រូបថត​មួយ​ចំនួន​ត្រូវ​បាន​ផ្សាយ​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​បាតុកម្ម​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​លោកស្រី Pelosi

Explainer International

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​នោះ សារព័ត៌មាន​ Fresh News បាន​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ។ សារព័ត៌មាន​មួយ​នេះ បាន​ភ្ជាប់​ជាមួយ​រូបថត​មួយ​ចំនួន​ទាំង​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​អត្ថបទ និង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ។

ព័ត៌មាន​មួយ​នេះ ត្រូវ​បា​ន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ បន្ទាប់​ពី​បាន​ឃើញ​មាន​មតិ​ខ្វែង​គ្នា​ទៅ​លើ​ព័ត៌មាន​មួយ​នេះ Fact Crescendo Cambodia សូម​ផ្ដល់​ជូន​នូវ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​អត្ថបទ​មួយ​នេះ​ដូច​ខាង​ក្រោម​នេះ។

តើសារព័ត៌មាន Fresh News ចុះ​ផ្សាយ​ដូចម្ដេច​ខ្លះ?

កាល​ពី​​ដើម​សប្ដាហ៍​នេះ ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក អ្នកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់។

អត្ថបទ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ប៉ុន្តែ ស្ថាប័ន Fresh News បាន​អះ​អាង​ថា ព័ត៌មាន​ដែល​ខ្លួន​ចេញ មាន​ភាព​ត្រឹម​ត្រូវ​ទាំង​ស្រុង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក​នៃ​សារព័ត៌មាន Fresh News ដែល​បាន​បង្ហោះ​ព័ត៌មាន​និយាយ​ថា «​ប្រជាជន​តៃវ៉ាន់​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក»​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២២។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន Fresh News កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដោយ​បាន​បញ្ជាក់​ថា បាន​ដក​ស្រង់​ព័ត៌មាន​នេះ​ពី​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន RT ហើយ​បាន​ចុះ​ផ្សាយ​ជាមួយ​រូបថត​មួយ​ចំនួន​ ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ឈរ​កាន់​បដា​តវ៉ា​ផង​ដែរ។

Fresh News | Archived Link

បន្ថែម​ទៅ​លើ​ព័ត៌មាន​ជា​អត្ថបទ​ហើយ​នោះ សារព័ត៌មាន​ដដែល​នេះ ក៏​បាន​ផលិត​ព័ត៌មាន​ជា​វីដេអូ​ផង​ដែរ ដោយ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ដ៏​ច្រើន​ស្លៀក​ពាក់​ពណ៌​ក្រហម​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំ​វិញ​ទង់​ជាតិ​តៃវ៉ាន់។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ។

តើ​រូបថត​ប្រើ​​ប្រាស់​នៅ​ក្នុង​អត្ថបទ​ខាង​លើ​​ជា​ទិដ្ឋភាព​ប្រជាជន​តៃវ៉ាន់​ធ្វើ​បាតុកម្ម​មែន​ឬទេ?

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​ចុះ​ផ្សាយ​អត្ថបទ​របស់​សារព័ត៌មាន​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Google Reverse Image Search និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ផ្សាយ​របស់​សារព័ត៌មាន RT ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំ​ទ្រ​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ បាន​រាយការណ៍​ថា ព័ត៌មាន​ខាង​លើ​នេះ ត្រូវ​បាន​ដក​ស្រង់​ពី​ការ​ផ្សាយ​របស់​សារព័ត៌មាន  RT កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា។

ឆ្លើយ​តប​នឹង Fact Crescendo Cambodia អគ្គនាយក​សារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បាន​​ឱ្យ​ដឹង​ថា សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ បាន​ផ្អែក​ទៅ​តាម​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​តេឡេក្រាម​របស់​សារព័ត៌មាន Russia Today (RT) ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​រុស្ស៊ី។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​ចែក​រំលែក​នូវ​ដំណឹង​នៅ​ក្នុង​បណ្ដាញ​តេឡេក្រាម​របស់​ RT កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា ដែល​និយាយ​ថា ក្រុម​បាតុករ​បាន​ចុះ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​តៃវ៉ាន់ ប្រឆាំង​នឹង​លោកស្រី Pelosi ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​តៃវ៉ាន់។

ទោះជាយ៉ាងណា នៅ​លើ​គេហទំព័រ​សារព័ត៌មាន RT នៅ​ថ្ងៃ​អង្គារ​កន្លង​មក​នេះ យើង​បាន​រក​ពុំ​ឃើញ​សេចក្ដី​រាយការណ៍​ដែល​និយាយ​​អំពី​បាតុកម្ម​របស់​ប្រជា​ពលរដ្ឋ​តៃវ៉ាន់​ជំទាស់​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅ​កាន់​ដែន​ដី​កោះ​មួយ​នេះ​នោះ​ឡើយ។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន សារព័ត៌មាន Fresh News បាន​ផ្សព្វផ្សាយ​ជាមួយ​រូបថត​បួន​សន្លឹក ក្នុង​នោះ​មាន​​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ឈរ​កាន់​បដា​មាន​សំណេរ​ជា​ភាសា​អង់គ្លេស «PEACE NOT WAT WITH CHINA», «CHINA IS ONE!», «PEACE! NO NEW COLD WAR ON CHINA!», «U.S. HANDS OFF TAIWAN» ជាដើម។

តាម​រយៈ​ Google Reverse Image Search យើង​បាន​រក​ឃើញ​​រូបថត​មួយ​សន្លឹក​​នេះ​​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន China Daily កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​រដ្ឋ​ចិន​មួយ​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ក្រុម​សកម្មជន​សន្តិភាព​​មក​ពី​អង្គការ Pivot to Peace, អង្គការ ANSWER Coalition, អង្គការ​ស្ត្រី CODEPINK, អង្គការ Veterans for Peace និង​មេដឹកនាំ​សហគមន៍​ចិន​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ បាន​រៀបចំ​បាតុកម្ម​មួយ​នៅ​មុខ​ការិយាល័យ​របស់​លោកស្រី Pelosi នៅ​អគារ San Francisco Federal Building នៅ​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ។

ហេតុនេះ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​បាតុកម្ម​របស់​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រុម​បាតុករ​ទាំង​នេះ ប្រមូល​ផ្ដុំ​ទៅ​ដោយ​សកម្មជន​សន្តិភាព​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​នៅ​សហរដ្ឋ​អាមេរិក។

China Daily | Archived Link

ដូច​បាន​រៀបរាប់​ពី​ខាង​លើ​រួច​មក​ហើយ សារព័ត៌មាន Fresh News ក៏​បាន​ផលិត​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ​ជា​វីដេអូខ្លី​មាន​រយៈ​ពេល​ជាង ១​នាទី​កន្លះ​ផង​ដែរ ដោយ​បាន​ដាក់​បញ្ចូល​រូបថត​មួយ​ចំនួន ក្នុង​នោះ​មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្សម្នា​ដ៏​ច្រើន​កុះករ បាន​ប្រមូល​ផ្ដុំ​គ្នា និង​គ្រវី​ទង់​ជាតិ​តៃវ៉ាន់​។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​នេះនៅ​ក្នុង​​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន The New York Times កាល​ដើម​ឆ្នាំ​២០២០​កន្លង​មក។

អត្ថបទ​សារព័ត៌មាន​អាមេរិក​មួយ​នេះ បានឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​ក្រុម​អ្នក​គាំ​ទ្រ លោក Han Kuo-yu ​បេក្ខជន​ប្រធានាធិបតយ្យ​មក​ពី​គណបក្ស Kuomintang ដែល​ចូលរួម​ប្រកួត​ប្រជែងការ​បោះ​ឆ្នោត​ប្រធានាធិបតេយ្យ​តៃវ៉ាន់​កាល​ពី​ឆ្នាំ​២០២០​កន្លងម​ក។

ក្រុម​អ្នក​គាំ​ទ្រ​លោក Han បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២០​កន្លង​មក នៅ​ឯទីក្រុង Tainan ជា​ទីក្រុង​ស្ថិត​នៅ​ឆ្នេរ​ភាគ​លិចរបស់​កោះ​តៃវ៉ាន់។

ហេតុនេះ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​នោះ​ឡើយ។

The New York Times | Archived Link

តើ​មាន​បាតុកម្ម​ដោយ​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi នៅ​តៃវ៉ាន់​ដែរ​ឬទេ?

នៅ​ក្នុង​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ RT ថ្វី​បើ​យើង​រក​មិន​ឃើញ​សេចក្ដី​រាយការណ៍​និយាយ​អំពី​បាតុកម្ម​របស់​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ប៉ុន្តែ យើង​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​បាតុករ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​បាតុករ​ដទៃ​ទៀត។

គេហទំព័រ RT បាន​សរសេរ​នៅ​ក្រោម​រូបថត​នោះ​ថា បាតុករ​ម្នាក់​កាន់​បដា«American Get Out»​ អំឡុង​បាតុកម្ម​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Nancy Pelosi នៅ​ខាង​ក្រោម​សណ្ឋាគារ​មួយ នៅ​ទីក្រុង​តៃប៉ិ​ នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២២។

RT Report | Archived Link

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​មួយ​នេះ បាន​បញ្ជាក់​ថា រូបថត​នេះ​ត្រូវ​បាន​យក​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP។ នៅ​ក្នុង​គេហ​ទំព័រ​របស់​ AP យើង​ក៏​បាន​រក​ឃើញ​រូបថត​នេះ​ផង​ដែរ និង​រូបថត​មួយ​សន្លឹក​ទៀត ដែល​និយាយ​បរិយាយ​អំពី​បាតុកម្ម​នៅ​ទីក្រុង​តៃប៉ិ​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi នៅ​ដែន​ដី​កោះ​មួយ​នេះ។

AP IMAGE | Archived Link

យើង​ក៏​បាន​រក​ឃើញ​វីដេអូ​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV+ នៅ​លើ​បណ្ដាញ YouTube កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​បាតុកម្ម​នៅ​មុខ​សណ្ឋាគារ​មួយ​ឈ្មោះ Grand Hyatt នៅ​ទីក្រុង​តៃប៉ិ ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi។

ក្រៅ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​លោកស្រី Pelosi ក៏​មាន​ក្រុម​មនុស្ស​មួយ​ក្រុម​ទៀត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​សណ្ឋាគារ Grand Hyatt ផង​ដែរ ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ។ សូម​មើល​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​ចេញ​ផ្សាយ​ដោយ India Today នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា។

Avatar

Title:រូបថត​មួយ​ចំនួន​ត្រូវ​បាន​ផ្សាយ​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​បាតុកម្ម​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​លោកស្រី Pelosi

By: Jay Udom 

Result: Explainer

Leave a Reply

Your email address will not be published. Required fields are marked *