គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​​​និយាយ​ថា អ្នកសារព័ត៌មាន​ខេមបូឌា ដេលី សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា

False Social

កាល​ពី​សប្ដាហ៍​មុន អ្នកសារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​រាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​ដែល​បង្ហាញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ បន្ទាប់​មក ក៏​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នកសារព័ត៌មាន​រូប​នេះ បាន​សុំ​ទោស​ឧកញ៉ា​រូប​នេះ​ជុំ​វិញ​ការ​ចុះ​ផ្សាយ​បែប​នេះ។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​រៀបរាប់​ថា អ្នក​សារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​សុំ​ទោស​លោក ឡេង ណាវ៉ាត្រា ជា​ឧកញ៉ា​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា ដែល​សារព័ត៌មាន​ខាង​លើ​ចុះ​ផ្សាយ​ថា មាន​ជាប់​ព័ន្ធ​ពាក់​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មក​នេះ​ពី​សំណាក់​គណនី​ហ្វេសប៊ុក​មួយ​ដែល​ដាក់​ឈ្មោះ​ថា Taing Sarada។

ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ដែល​សរសេរ​រៀបរាប់​ថា «សូម​គោរព និង​ជូន​ជា​ដំណឹង​ទៅ​ដល់​ប្អូន​សាធារណជន​ដែល​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទាំង​អស់​ឱ្យ​បាន​ជ្រាប់​ថា៖

ខ្ញុំ​បាទ តាំង សារ៉ាដា (Taing Sarada) គឺ​ជា​នាយក​និពន្ធ​នៅ​ក្នុង​សារព័ត៌មាន The Cambodia Daily Khmer ដែល​ជា​ក្រុមហ៊ុន​របស់​អាមេរិកាំង។

ខ្ញុំ​បាទ និង​ក្រុម​ការងារ​សូម​លំឱន​កាយ​លើក​ម្រាម​ដៃ​ទាំង​ដប់​គោរព​សុំ​ទោស​ទៅ​ដល់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប (Galaxy Navatra Group Co., Ltd) នូវ​រាល់​ទង្វើ​ដែល​ខុស​ឆ្គង​ទាំង​ឡាយ ជាពិសេស​អត្ថបទ​សារព័ត៌មាន​របស់ខាង​យើង​ខ្ញុំ​ដែល​បាន​សរសេរ និង​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដោយសារ​តែ​ការ​ទទួល​បាន​ព័ត៌មាន​ពី​ក្នុង​ស្រុក​មិន​បាន​ច្បាស់​លាស់ ហើយ​មិន​មាន​ការ​ពិចារណា​ហ្មត់​ចត់ ទើប​ធ្វើ​ឱ្យ​មហាជន​មាន​ការ​យល់​ច្រឡំ ហើយ​ប៉ះពាល់​ទៅ​លើ​កិត្តិយស កេរ្តិ៍ឈ្មោះ​(អ្នក​ឧកញ៉ា និង​ក្រុមហ៊ុន) ក៏​ដូចជា​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​របស់​ក្រុមហ៊ុន។

អាស្រ័យ​ហេតុ​នេះ​ហើយ សូម​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​ដូចជា​មហាជន​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក មេត្តា​អភ័យ​ទោស​ដល់​រូប​ខ្ញុំ​បាទ តាំង សារ៉ាដា ព្រម​ទាំង​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​សារព័ត៌មាន The Cambodia Daily Khmer។

ដោយ​ហេតុ​នេះ​ហើយ យើង​ខ្ញុំ​សូម​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ ព្រម​ទាំង​លុប​ចោល​នូវ​រាល់​ការ​ផ្សព្វផ្សាយ​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​ដល់​អ្នក​ឧកញ៉ា និង​ក្រុមហ៊ុន។

ជាមួយ​គ្នា​នេះដែរ យើង​ខ្ញុំ​សូម​សន្យា​ថា​នឹង​បញ្ឈប់​នូវ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​យល់​ច្រឡំ​មក​លើ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​ថ្មី​ម្ដង​ទៀត​នោះ​ទេ។

ជា​ចុង​ក្រោយ ខ្ញុំ​សូម​គោរព និង​ជូនពរ​ទៅ​ដល់​អ្នក​ឧកញ៉ា ក៏​ដូចជា​បុគ្គលិក​ក្រុមហ៊ុន Galaxy Navatra Group ទាំង​អស់ សូម​ប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រកាសគឺ​អាយុ វណ្ណៈ សុខ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ»។

Facebook Post | Archived Link

ការ​​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​យក​ទៅ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួកគេ​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ សូម​មើល​ការ​ចុះ​ផ្សាយ​ទាំង​នោះ​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ខាង​ក្រោ​ម​នេះ គឺ​ជា​វីដេអូ​នៃ​ការ​ផ្សាយ​ដោយសារ​ព័ត៌មាន​មួយ​ឈ្មោះ​ថា CPNT Online កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ បន្ទាប់​ពី​គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​បង្ហោះ​ថា លោក តាំង សារ៉ាដា បាន​សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា។

Archived

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​បង្ហាញ​នូវ​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នូវ​ការ​អះ​អាង​ខាង​លើ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ស្វែង​រក​ការ​បក​ស្រាយ​ពី​លោក តាំង សារ៉ាដា ដោយ​ផ្ទាល់ ដែល​នាំ​ឱ្យ​យើងរក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

Fact Crescendo Cambodia បាន​ស្វែង​រក​​គណនី​ហ្វេសប៊ុក​ពិត​ប្រាកដ​របស់​លោក តាំង សារ៉ាដា ហើយ​បាន​ជជែក​ផ្ទាល់​ជាមួយ​លោក បន្ទាប់​ពី​បាន​ឃើញ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា លោក​បាន​សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា ជុំ​វិញ​ការ​ជុំ​ផ្សាយ​អត្ថបទ​ព័ត៌មាន។

នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន លោក តាំង សារ៉ាដា​ បាន​បង្ហោះ​សំណេរ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដោយ​បញ្ជាក់​ថា គណនី​ហ្វេសប៊ុក​ជាច្រើន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុគ្គល​ដទៃ​ដោយ​ប្រើ​ឈ្មោះ និង​រូបថត​របស់​លោក។

អ្នក​អាន​ព័ត៌មាន​នៃ​សារព័ត៌មាន​ខេមបូឌា ដេលី រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា គណនី​ហ្វេសប៊ុក​ទាំង​នោះ​ សុទ្ធ​តែ​ក្លែង​ក្លាយ ហើយ​លោ​កបញ្ជាក់​ទៀត​ថា លោក​មិន​ដែល​បាន​សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ​ឡើយ ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ស៊ើប​អង្កេត​នា​ពេល​កន្លង​មក​នោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក តាំង សារ៉ាដា កាល​ពី​ថ្ងៃអាទិត្យ​កន្លង​មក​នេះ។

Facebook Post | Archived Link

ដោយនិយាយ​ផ្ទាល់​ជាមួយ Fact Crescendo Cambodia លោក តាំង សារ៉ាដា បាន​បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​គណនី​ហ្វេសប៊ុក​មួយ​នេះ គណនី​ហ្វេសប៊ុក​ដទៃ​ទៀត​ដែល​ដាក់​ឈ្មោះ​ និង​រូបថត​របស់​លោក សុទ្ធ​តែ​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន លោក តាំង សារ៉ាដា ក៏​បាន​បដិសេធ​ម្ដង​រួច​មក​ហើយ​ថា លោក​មិន​បាន​សរសេរ​សំណើរ​លើ​បណ្ដាញ​សង្គម​ដោយ​សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ​ឡើយ ហើយ​ថា ការ​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​អំពី​រូប​លោក មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ សូម​អាន​សំណេរ​របស់​គាត់​លើ​គណនី​ហ្វេសប៊ុក​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

លោក តាំង សារ៉ាដា បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​ដែល​ចុះ​ផ្សាយ​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា ឡេង ភ័ក្ត្រា នោះ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​សម្រាប់​គ្រួសារ​មាន​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​លោក តាំង សារ៉ាដា ធ្វើ​សេចក្ដី​រាយការណ៍​បែប​នេះ គណនី​ហ្វេសប៊ុក​គ្មាន​អត្ត​សញ្ញាណ​ពិត​ប្រាកដ​ជាច្រើន ត្រូវបាន​បង្កើត​ឡើង និង​ជេរ​ប្រមាថ​ទៅ​លើ​អ្នកសារព័ត៌មាន​រូប​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ សំណេរ​ដែល​រៀបរាប់​ថា លោក តាំង សារ៉ាដា សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ មិន​មែន​ជា​សំណេរ​ពិត​ប្រាកដ​របស់​លោក តាំង សារ៉ាដា នោះ​ឡើយ។ លោក តាំង សារ៉ាដា បាន​បញ្ជាក់​ថា គណនី​ហ្វេសប៊ុក​ដែល​ដាក់​ឈ្មោះ និង​រូបថត​របស់​លោក គឺ​ជា​គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ។

Avatar

Title:គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​​​និយាយ​ថា អ្នកសារព័ត៌មាន​ខេមបូឌា ដេលី សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *