Fact Check: តើវីដេអូ​នេះ​បង្ហាញ​​ការ​ប្រហារ​ជីវិត​បុរស​៤​នាក់​ដែល​បាន​​រំលោភ​កូន​ក្មេង​មែន​​ឬ​ទេ​?

False International

ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​តែ​បន្ត​មាន​នៅ​តាម​បណ្តា​ប្រទេស​នានា​ ដូច​ជា​ប្រទេស​ជប៉ុន​ សិង្ហបុរី​ ចិន​ និង​វៀត​ណាម​ជា​ដើម​​ ​ដែល​វីធី​សាស្រ្ត​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល។​

ជា​ក់​ស្តែង​ នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ថ្មី​ៗ​នេះ​មាន​វីដេអូ​ និង​រូប​ថត​ចំនួន​បី​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​ និង​យក​មនុស្ស​ទៅ​ដុត​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រំលោភ​កូន​ក្មេង​។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ និង​រូប​ថត​ផ្តាម​ បង្ហាញ​អំពីសកម្មភាព​ដែល​ក្រុម​មនុស្ស​មួយ​ក្រុម​ បាន​នឹង​កំពុង​តែ​ចង​​ និង​ដុត​បុរស​ចំនួន​៤​នាក់​នៅ​ក្នុង​ភ្លើង​ចំបើង​។​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ក៏​បាន​​អះអាង​ផង​ដែរ​ថា ទិដ្ឋ​ភាព​ទាំង​នេះ​ គឺ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​បាន​រំលោភ​កូន​ក្មេង​។​

វីដេអូឃ្លីប​​ និង​រូប​ថត​ផ្តាម​ចំនួន​បី​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «#ទោស​ប្រហារ​ជីវិត​ពី​បទ​រំលោភ​កូន​ក្មេង​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​ករណី​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​វីដេអូ​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

វីដេអូ​ឃ្លីប​ និង​រូបភាព​ផ្តាម​ដែល​មាន​ភិនភាគ​​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​សារ​ព័ត៌​មាន​ News Mobile ដែល​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​មក​។​

តាម​រយៈ​សេចក្តី​រាយ​ការណ៍​មួយ​នេះ​ បាន​បញ្ជាក់​ថា​វីដេអូ​ដែល​បុរស​ចំនួន​៤នាក់​ត្រូវ​បាន​គេ​ចង​ដុត​ និង​អះ​អាង​ថា​ជា​ជនជាតិ​មូស្លីម​នោះ​ ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ប្រភព​ដើម​នៃវីដេអូ​មួយ​នេះ​​ ការ​ពិត​គឺ​ជា​ទិដ្ឋ​ភាព​នៃ​ការ​សម្តែងវេទមន្ត​របស់​លោក Puthiyath ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​លេង​វេទមន្ត​ម្នាក់​នៅ​ក្នុង​រដ្ឋ​ Kerala កាល​ពី​ឆ្នាំ​២០១៨​។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​មាន​ចំណង​ជើង​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «FAKE Alert: Old video of magic trick shared with ‘extremists burning Muslims for cow slaughter’ claim» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​ព័ត៌មាន​ក្លែង​ក្លាយ​៖​ វីដេអូ​ចាស់​នៃ​ការ​លេង​វេទមន្ត​ត្រូវ​បាន​ចែក​ចាយ​ និង​អះ​អាង​ថា​ជា​ការ​ដុត​ជន​ជាតិ​មូស្លីម​ដោយ​សារ​តែ​ការ​កាប់​សម្លាប់​សត្វ​គោ​»។​

News Mobile’s Report | Archived Link

ករណី​មួយ​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​ផង​ដែរ​នៅ​ក្នុង​គេហទំព័រ​វីដេអូ​ Youtube កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១៧ ដែល​នេះ​គឺ​ជា​ប្រភព​ដើម​នៃ​វីដេអូ​​​។​ វីដេ​អូ​ដែល​មាន​រយៈ​ពេល​ប្រមាណ​៦នាទី​មួយ​នេះ​ ត្រូវ​បាន​បង្ហោះ​ដោយ​លោក Puthiyath ដែល​ជាអ្នក​សម្តែង​វេទមន្ត​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​។​  

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​បាន​សរសេរ​រៀបរាប់​ជា​ភាសា​អង់​គ្លេស​ថា​ «World’s first mass fire escape | Malappuram Kottapadi stadium | fire escape 2008 |»​ ឬ​ប្រែ​ជា​ភាសាខ្មែរ​មាន​ន័យ​ថា​ «ការ​រត់​គេច​ខ្លួន​ដោយ​ភ្លើង​ដ៏​ធំ​លើក​ដំបូង​របស់​ពិភពលោក​ | ពហុ​កីឡដ្ឋាន​ Malappuram Kottapadi | រត់​គេច​ខ្លួន​ដោយ​អគ្គិ​ភ័យ​ឆ្នាំ​ ២០០៨​ |​»។

Youtube Link | Archived Link 

ការ​អះ​អាង​ដូច​គ្នា​មួយ​នេះ​ ក៏​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ផង​ដែរ​ដោយ​ក្រុម​ការ​ងារ ​Fact Crescendo របស់​យើង​​ ជា​ភាសា​​ហិណ្ឌូ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​មក​នេះ​។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​ដដែល​នេះ​ បាន​ធ្វើ​ការ​​បញ្ជាក់​ថា​ ទិដ្ឋ​ភាព​នៃ​ការ​ចង​ និង​ដុត​បុរស​ទាំង​៤​នាក់​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​សម្តែង​វេទមន្ត​តែ​ប៉ុណ្ណោះ​​ ដោយ​ពុំ​បាន​បញ្ជាក់​អំពី​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​រំលោភ​កូន​ក្មេង​នោះ​ឡើយ​។​ 

Fact Crescendo’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​​ និង​រូប​ថត​បី​​សន្លឹក​នេះ​ មិនមែន​ជា​ទិដ្ឋ​ភាព​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​រំលោភ​កូន​ក្មេង​នោះ​ទេ។​ ការ​ពិត វា​គឺ​ជា​ទិដ្ឋ​ភាព​នៃ​ការ​សម្តែងវេទមន្ត​រត់គេច​ចេញ​ពី​អគ្គិភ័យ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ Kottapadi កាល​ពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ​។​

Avatar

Title:តើវីដេអូ​នេះ​បង្ហាញ​​ការ​ប្រហារ​ជីវិត​បុរស​៤​នាក់​ដែល​បាន​​រំលោភ​កូន​ក្មេង​មែន​​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *