
“ទុំទាវ” គឺជាប្រលោមលោកដ៏ល្បីល្បាញរបស់កម្ពុជាដែលដូចនឹងរឿង “រ៉ូមេអូ ជូលីយ៉េត”របស់ពួកអឺរ៉ុបដែរ។ ទន្ទឹមគ្នានេះ ការអះអាងដ៏ផុលផុសមួយនៅលើបណ្ដាញសង្គម បាននិយាយថា រូបថតសខ្មៅពីរសន្លឹកដែលបង្ហាញបុរសម្នាក់ និងនារីម្នាក់ គឺជារូបថតនេនទុំ និងនាងទាវ ដែលជាតួអង្គដ៏សំខាន់នៃប្រលោមលោកមនោសញ្ចេតនា “ទុំទាវ”។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដញាសង្គម និងមានការបញ្ចេញមតិចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុលផុសមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា រូបថតសខ្មៅនៃបុរសម្នាក់ និងស្ត្រីម្នាក់ គឺជានាង ទាវ និងនេន ទុំ តួអង្គសំខាន់នៃរឿងទុំទាវ ដែលជាប្រលោមលោកនបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងប្រតិកម្មយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ក្នុងនោះក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជាជាច្រើនជឿថាជាការពិត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “រូបភាពដ៏កម្រ នេនទុំ នាងទាវ ជើងខាលត្បូងឃ្មុំ ជួយស៊ែរចែករំលែក”។
រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់ពាន់ដង និងការបញ្ចេញមតិយ៉ាងច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “រូបថតដ៏កម្រ នេនទុំ នាងទាវ ឆ្នាំ១៦៧១ ជើងខាលត្បូងឃ្មុំ ជួយស៊ែរចែករំលែក”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដូចគ្នានេះដែលបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីពីរសប្ដាហ៍មុន ហើយត្រូវបានចែករំលែកបន្តជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីពីរសប្ដាហ៍ដែលអះអាងថា រូបថរតទាំងពីរសន្លឹកនេះ គឺជារូបនេនទុំ និងរូបនាងទាវពិតប្រាកដ។
រូបថតដូចគ្នានេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ។ គេអាចមើលរូបថតដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតនេះដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើប្រព័ន្ធអ៊ីនធឹណិត និងត្រូវបានដាក់លក់នៅលើទីផ្សារលក់រាយអនឡាញធំៗ។
នៅក្នុងវេបសាយលក់រាយ eBay យើងបានរកឃើញរូបថតនេះដែលត្រូវបានដាក់លក់ជាមួយសំណេររៀបរាប់ថា រូបស្ត្រីកម្ពុជារូបនេះ ត្រូវបានផ្ញើមកពីតំបន់សិរីសោភ័ណ ឬស្វាយស៊ីសុផុននៅឆ្នាំ១៩០៧ ទៅកាន់ទីក្រុងហាណូយ នៃសម័យអាណានិគមបារាំង។
រូបថតសខ្មៅមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញនៅលើបណ្ដាញសង្គម Flickr ផងដែរ នៅក្នុងអាល់ប៊ុមរូបថតកម្ពុជា-ឥណ្ឌូចិន ដែលមានរូបថតរហូតដល់ ៣៥៦សន្លឹក។ សំណេរនៅក្រោមរូបថត បានរៀបរាប់ថា រូបថតនេះគឺជាស្ត្រីកម្ពុជានៅក្នុងឆ្នាំ១៩១០។
ព័ត៌មានលម្អិតនៃរូបថតនេះ ត្រូវបានបញ្ជាក់នៅក្នុងវេបសាយនៃបណ្ណាល័យ Musée du quai Branly – Jacques Chirac ដែលរៀបរាប់ថា រូបថតនេះ គឺជាស្ត្រីជនជាតិខ្មែរដែលថតដោយអ្នកថតរូបជនជាតិបារាំងដ៏មានកេរ្តិ៍ឈ្មោះ លោក Pierre Dieulefils (១៨៦២-១៩៣៧) នៅចន្លោះឆ្នាំ ១៩០២ ដល់ឆ្នាំ១៩២៥ ឬដើមសតវត្សរ៍ទី២០។
Musée du quai Branly – Jacques Chirac | Archived Link
ចំណែករូបថតមួយសន្លឹកទៀត គឺជារូបថតបុរសខ្មែរនៅសម័យអាណាព្យាបាលបារាំងផងដែរ។ រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញដាក់លក់នៅវេបសាយ eBay ដោយមានសំណេររៀបរាប់ថា វាជាបុរសខ្មែរនៅតំបន់អង្គរ នៃខេត្តសៀមរាបកាលពីឆ្នាំ១៩០៥។
វេបសាយរបស់បណ្ណាល័យ Musée du quai Branly – Jacques Chirac បង្ហាញថា រូបថតបុរសជនជាតិខ្មែរមួយសន្លឹកនេះ ត្រូវបានថតដោយលោក Alfred Lacroix (១៨៦៣ – ១៩៤៨)នៅឆ្នាំ១៩២៦។
Musée du quai Branly – Jacques Chirac | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងពីរសន្លឹកនេះ មិនមែនជារូបថតនេនទុំ និងនាងទាវ តួអង្គនៅក្នុងប្រលោមលោករឿងទុំទាវនោះឡើយ។ រូបថតទាំងពីរសន្លឹកនេះ គឺជាបុរស និងនារីខ្មែរនៅសម័យអាណាព្យាបាលបារាំងចន្លោះឆ្នាំ ១៩០០ ដល់ឆ្នាំ១៩៣០។

Title:ការអះអាងមិនត្រឹមត្រូវថា រូបថតបុរសនារីខ្មែរជំនាន់បារាំងជារូបថតទុំទាវ
Written By: Jay UdomResult: False