
ការគូសវាស និងកំណត់បង្គោលព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង តែងតែស្ថិតក្នុងមន្ទិលសង្ស័យ ហើយជាប្រធានបទនៃការជជែកវែកញែកនៅលើបណ្ដាញសង្គមផងដែរ ជាពិសេសការគូសខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ថ្មីៗនេះ បញ្ហានេះបានលេចឡើងលើបណ្ដាញសង្គមជាថ្មី ដោយអ្នកប្រើហ្វេសប៊ុកបានអះអាងថា ទឹកដីកម្ពុជានៅត្រង់ចំណុចភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ត្រូវបានកាត់បញ្ចូលទៅខាងប្រទេសវៀតណាម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយឈ្មោះថា គណបក្សមហាសាមគ្គីជាតិខ្មែរ រាជធានីភ្នំពេញ បានបង្ហោះរូបថតពីរសន្លឹក ដែលរូបថតមួយសន្លឹកបង្ហាញផ្ទះដូចៗគ្នាស្ថិតនៅជាជួរត្រង់អមទៅដោយប្រឡាយទឹកដ៏វែង ហើយរូបថតមួយសន្លឹកទៀត បង្ហាញផ្ទាំងថ្មសរសេរថា «ភូមិអភិវឌ្ឍន៍សម្ដេចចក្រី ហេង សំរិន អន្លង់ជ្រៃ»។
គណនីហ្វេសប៊ុកនេះ អះអាងថា តំបន់អភិវឌ្ឍន៍ស្ថិតនៅឯភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានកាត់បញ្ចូលទៅប្រទេសវៀតណាមហើយ។
ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង និងមានការបញ្ចេញមតិចម្រុះផងដែរពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកគណបក្សមហាសាមគ្គីជាតិខ្មែរ រាជធានីភ្នំពេញ សរសេរនៅលើរូបថតថា «លាហើយកម្ពុជាអើយ!» និង«លាទៅខាងកើត!»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញការអះអាងនេះតាមរយៈការពិនិត្យមើលរូបថតនៅក្នុងកម្មវិធីស្វែងរករូបថតរបស់ Google ដើម្បីបានដឹងពីទីតាំងពិតប្រាកដនៃរូបថត និងតាមរយៈការសម្ភាសជាមួយប្រភពពាក់ព័ន្ធមួយចំនួនអំពីបច្ចុប្បន្នភាពនៃទីតាំងមួយមាននៅក្នុងរូបថតនេះ។
កម្មវិធីស្វែងរករូបថតនៅលើ Google បង្ហាញថា រូបថតផ្ទះដែលមានរចនាបថដូចៗគ្នាស្ថិតនៅជាជួរនេះ គឺជាលំនៅឋានរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ដែលជាភូមិកំណើតរបស់លោក ហេង សំរិន។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ឡើងនៅក្រោមការផ្ដួចផ្ដើមរបស់ប្រធានរដ្ឋសភារូបនេះសម្រាប់គម្រោងអភិវឌ្ឍន៍ភូមិកំណើតរបស់លោក។
ក្រៅពីផ្ទះប៉ិត គម្រោងអភិវឌ្ឍន៍អន្លង់ជ្រៃរបស់លោក ហេង សំរិន ក៏បានសាងសង់ផ្ទះម៉ូដកាតាំងសម្រាប់ប្រជាពលរដ្ឋនៅឯភូមិជាប់ព្រំដែនកម្ពុជា-វៀតណាមផងដែរ។
អត្ថបទព័ត៌មានមួយរបស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ កាលពីខែសីហា ឆ្នាំ២០១៧កន្លងមក បានចុះផ្សាយថា តាមលក្ខណៈបច្ចេកទេសកិច្ចការព្រំដែន ភូមិកំណើតរបស់លោក ហេង សំរិន ស្ថិតនៅក្នុងប្រទេសវៀតណាម។ សារព័ត៌មាននេះ ក៏បានដកស្រង់សម្ដីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ដែលនិយាយថា កម្ពុជាគ្រោងដោះដូរភូមិដើម្បីរក្សាទុកភូមិកំណើតរបស់លោក ហេង សំរិន។
Phnom Penh Post’s report | Archived Link
ក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក វ៉ា គឹមហុង បានច្រានចោលចំពោះការអះអាងថា ភូមិកំណើតរបស់លោក ហេង សំរិន ត្រូវបានកាត់ទៅឱ្យប្រទេសវៀតណាមនោះ។
លោក វ៉ា គឹមហុង បញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចផ្ដល់ដីនៅកន្លែងផ្សេងទៅឱ្យប្រទេសវៀតណាម ដើម្បីរក្សាទុកភូមិកំណើតរបស់លោក ហេង សំរិន។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា «គ្រាន់តែបញ្ជាក់ [ភូមិហ្នឹង]អត់មានបាត់ទៅកើតទេ នៅតែជាភូមិសម្ដេច ហេង សំរិន ដដែល។ ទីតាំងនៅត្រង់ណា នៅត្រង់ហ្នឹង»។
លោក ឃីម សុខៃ អាយុ ៣០ឆ្នាំ បានប្រាប់ថា លោកជាពលរដ្ឋមានភូមិកំណើតនៅភូមិអន្លង់ជ្រៃ និងកំពុងបន្តរស់នៅក្នុងភូមិមួយនេះ។ ពលរដ្ឋរូបនេះ បានឱ្យដឹងថា ភូមិកំណើតរបស់លោក មិនមានជនជាតិវៀតណាមណាម្នាក់ចូលមករស់នៅនោះទេ។ លោក សុខៃ បន្ថែមថា ភូមិរបស់លោកនៅតែស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់កម្ពុជាដដែល។
ទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ បង្ហាញថា លោក ហេង សំរិន បានបន្តអភិវឌ្ឍបន្ថែមទៀតជាបន្តបន្ទាប់នៅភូមិអន្លង់ជ្រៃដែលស្រុកកំណើតរបស់លោកនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០កន្លងមកនេះ លោក ហេង សំរិន អាយុ ៨៧ឆ្នាំ និងភរិយារបស់លោក បានរៀបចំពិធីបុណ្យមួយនៅឯផ្ទះរបស់លោកស្ថិតនៅក្នុងភូមិកំណើត ដែលស្ថិតក្នុងបរិវេណនៃតំបន់អភិវឌ្ឍន៍ភូមិអន្លង់ជ្រៃ។
ប៉ុស្តិ៍មួយដែលបង្ហោះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បង្ហាញលោក ហេង សំរិន ស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញ បានចុះទៅវិទ្យាល័យសម្ដេច ហេង សំរិន អន្លង់ជ្រៃ ហើយលោកថែមទាំងសម្រេចផ្ដល់អគារមួយខ្នងកម្ពស់ពីរជាន់ទៅដល់សាលារៀនមួយនេះទៀតផង។
ជាង ១ខែក្រោយមក លោក ហេង សំរិន បានទៅសម្ពោធអគារសិក្សានោះដែលត្រូវបានសាងសង់រួចហើយនៅក្នុងបរិវេណវិទ្យាល័យសម្ដេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឯភូមិកំណើតរបស់លោក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ តំបន់អភិវឌ្ឍន៍ភូមិអន្លង់ជ្រៃ មិនត្រូវបានកាត់បញ្ចូលទៅខាងប្រទេសវៀតណាមទេ។ ភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា គឺនៅតែជាទឹកដីកម្ពុជាដដែល។

Title:ភូមិកំណើតប្រធានរដ្ឋសភា លោក ហេង សំរិន នៅតែជាទឹកដីកម្ពុជាដដែល
Fact Check By: Jay UdomResult: False
