Fact-Check: ស្ពាន​អាយកេម៉ា​ឆ្លង​ទៅ​​កោះ​អាកេម៉ារបស់​ជប៉ុន​ត្រូវ​បាន​អះ​អាង​ថា​ជា​​ស្ពាន​ឆ្លង​ទៅ​កោះ​ត្រល់

False Social

កោះ​ត្រល់​​ហៅ​តាម​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ហៅ​តាម​ភាសា​វៀតណាម នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជារឿយៗ​នៅ​ក្នុង​ទំនាក់​ទំនង​កម្ពុជា-វៀតណាម ខណៈ​ដែល​កោះ​មួយ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​វៀតណាម។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ហើយ​អះអាង​ថា ស្ពាន​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ស្ពាន​ភ្ជាប់​ទៅ​កាន់​កោះ​ត្រល់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​ រាជបុត្រ សូរ្យកាយ្យ បាន​រូបថត​ស្ពាន​មួយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា វា​គឺ​ជា​ស្ពាន​ឆ្លង​កាត់​​ខេត្ត​កៀនយ៉ាង ឬ​អតីត​ខេត្ត​ពាម​របស់​ប្រទេស​កម្ពុជា ទៅ​នឹង​អតីត​កោះ​ត្រល់​របស់​កម្ពុជា ឬ​វៀតណាម​ហៅ​ថា កោះ​ភូកុក។

ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ទៀត។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ​រៀបរាប់​ថា «ស្ដាយ​ទេ​កូន​ខ្មែរ? ស្ពាន​ឆ្លង​ពី​(ខេត្ត​​ពាម)#កម្ពុជា​ក្រោម Kien Giang – ទៅ​កាន់​កោះ​ត្រល់ Phu Quoc ជិត​នឹង​ត្រូវ​បាន​សម្ពោធន៍ កោះ​នេះ​ទៀត​សោត​គឺ​ជា​របស់​ប្រទេស​កម្ពុជា ជន​ជាតិ​ខ្មែរ​បាន​ហៅ​ថា #កោះ​ត្រល់»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការ​ពិត​នៃ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ឈាន​ទៅ​រក​ឃើញ​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​មួយ​សន្លឹក​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គណនី​មួយ​នៃ​បណ្ដាញ​សង្គម Pinterest ដែល​ផ្ដល់​ព័ត៌មាន​បឋម​ថា ស្ពាន​នៅ​ក្នុង​រូបថត​នេះ គឺ​ជា​ស្ពាន​មួយ​ត​ភ្ជាប់​ទៅ​កាន់​កោះ​មិយ៉ាកុ (Miyako)​របស់​ប្រទេស​ជប៉ុន។

Pinterest | Archived Link

ដើម្បី​ផ្ទៀង​ផ្ទាត់​ឱ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត Fact Crescendo Cambodia ពិនិត្យ​ទៅ​លើ​ទម្រង់​ស្ពាន និង​ទ្រង់​ទ្រាយ​ដី​កោះ​នៅ​ចុង​ម្ខាង​នៃ​ស្ពាន​តាម​រយៈ​រូបភាព​នៃ​កម្មវិធី Google Map។

Google Map | Archived Link

Google Map | Archived Link

ស្ពាន Ikema ដែល​មាន​ប្រវែង ១.៤២៥​ម៉ែត្រ​នោះ គឺ​ជា​ការ​ត​ភ្ជាប់​រវាង​កោះ​មិយ៉ាកូ និង​កូន​កោះ​តូច​អាយកេម៉ា​(Ikema)។ ដោយ​លាត​សន្ធឹង​កាត់​ផ្ទៃ​សមុទ្រ​​បៃតង​នោះ ស្ពាន​មួយនេះ​បង្កើត​ឱ្យ​មាន​ទេសភាព​ស្រស់​ស្អាត​មិន​នឹក​ស្មាន។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ស្ពាន​មួយ​នេះ មិន​មែន​ជា​ស្ពាន​ភ្ជាប់​ទៅ​កាន់​កោះ​ត្រល់​នោះ​ឡើយ។ រូបថត​នេះ​គឺ​ជា​ស្ពាន​អាយកេម៉ា​(Ikema)​ ដែល​ត​ភ្ជាប់​កោះ​មិយ៉ាកូ​ទៅ​នឹងកូន​កោះ​អាយកេម៉ា (Ikema) នៃ​ជួរ​កោះ​អូគីណាវ៉ា ប្រទេស​ជប៉ុន។

Avatar

Title:ស្ពាន​អាយកេម៉ា​ឆ្លង​ទៅ​​កោះ​អាកេម៉ារបស់​ជប៉ុន​ត្រូវ​បាន​អះ​អាង​ថា​ជា​​ស្ពាន​ឆ្លង​ទៅ​កោះ​ត្រល់

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.