
បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លាយមួយបានវាយប្រហារប្រទេសតួកគីកាលពីសប្ដាហ៍មុននេះ រូបថតមួយសន្លឹក បង្ហាញសំណង់បាក់បែក និងដួលរលំអាគារមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា ជាទិដ្ឋភាពរញ្ជួយដីនៅតួកគីនាពេលថ្មីៗនេះ។ ការបង្ហោះរូបថតនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតចំនួន៣សន្លឹក ដែលក្នុងនោះមួយសន្លឹក បានបង្ហាញទិដ្ឋភាពនៃអាគារបាក់បែក និងដួលរលំមួយកន្លែង។ រូបថតបង្ហោះខាងលើ ត្រូវបានភ្ជាប់នឹងសំណេរថា គឺជាទិដ្ឋភាពរញ្ជួយដីនៅប្រទេសតួកគីកាលពីខែកុម្ភៈនេះ។ ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «រញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ នៅ #តួកគី 🇹🇷»។

ដូចគ្នានេះ រូបថតខាងលើ ក៏ត្រូវបានភ្ជាប់ និងបង្ហោះដោយទំព័រហ្វេសប៊ុកផ្សេងទៀតផងដែរ ទៅនឹងហេតុការណ៍គ្រោះរញ្ជួយដី ដែលបានកើតឡើងនៅលើប្រទេសតួកកីនាពេលថ្មីៗនេះ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង គឺត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន CBC កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា អាគារបែកបាក់ ដួលរលំនេះ គឺបណ្ដាលមកពីគ្រោះរញ្ជួយដី កើតឡើងនៅក្នុងតំបន់ Elazig ប្រទេសតួកគីកន្លងទៅ ដែលបានឆក់យកអាយុជីវិតប្រជាពលរដ្ឋប្រមាណ២៩នាក់ និងរងរបួសជាច្រើនពាន់នាក់។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «អ្នកជួយសង្គ្រោះ បាននឹងកំពុងធ្វើការ នៅលើអគារដែលបានបែកបាក់»។

ករណីអះអាងដោយភ្ជាប់រូបថតខាងលើនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យដោយ AFP កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅផងដែរ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «រូបថតចាស់ៗត្រូវបានផ្សព្វផ្សាយឡើងវិញជាមួយនឹងការអះអាងមិនត្រឹមត្រូវ ថាជាទិដ្ឋភាពនៃការរញ្ជួយដីនៅក្នុងប្រទេសតួកគី ក្នុងខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ»។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការពិតរូបថតនេះ គឺជាទិដ្ឋភាពនៃអាគារបាក់បែក ដែលបានដួលរលំដោយសារតែគ្រោះរញ្ជួយដី នៅខេត្ត Elazig ប្រទេសតួកគី តាំងពីខែមករា ឆ្នាំ២០២០មកម្ល៉េះ។

Title:រូបថតចាស់មួយសន្លឹកត្រូវបានភ្ជាប់មិនត្រឹមត្រូវថា ជាទិដ្ឋភាពរញ្ជួយដីនៅតួកគីនាពេលថ្មីៗនេះ
Fact Check By: Kakada SimResult: Misleading
