រូប​ថត​បង្ហាញ​លោក​ កឹម​ សុខា​ ញញឹម​ពេល​កាន់​សៀវភៅ​ «ឧត្តម​វិបស្សនា​» ជា​រូប​ថត​កាត់​ត​

Altered Political

ខណៈ​ដែល​មេដឹកនាំ​បក្ស​ជំទាស់ លោក កឹម សុខា ត្រូវ​បាន​ផាត់​ចេញ​ពី​ឆាក​នយោបាយ​អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​មក​ហើយ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​អង្គុយ​កាន់​សៀវភៅ​ធម៌​មួយ​ក្បាល និង​ញញឹម​ផង​ដែរ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​​​ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៨​​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះរូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម​ សុខា​ បាន​អង្គុយ​ញញឹម​ និង​​កាន់​អាន​សៀវ​ភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ឧត្តម​វិបស្សនា​»។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមទាំង​ស្រុង​ ​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទំនេរ​អាន​សៀវភៅប​ង្កើន​ចំណេះ​ ប្រសើ​រជាង​ដើរ​ផឹក​ ដើរ​កេះ​ស្រីញីណា​ បងប្អូន​។ ការ​អានតែ​ងមា​នប្រយោជន៍ជា​និច្ច​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​កន្លង​ទៅ​​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ញញឹម​ពេល​កាន់​សៀវភៅ​នោះ​ឡើយ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ កឹម​ សុខា​ បាន​អង្គុយ​កាន់​សៀវភៅ​ «ឧត្តម​វិបស្សនា» ដែល​ជា​កម្រង​​នៃ​​សង្ឃដីការបស់​ព្រះតេជគុណ​ សំ ប៊ុនធឿន​ ដែល​​បាន​​សុគត​ ក្រោយ​​ពី​ត្រូវ​បាន​ខ្មាន់​កាំភ្លើ​ង​បាញ់​ប្រហា​រកាល​ពី​ឆ្នាំ​២០០៣​កន្លង​ទៅ​។

Facebook Post | Archived Link

ដូច​គ្នានេះ​ រូប​ថត​មួយ​សន្លឹក​ខាង​លើ​​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ VOD កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​កន្លង​ទៅ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញពី​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​ខាង​លើ​ ដែល​​មាន​ចំណង​ជើង​ថា​ «លោក​ កឹម​ សុខា​ ធ្វើ​សមាធិ​ជា ប្រចាំ​អំឡុង​ពេល​ជាប់​ឃុំ​ក្នុង​គុក​ និង​ក្នុង​ផ្ទះ​»។​

VOD News Report | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត​ឱ្យ​ឃើញ​លោក កឹម សុខា មាន​ទឹក​មុខ​ញញឹម។ រូប​ថត​ច្បាប់​ដើម​ បង្ហាញ​​លោក​ កឹម​ សុខា​ អង្គុយ​អាន​សៀវ​ភៅ​​ធម៌​មួយ​ក្បាល​ជាមួយ​ទឹក​មុខ​រាប​ស្មើ​មិន​ញញឹម​នោះ​ឡើយ។

Avatar

Title:រូប​ថត​បង្ហាញ​លោក​ កឹម​ សុខា​ ញញឹម​ពេល​កាន់​សៀវភៅ​ «ឧត្តម​វិបស្សនា​» ជា​រូប​ថត​កាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *