
បណ្ដឹងចោទប្រកាន់គ្នារវាងឧកញ៉ាម្នាក់ និងតារាម៉ូឌែលម្នាក់ និងជាពិធីការិនីទូរទស្សន៍ផងនោះ បានគ្រប់ដណ្ដប់លើបណ្ដាញសង្គមកម្ពុជាកាលពីសប្ដាហ៍មុននោះ។ ទន្ទឹមគ្នានេះ អ្នកប្រើបណ្ដាញសង្គមមួយចំនួនរិះគន់ថា បញ្ហាសង្គមសំខាន់ៗ មិនត្រូវបានគេចាប់អារម្មណ៍នោះឡើយ ឬក៏មានការចាប់អារម្មណ៍តិចតួចប៉ុណ្ណោះ។ ក្នុងចំណោមនោះ ការអះអាងមួយលើបណ្ដាញសង្គម និយាយថា ប្រាសាទបុរាណខ្មែរមួយកន្លែង ត្រូវបានគាស់កកាយដោយក្រុមជនជាតិវៀតណាម ហើយការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ ហើយអ្វីដែលត្រូវបានរកឃើញ ផ្ទុយពីការអះអាងនេះ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាព២សន្លឹកជាមួយនឹងការអះអាងថា សំណង់ប្រាសាទបុរាណមួយកន្លែងរបស់កម្ពុជា ត្រូវបានជីកកកាយដោយក្រុមជនជាតិវៀតណាម។ គណនីហ្វេសប៊ុកដដែលនេះ បានលើកជាចម្ងល់ថា តើវត្ថុបុរាណអ្វីខ្លះត្រូវបានកាស់កកាយយកដោយជនជាតិវៀតណាម។
ការរូបថតជាមួយសំណេរបែបនេះ ទទួលបានការបញ្ចេញប្រតិកម្មយ៉ាងផុសផុលពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានមតិចម្រុះបែបលើកឡើងផ្សេងៗអំពីអ្វីដែលកើតឡើងនៅឯទីតាំងប្រាសាទបុរាណមួយនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅរាប់ពាន់ដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុក រៀបរាប់ថា «#ក្ដៅៗ យួន[វៀតណាម]បោះតង់ជួសជុលប្រាសាទបុរាណ តែមិនដឹងថា ពួកយួនវាប្រមូលអ្វីខ្លះចេញពីប្រាសាទទេ…!!? ប្រភពចែកចាយ Facebook»។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់នូវការអះអាងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ការពិនិត្យមើលការងារកំណាយ និងការជួសជុលប្រាសាទបុរាណ ដែលកំពុងដំណើរការនៅតំបន់មរណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។ Fact Crescendo Cambodia ក៏បានស្វែងរកការពន្យល់បន្ថែមពីអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នគ្រប់គ្រងលើមរណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះដោយផ្ទាល់ផងដែរ។
រូបថតមួយសន្លឹកដែលត្រូវបានអះអាងនេះ ត្រូវបានរកឃើញនៅក្នុងចំណោមរូបថត ៩សន្លឹកផ្សេងទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា (Apsara National Authority) ដែលបានបង្ហោះរូបថតទាំងនេះរួមជាមួយព័ត៌មានលម្អិតកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
អាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា ស្ថាប័នមួយនេះកំពុងអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរី ដែលស្ថិតនៅក្នុងបរិវេណនៃក្រុងអង្គរធំ។
នៅក្នុងដំណើរការរៀបចំកែលម្អនេះ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រុមបុរាណវិទូបានរកឃើញរចនាសម្ព័ន្ធបុរាណជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធសំណង់ផ្សេងៗជាច្រើនទៀត។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនថា គម្រោងកែលម្អសំណង់ស្ថាបត្យកម្មបុរាណមួយនេះ ស្ថិតក្រោមការដឹកនាំ និងការទទួលខុសត្រូវរបស់បុរាណវិទូ លោក ខៀវ ច័ន្ទ។
(ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១)

(រូបថតមួយសន្លឹកក្នុងចំណោមរូបថត ១០សន្លឹកដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១)

(រូបថតមួយប្លង់ទៀត ស្ថិតក្នុងចំណោមរូបថត ១០សន្លឹក ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១)

នៅក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានច្រានចោលនូវការអះអាងលើបណ្ដាញសង្គមដូចដែលបានរៀបរាប់ខាងលើ ហើយលោកប្រាប់ថា គម្រោងជួសជុល និងកែលម្អព្រះលានជល់ដំរីនេះ ត្រូវបានធ្វើឡើងដោយក្រុមកម្មករជាជនជាតិខ្មែរទាំងអស់។
ខ្លឹមសារទាំងស្រុង និងរូបថតទាំង ១០សន្លឹកដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ត្រូវបានចម្លងយកទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះឡើយ។ អាជ្ញាធរជាតិអប្សរា បង្ហាញថា វាគឺជាគម្រោងជួសជុលកែលម្អរចនាសម្ព័ន្ធរបស់ប្រាសាទព្រះលានជល់ដំរី ដែលស្ថិតនៅក្នុងបរិវេណនៃក្រុងអង្គរធំ។ ក្រុមកម្មករធ្វើការនៅក្នុងគម្រោងនេះ សុទ្ធតែជាកម្មករខ្មែរទាំងអស់។

Title:រូបថតបង្ហាញដំណើរជួសជុល និងកែលម្អប្រាសាទបុរាណដោយក្រុមជាងជនជាតិខ្មែរ
Fact Check By: Jay UdomResult: Misleading