វីដេអូ​មេដឹកនាំ​សហជីព និង​រដ្ឋ​មន្ត្រី​ការងារ​ច្រៀង​ចម្រៀង​ភាសា​វៀតណាម គឺ​ជា​វីដេអូ​កាត់​ត

False Political

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ បាន​រង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់ ក្រោយពី​ចូល​កាន់​តំណែង​មួយ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​រូប​លោក​ច្រៀង​ជាមួយ​មេដឹកនាំ​សហជីព ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​អះអាង​ថា រូប​លោក​ច្រៀង​ជា​ភាសា​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​រិះគន់​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា វីដេអូ​នេះ ជា​វីដេអូ​​កាត់​ត​តែ​ប៉ុណ្ណោះ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​​មួយ​ដែល​បង្ហាញ​លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​ក្រុម​មេដឹកនាំ​សហជីព ច្រៀង​លេង​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

វីដេអូ​នេះ បង្ហាញ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ផង​នោះ បាន​ច្រៀង​ចម្រៀង​មួយ​បទ​ជា​ភាសា​វៀតណាម ហើយ​លោក ហេង សួរ និង​មេដឹកនាំ​សហជីព​ដទៃ​ទៀត បាន​ច្រៀង​បន្ទរ​តាម​ផង​ដែរ។

វីដេអូ​នេះ បាន​ចោទ​លោក ហេង សួរ និង​ក្រុម​មេដឹកនាំ​សហជីព​ទាំង​នោះ​ថា បាន​បញ្ចេញ​ធាតុ​ពិត​របស់​ពួកគេ​ជា​ខ្សែ​ស្រឡាយ​ ឬ​មាន​ប្រភព​កំណើត​ជា​វៀតណាម។

Facebook Post | Archived Link

វីដេអូនេះ ទទួល​បាន​ការ​ចូល​ទស្សនា​ដល់​ទៅ​ជាង ១​លាន​ដង ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល និង​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដោយ​ប្រើ​ប្រាស់​ខ្លឹមសារ​ដដែល​ថា រដ្ឋ​មន្ត្រី​ការងារ លោក ហេង សួរ និង​ក្រុម​មេដឹកនាំ​សហជីព សុទ្ធ​តែ​ច្រៀង​ចម្រៀង​ជា​ភាសា​វៀតណាម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ជាមួយ​សំណេរ​រៀបរាប់​ថា «រដ្ឋ​មន្ត្រី​ស្រុក​ខ្មែរ​ចេះ​ច្រៀង​យួន​ឡើង​ស្ទាត់​ជំនាញ​ហ្មង រស់​ក្រោម​ដំបូល​សន្តិភាព​ពិត​ជា​សប្បាយ​មែន​»។

Facebook Post | Archived Link

ចំណែក​ឯ​ហ្វេសប៊ុក កាម​ទេព លីមហុង បាន​បង្ហោះ​វីដេអូ​ដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ជាមួយ​សំណេរ​រៀបរាប់​ថា «មិន​ឆ្ងល់​ទេ​ថា ហេតុអ្វី​បង្គោល​ព្រំដែន​ដើរ​ឆ្លង​អូរ​ហើយ ​ពួកគាត់​នៅ​តែ​អាច​រាំ​ច្រៀង​បាន»។

Facebook Post | Archived Link

វីដេអូ​ជាមួយ​សំណេរ​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក កាមទេព លីមហុង ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត​ដែរ។ សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ចលនា​ប្រជាធិបតេយ្យ Democratic Movement, ភ្លើងទៀនCandlelight, ព្រះបាទ ជ័យវរ្ម័នទី៧ Jayavarman VII, ចលនា​សង្គ្រោះ​ជាតិ Cambodia National Rescue Movement – CNRM

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះអាង​នេះ​តាមរយៈ​ស្វែង​រក​ការ​បញ្ជាក់​ពី​​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​មេដឹកនាំ​សហជីព ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

Fact Crescendo Cambodia បាន​ស្នើការ​បក​ស្រាយ​ពី​លោក កត្តា អ៊ន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ។ ឆ្លើយ​តប​តាម​បណ្ដាញ​តេឡេក្រាម លោក កត្តា អ៊ន បាន​ផ្ញើ​មក​កាន់​ក្រុម​ការងារ Fact Crescendo Cambodia នូវ​សេចក្ដី​បក​ស្រាយ​របស់​សហភាព​ការងារ​កម្ពុជា។

នៅ​ក្នុង​លិខិត​បំភ្លឺនោះ សហភាព​ការងារ​កម្ពុជា បាន​អះអាង​ថា វីដេអូ​ដែល​បង្ហាញ​លោក អាត់ ធន់ មេដឹកនាំ​សហភាព​ការងារ​កម្ពុជា ច្រៀង​ចម្រៀង​ជា​ភាសា​វៀតណាម​នោះ គឺ​ជា​វីដេអូ​កាត់តដើម្បី​បង្កើត​នូវ​ព័ត៌មាន​«ក្លែង​ក្លាយ»។

សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់​ថា លោក អាត់ ធន់ បាន​ច្រៀង​ចម្រៀង​ជាភាសា​ខ្មែរ​នៅ​ក្នុង​កម្មវិធីផ្លូវការ​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន សហភាព​ការងារ​កម្ពុជា ក៏​បាន​បង្ហោះ​ផង​ដែរ​នូវ​លិខិត​អញ្ចើញ​លោក អាត់ ធន់ ពី​សំណាក់​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​កាងារ លោក ហេង សួរ នៅ​ថ្ងៃទី​០៥ ខែ​តុលា និង​លិខិត​បញ្ជាក់​ពី​​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​នោះ ដែល​រួម​បញ្ចូល​នូវ​កម្មវិធី​ពិសារ​អាហារ​សាមគ្គី។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​បំភ្លឺទាំង​ស្រុង​ដែល​ចេញ​ដោយ​សហភាព​ការងារ​កម្ពុជា​របស់​លោក អាត់ ធន់ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២៣ ដែល​លោក កត្តា អ៊ន បាន​ផ្ញើ​មក Fact Crescendo Cambodia នៅ​ថ្ងៃ​នេះ ហើយ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សហភាព​ការងារ​កម្ពុជា​ផង​ដែរ។

Facebook Post | Archived Link

ឆ្លើយ​តប​នឹង Fact Crescendo Cambodia តាម​រយៈ​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃ​នេះ លោក អាត់ ធន់ បញ្ជាក់​លោក​ច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ​តែ​មួយ​បទ​គត់​នៅ​ក្នុង​កម្មវិធី​នោះ។

មេដឹកនាំ​សហជីព​រូប​នេះ បាន​ផ្ញើ​នូវ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ១នាទី​ដែល​បង្ហាញ​លោក​ច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ «… បង​អារ​ឈាម​ស្រោច​ស្រក់​ហូរ​តាម​ស្ទឹង ដាស់​ដួង​ចិត្ត​ព្រលឹង​ឱ្យ​នាង​បាន​ដឹង​ចិត្ត​ស្នេហ៍ ស្ទឹង​អើយ​អ្នក​កុំ​ប្រួល​ប្រែ បើ​មេឃ​ជ្រុល​ក្បត់​ដួង​ខែ សូម​ស្ទឹង​នៅ​ថែ​ស្នេហ៍​ខ្ញុំ​ផង» ដែល​ជា​ទំនុក​នៅ​ក្នុង​ចម្រៀង​មាន​ចំណង​ជើង​ថា «ស្ទឹង​ថែ​ស្នេហ៍ខ្ញុំ»​របស់​តារា​ចម្រៀង ទិត វិច្ឆិកា។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​យើង​ទទួល​បាន​ពី​លោក អាត់ ធន់ ដែល​បង្ហាញ​លោក​ច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ​នៅ​លើ​វេទិកា​ជាមួយ​រដ្ឋ​មន្ត្រី​ការងារ និង​ក្រុម​មេដឹកនាំ​សហជីព។

Archived Link

លោក ហេង សួរ ក៏បាន​ច្រៀង​ចម្រៀង​ផង​ដែរ​ដែល​សុទ្ធ​តែ​ច្រៀង​ជា​ភាសា​ខ្មែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក អាត់ ធន់ នៅ​ពេល Fact Crescendo Cambodia សាក​សួរ​ថា តើ​រដ្ឋ​មន្ត្រី​ការងារ​មាន​បាន​ច្រៀង​ចម្រៀង​ជា​ភាសា​វៀតណាម​ដែរ​ឬ​យ៉ាងណា​នោះ។

លោក ហេង សួរ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​អតីត​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​នេះ​ជំនួស​លោក អ៊ិត សំហេង ដែល​ត្រូវ​បាន​តែងតាំង​ជា​តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋ​សភា​នោះ លោក ហេង សួរ បាន​ក្លាយ​ជា​ចំណុច​ស៊ីប​នៃការ​រិះគន់ ក្រោយ​ពី​លោក​លើក​ឡើង​ថា កម្ពុជា​មាន​អត្រា​អ្នក​មាន​ការងារ​ធ្វើ​ស្ទើ​តែ ១០០​ភាគរយ និង​ក្រោយ​ពី​ការ​ដឹកនាំ​ប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ថា លោក ហេង សួរ រដ្ឋម​ន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ច្រៀង​ចម្រៀង​ជា​ភាសា​វៀតណាម​ជាមួយ​ក្រុម​មេដឹកនាំ​សហជីព​នោះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ មេដឹកនាំ​សហជីព លោក អាត់ ធន់ និង​រដ្ឋ​មន្ត្រី​ការងារ លោក ហេង សួរ ពុំ​បាន​ច្រៀង​ចម្រៀង​ជា​ភាសា​វៀតណាម​ដូច​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។ លោក អាត់ ធន់ ច្រៀង​ចម្រៀង​«ស្ទឹង​ថែ​ស្នេហ៍​ខ្ញុំ»​ជា​ភាសា​ខ្មែរ ហើយ​រដ្ឋ​មន្ត្រី​ការងារ លោក ហេង សួរ និង​ក្រុម​មេដឹកនាំ​សហជីព​ផ្សេង​ទៀត បាន​បន្ទរ​តាម។

Avatar

Title:វីដេអូ​មេដឹកនាំ​សហជីព និង​រដ្ឋ​មន្ត្រី​ការងារ​ច្រៀង​ចម្រៀង​ភាសា​វៀតណាម គឺ​ជា​វីដេអូ​កាត់​ត

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *