 3)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពតម្រាយផ្លូវដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈការសម្ភាសជាមួយមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Fact Crescendo Cambodia បានស្នើសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន តាមរយៈបណ្ដាញសង្គមតេឡេក្រាមកាលពីថ្ងៃទី២៩ ខែមីនា ហើយលោកបដិសេធថា រូបភាពតម្រាយផ្លូវកាត់ផ្ទៃបឹងទន្លេសាបនេះ មិនមែនចេញពីក្រសួងរបស់លោកនោះឡើយ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យមានការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនស្របនឹងផ្លូវជាតិលេខ៦A និងផ្លូវជាតិលេខ៦ កាត់ផ្នែកខ្លះនៃខេត្តកណ្ដាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។
ចំពោះរូបភាពតម្រាយផ្លូវកាត់ផ្ទៃបឹងទន្លេសាប លោក គង់ វិមាន បានបញ្ជាក់ថា វាមិនមែនជាឯកសារផ្លូវការចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ ហើយបញ្ជាក់ទៀតថា ក្រសួងក៏មិនតម្រូវឱ្យមានការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនកាត់ផ្ទៃបឹងទន្លេសាបនោះឡើយ។
ខាងក្រោមនេះ គឺជាសម្ដីរបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់ប្រាប់ Fact Crescendo Cambodia កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
រូបភាពតម្រាយផ្លូវដែលត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម និងសារព័ត៌មាននានានោះ តម្រាយផ្លូវល្បឿនលឿនដែលគ្រោងសិក្សានេះ នឹងឆ្លងកាត់ផ្នែកជាច្រើននៃទឹកដី និងផ្ទៃបឹងទន្លេសាបស្ថិតក្រោមរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ទោះជាយ៉ាងណា ក្នុងលិខិតមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែមីនា គ្មាននោះឡើយនូវឈ្មោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានដាក់បញ្ចូលនៅក្នុងលិខិតដែលស្នើអភិបាលរាជភ្នំពេញ និងអភិបាលខេត្តចំនួន៤ ឱ្យជួយសម្របសម្រួល និងគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបភាពតម្រាយផ្លូវល្បឿនលឿនកាត់ផ្ទៃបឹងទន្លេសាបនោះ មិនត្រឹមត្រូវនោះឡើយ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប មិនត្រូវបានធ្វើឡើងឆ្លងកាត់ផ្ទៃបឹងទន្លេសាបនោះឡើយ។ មន្ត្រីនាំពាក្យក្រសួងនេះ បញ្ជាក់ថា តម្រាយផ្លូវល្បឿនលឿនថ្មីនេះ នឹងត្រូវសិក្សាស្របនឹងផ្លូវជាតិលេខ៦ ឆ្លងកាត់ផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ និងសៀមរាប។

Title:តើកម្ពុជានឹងសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនកាត់ផ្ទៃបឹងទន្លេសាបមែនឬ?
Fact Check By: Jay UdomResult: Misleading
