កាល​ពីពាក់​កណ្ដាល​សប្ដាហ៍​មុន សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ថា ក្រុមហ៊ុន​ Vingroup ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​វៀតណាម គ្រោង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​តាក់ស៊ី​នៅ​កម្ពុជា​ដើម​ឆ្នាំ​ក្រោយ​នេះ ដោយ​ប្រើ​ប្រាស់​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី។

បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​​ចុះ​ផ្សាយ​រួច​មកហើ វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​មហាជន​ផង​ដែរ ដែល​យល់​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​នឹង​ដណ្ដើម​ការងារ​របស់​ប្រជាជន​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន​ខាង​លើ​។

Facebook Post | Archived Link

ព័ត៌មាន​អះអាង​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយជា​វីដេអូ​រាយការណ៍​​យ៉ាង​ទូលំ​ទូលាយ​ ទៅ​ដល់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​

Facebook Post | Archived Link

​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

រាជ​រដ្ឋាភិបាល​កម្ពុជា​បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​មតិ​រិះគន់​ផុស​ផុល

បន្ទាប់​ពី​មហា​ជន​បាន​រិះគន់​ចំពោះ​ដំណឹង​នេះ​មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ ដោយ​បញ្ជាក់​ថា ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​​ពុធ​សប្ដាហ៍​មុន​ អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​​បញ្ជាក់​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពុំ​បាន​អនុញ្ញាត​ទៅ​តាម​សំណើ​របស់​ក្រុមហ៊ុន​វៀតណាម​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​ថ្លែងការណ៍​ទាំង​ស្រុង​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣។

Facebook Post | Archived Link

សេចក្ដី​ថ្លែងការណ៍​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​ស្ថាប័ន​មួយ​នេះ​យល់​ឃើញ​ថា ការផ្សាយ​ព័ត៌មាន​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​រាយ​ការណ៍​ ចុះ​ផ្សព្វ​ផ្សាយ​​ដោយ​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ កន្លង​ទៅ​ ដែល​បាន​ច្រាន​ចោល​ព័ត៌មាន​ថា​ ក្រុម​ហ៊ុន​ Vingroup របស់​វៀតណាម​គ្រោង​បើក​ក្រុម​ហ៊ុន​តាក់​ស៊ី​ ដោយ​ប្រើ​រថយន្ត​អគ្គិសនី​ចំនួន​ ២៥០០​គ្រឿង​នៅ​រាជ​ធានី​ភ្នំពេញ​។​

The Minister of Information | Archived Link

ចំណែក​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ ហ៊ុន​ ម៉ាណែត​ ក៏​បាន​ច្រាន​ចោល​ផង​ដែរ​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ពុំ​មាន​គោល​ការណ៍​ និង​បាន​អនុញ្ញាត​​ឱ្យ​​ក្រុមហ៊ុន​​ Vingroup​ បើក​​វិនិយោគ​គម្រោង​រថយន្ត​តាក់ស៊ី​ប្រើ​អគ្គិសនីរបស់​ខ្លួន​​នៅ​កម្ពុជា​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ដើម​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​អះអាង​យ៉ាង​ផុស​ផុល​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​។​

Fresh News Report | Archived Link

ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia ក៏​បាន​ធ្វើ​ការ​ស្នើ​សុំ​ការ​បញ្ជាក់បន្ថែម​ទៀត​​ពី​ក្រុម​ហ៊ុន​ Vingroup របស់​វៀតណាម​ផ្ទាល់​​​តាម​រយៈ​ប្រព័ន្ធ​សារ​អេឡិច​ត្រូនិក​ (Email)ផង​ដែរ​ ប៉ុន្ដែ​ គិត​ត្រឹម​ថ្ងៃ​ចេញផ្សាយ​អត្ថបទ​នេះ​ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ​។​

Fact Crescendo Cambodia នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​បន្ថែម​ទៀត​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ Vingroup បាន​បញ្ជាក់​លម្អិត​អំពី​រឿង​នេះ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

Avatar

Title:កម្ពុជា​បញ្ជាក់​ថា មិន​ទាន់​សម្រេច​ឱ្យ​ Vingroup ធ្វើ​ប្រតិបត្តិការ​តាក់ស៊ី​អគ្គិសនី​នៅ​ឡើយ​ទេ

Written By: Kakada Sim

Result: Insight