
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានប្រជាជនកម្ពុជាមួយចំនួនបានសង្កេតឃើញថា មានភាពមិនចុះសម្រុងគ្នានោះឡេីយ ជាពិសេសនៅពេលដែលគេនឹកគិតទៅដល់បញ្ហាព្រំដែននៃប្រទេសទាំងពីរនេះ។
ទន្ទឹមគ្នានេះ មានរូបថតមួយបានបង្ហាញអំពីបុរសម្នាក់ពាក់អាវយឺតពណ៌ខ្មៅ ដែល មានភា្ជប់ជាមួយនឹងរូបភាពផែនទី ដែលបង្ហាញប្រទេសកម្ពុជាជាផ្នែកមួយរបស់ប្រទេសវៀតណាម។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា រូបថតនោះគឺ មិនត្រឹមត្រូវនោះឡើយ ហើយវាត្រូវបានកែច្នៃមុនពេលនឹងបង្ហោះចែករំលែកនៅលើតាមបណ្ដាញ សង្គមនានា។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅនេះ យើងសង្កេតឃើញថា មានអ្នកប្រើបណ្តាញសង្គមហ្វេសបុកម្នាក់ បានបង្ហោះនូវរូបភាពមួួយដែលបង្ហាញពីបុរសពាក់អាវយឺតខ្មៅម្នាក់ ដែលមានរូបភាពប្រទេសកម្ពុជាភា្ជប់ជាមួយនឹងប្រទេសវៀតណាម ដោយប្រើប្រាស់ទម្រង់ជាទឹកដីតែមួយក្រោមការគ្រប់គ្រងដោយប្រទេសវៀតណាម។ រូបភាពមួយនេះ ត្រូវបានចែករំលែកជាច្រើនបន្តបន្ទាប់គ្នាពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមភាសាខ្មែរ។
(រូបភាពផ្ដាមចេញប៉ុស្តិ៍ពីគណនីអ្នកប្រើហ្វេសប៊ុក)
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបភាពតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃរូបភាពបុរសម្នាក់ដែលមានមុខមាត់ និងទម្រង់ដូចគ្នាទាំងស្រុង។
យោងទៅតាមគេហទំព័ររបស់វៀតណាមមួយ Fact Crescendo Cambodia ក៏បានរកឃើញរូបថតដើមនេះនៅក្នុងគេហទំព័រមួយដែលផ្សព្វផ្សាយនូវម៉ូតអាវយឺតមួយដែលដាក់លក់តាមប្រព័ន្ធអនឡាញ ដោយបុរសដែលផ្សព្វផ្សាយលក់អាវយឺតនោះ គឺមានទម្រង់ភិនភាគដូចគ្នាទៅនឹងរូបភាពដែលត្រូវបានគេកាត់តបេះបិទ។
ដូចគ្នានេះដែរ ប្រសិនបើយើងសង្កេតទៅមើលរូបភាពដើមដែលបានទាញចេញពីគេហទំព័រនោះ យើងឃើញថា មានតួអក្សរឈ្មោះគេហទំព័រ និងលេខទំនាក់ទំនងផ្ទាល់តែម្តងដែល យើងក៏សង្កេតឃើញមានផងដែរនៅលើរូបភាពដែលគេបានកាត់តនោះ។
យើងក៏បានស្វែងរកឃើញប្រភពមួយទៀតនៅក្នុងគេហទំព័រមួយរបស់វៀតណាមផងដែរ ដែលបានបង្ហាញនូវគម្រូម៉ូតអាវយឺតជាច្រើន ដែលគេបានដាក់លក់នៅលើទីផ្សារអនឡាញនោះ។ ការបង្ហាញនូវម៉ូតអាវយឺតនានា គឺត្រូវបានដើរតួដោយបុរសម្នាក់ដែលមានរូបរាងមុខមាត់ និងភិនភាគដូចគ្នាទៅនឹងរូបបុរសដែលអ្នកប្រើបណ្តាញសង្គមយកមកកាត់ត និងធ្វើការចែកចាយ ដែលមិនមានរូបភាពមួយណាដែលបានបង្ហាញប្រទេសកម្ពុជាជា ផ្នែកមួយនៃប្រទេសវៀតណាមនោះទេ។
Fact Crescendo Cambodia ក៏បានព្យាយាមសរសេរអ៊ីម៉ែលសាកសួរទៅកាន់គេហទំព័រដាក់លក់អាវយឺតនៅតាមប្រព័ន្ធអនឡាញ និងទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលបានបង្ហោះផងដែរ ដើម្បីសុំការបំភ្លឺជុំវិញរឿងមួយនេះ ប៉ុន្តែគ្មានការឆ្លើយតបនោះឡើយរហូតដល់ថ្ងៃទី២៩ ខែមេសានេះ។
កម្ពុជា និងវៀតណាម គឺជាប្រទេស២ ដែលមានព្រំដែនគោក និងទឹកជាប់គ្នា ហើយប្រទេសទាំងពីរនេះជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងជាប្រទេស ២ដាច់ដោយឡែកពីគ្នា ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្ដាញសង្គមដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការពិតរូបថតរបស់បុរសផ្សព្វផ្សាយម៉ូតអាវម្នាក់ ត្រូវបានយកមកកាត់តដោយភ្ជាប់ទឹកដីរបស់ប្រទេសកម្ពុជា គឺជាផ្នែកមួយរបស់ប្រទេសវៀតណាម។

Title:Fact Check: រូបថតបុរសផ្សព្វផ្សាយម៉ូតអាវម្នាក់ត្រូវបានធ្វើកាត់តដោយបង្ហាញប្រទេសកម្ពុជាជាផ្នែកមួយរបស់វៀតណាម
Fact Check By: Kakada SimResult: False