សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​មិន​ត្រឹម​ត្រូវ​អំពី​«Zombie Virus»​នាំ​ឱ្យ​សាធារណជន​យល់​ច្រឡំ

International Misleading

បន្ទាប់​ពីសារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មេរោគ Zombie ហើយ​នោះ សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​រាយការណ៍​បន្ត​ថា គេ​បាន​រក​ឃើញ​មេរោគ​ខ្មោច​ឆៅ។ សារព័ត៌មាន​កម្ពុជា ក៏​បាន​បង្ហោះ​ព័ត៌មាន​បែប​នេះ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ ដែល​ទទួល​បាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា សារព័ត៌មាន​មួយ​របស់​កម្ពុជា បាន​បក​ស្រាយ​ខុស​អំពី​​«Zombie Virus»។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មេរោគ Zombie ឬ​អាច​ហៅ​តាម​ភាសា​ខ្មែរ​ថា «មេរោគ​ខ្មោច​ឆៅ» ដែល​កប់​នៅ​ក្រោម​ផ្ទាំង​ទឹកកក​តាំង​ពី​រាប់​ម៉ឺន​ឆ្នាំ​មុន​មក​ម៉្លេះ។

ការ​បង្ហោះ​ព័ត៌មាន​ដូច្នេះ​នៅ​លើ​បណ្ដាញ​សង្គម ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុល​ផុស​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​​របស់​សារព័ត៌មាន​ស៊ីស៊ីថាមស៍​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា រៀបរាប់​ថា «អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​មេរោគ​ Zombie ដែល​កប់​ក្នុង​ផ្ទាំង​ទឹក​កកកាល​ពី ៤៨,៥០០​ឆ្នាំ​មុន។ ការ​រក​ឃើញ​នេះ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវ​ជ្រាវ​បន្ថែម​»។

Facebook Post | Archived Link

Facebook Post | Archived Link

សារព័ត៌មាន​ស៊ីស៊ីថាមស៍ ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ ដោយ​ចុះ​ផ្សាយ​ជាមួយ​​រូបថត​ខ្មោច​ឆៅ ដែល​ត្រូវ​បាន​ប្រឌិត​ឡើង​នៅ​ក្នុង​ខ្សែ​ភាពយន្ត។ ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះ មាន​ន័យ​ថា មេរោគ​ដែល​អ្នក​វិទ្យាសាស្ត្រ​ទើប​តែ​រក​ឃើញ​នៅ​ក្រោម​ផ្ទាំង​ទឹកកក​នោះ អាច​ធ្វើ​ឱ្យ​មនុស្ស​ក្លាយ​ទៅ​ជា​ខ្មោច​ឆៅ។ សូម​អាន​សេចក្ដី​រាយការណ៍​ទាំង​ស្រុក​នៅ​ទីនេះ

CC-Times | Archived Link

ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម​និយាយ​ភាសា​ខ្មែរ ក៏​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នូវ​ព័ត៌មាន​នេះ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ដោយ​ចោទ​សួរ​ថា តើ​មេរោគ​នោះ​នឹង​ចម្លង​មក​មនុស្ស​ឱ្យ​ក្លាយ​ទៅ​ជា​ខ្មោច​ឆៅ​ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះ​ឬ​យ៉ាងណា។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ស៊ីស៊ី​ថាមស៍​តាម​រយៈ​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សេចក្ដី​រាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​អន្តរជាតិ​ធំៗ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

យើង​បាន​រក​ឃើញ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​អន្តរជាតិ​ជាច្រើន ក្នុង​នោះ​មាន​សារព័ត៌មាន​វ៉ាស៊ីនតោន ប៉ុស្តិ៍ ផង​ដែរ ដែល​បាន​ចុះផ្សាយ​កាល​ពី​សប្ដាហ៍​មុន។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អាមេរិក​មួយ​នេះ បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​ដែល​មាន​បារាំង អាល្លឺម៉ង់ និង​រុស្ស៊ី ពិត​ជា​បាន​រក​ឃើញ​មេរោគ​មួយ​ប្រភេទ​កប់​នៅ​ក្រោម​បឹង​កក​មួយ​កាល​ពី ៤៨,៥០០​ឆ្នាំ​មុន។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ ការ​រក​ឃើញ​មេរោគ​នៅ​ក្រោម​ដី​កក​នេះ បាន​គូស​បញ្ជាក់​ពី​ការ​គំរាម​កំហែង​ថ្មី​ចំពោះ​សុខភាព​សាធារណៈ ដោយសារ​តែ​ការ​កើន​ឡើង​​កម្ដៅ​ផែនដី​បណ្ដាល​ឱ្យ​ផ្ទាំង​ទឹកកក​រលាយ។

The Washington Post | Archived Link

សារព័ត៌មាន​វ៉ាស៊ីនតោន ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​​នៅ​លើ​គេហទំព័រ BioRxiv របស់​​ស្ថាប័ន​សិក្សា​ស្រាវ​ជ្រាវ Cold Spring Harbor Laboratory។ ទោះជាយ៉ាងណា ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ មិន​ទាន់​ឆ្លងកាត់​ការ​វាយ​តម្លៃ​នៅ​ឡើយ​ទេ។

តើ​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​មេរោគ​បង្ក​ឱ្យ​មនុស្ស​ក្លាយ​ជា​ខ្មោច​ឆៅ​មែន​ឬទេ?

បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​វ៉ាស៊ីនតោន ប៉ុស្តិ៍ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ដាក់​ឈ្មោះ​មេរោគ​នោះ​ថា «Zombie Virus» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «មេរោគ​ខ្មោច​ឆៅ»។

ការ​កំណត់​ឈ្មោះ​បែប​នេះ អាច​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា មេរោគ​ដែល​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​នោះ គឺ​ជា​មេរោគ​ដែល​អាច​ឆ្លង​មក​មនុស្ស ហើយ​បង្ក​ឱ្យ​មនុស្ស​ក្លាយ​ទៅ​ជា​ខ្មោច​ឆៅ​ដូច​ទៅ​នឹង​ទិដ្ឋភាព​ខ្មោច​ឆៅ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ប្រឌិត។

​ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​មិន​ទាន់​ឆ្លង​កាត់​ការ​វាយ​តម្លៃ​នៅ​ឡើយ​នោះ បាន​ឱ្យ​ដឹង​ថា មេរោគ Zombie ឬ Zombie Virus ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សំដៅ​ទៅ​ដល់​មេរោគ​ដែល​«នៅ​​មាន​ជីវិត» បើទោះបីជា​វា​ត្រូវ​កប់​នៅ​ក្រោម​ផ្ទាំង​ដី​កក​ដ៏​ត្រជាក់​មក​ជិត ៥​ម៉ឺន​ឆ្នាំ​ទៅ​ហើយ​ក៏​ដោយ។

BioRxiv Publication | Archived Link

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប បាន​​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​មេរោគ​ថ្មី​ចំនួន ១៣​ប្រភេទ ដែល​ត្រូវ​បាន​គេ​យក​ចេញ​ពី​ទីតាំង ៧​កន្លែង​ខុស​គ្នា​នៅ​ក្នុង​តំបន់​ទឹកកក​ស៊ីបេរី ហើយ​ជា​ប្រភេទ​មេរោគ​អាច​ឆ្លង​ទៅ​មនុស្ស។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ បាន​រក​ឃើញ​មេរោគ​មួយ​ប្រភេទ នៅ​រស់​រាន​មាន​ជីវិត បន្ទាប់​ពី​ឆ្លង​ការ​វិធីសាស្ត្រ​វេជ្ជសាស្ត្រ ដើម្បី​បញ្ជាក់​ថា តើ​មេរោគ​ដែល​ជាប់​នៅ​ក្រោម​ផ្ទាំង​ទឹកកក​អាច​រស់​រាន​មាន​ជីវិត​ឡើង​វិញ​ឬ​យ៉ាងណា​នោះ។

បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ មេរោគ​ដែល​គេ​រក​ឃើញ​នៅ​រស់​រាន​មាន​ជីវិត​នោះ អាច​ឆ្លង​ទៅ​មនុស្ស ឬ​សត្វ​បាន​ក្នុង​ទម្រង់​ជា​អាមីប ឬ​ជា​ប៉ារ៉ាស៊ីត​ឆ្លង​តាម​ទឹក។

អ្នក​ជំនាញ​ផ្នែក​មេរោគ​ លោក Jean-Michel Claverie ដែល​សហការី​មួយ​​រូប​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ប្រាប់​សារព័ត៌មាន Washington Post ថា លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បញ្ជាក់​បាន​ថា មេរោគ​ដែល​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្រោម​ផ្ទាំង​ដី​កក ​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​តាម​រយៈ​ការ​ឆ្លង​ទៅ​មនុស្ស និង​សត្វ។

សារព័ត៌មាន Washington Post ដែល​បាន​សម្ភាស​អ្នក​ជំនាញ​មេរោគ​ដទៃ​ទៀត បាន​ឱ្យ​ដឹង​ថា មេរោគ​ដែល​នៅ​រស់​រាន​មាន​ជីវិត ស្ថិត​នៅ​ក្នុង​ចំណោម​មេរោគ​បង្ក​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ​ទាប​បំផុត ដោយសារ​តែ​វា​មិន​មែន​ជា​មេរោគ​ផ្លូវ​ដង្ហើម​កូរ៉ូណា​ ឬ​ជា​មេរោគ​មាន​កម្រិត​ឆ្លង​ខ្ពស់​នោះ​ឡើយ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ស៊ីស៊ី​ថាមស៍​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​បាន​រក​ឃើញ​ថា មេរោគ​មួយ​ប្រភេទ​ដែល​កប់​ក្រោម​ផ្ទាំង​ដី​កក​​នៅ​តំបន់​ស៊ីបេរី​រាប់​ម៉ឺន​ឆ្នាំ​ហើយ​នោះ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ។ មេរោគ​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា «Zombie Virus» ដែល​សំដៅ​ដល់​មេរោគ​នៅ​មាន​ជីវិត។ ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មិន​មាន​ន័យ​ថា មេរោគ​ដែល​ពួកគេ​រក​ឃើញ​នោះ បង្ក​ឱ្យ​មនុស្ស​ក្លាយ​ទៅ​ខ្មោច​ឆៅ​នោះ​ឡើយ។

Avatar

Title:សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​មិន​ត្រឹម​ត្រូវ​អំពី​«Zombie Virus»​នាំ​ឱ្យ​សាធារណជន​យល់​ច្រឡំ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *