រូបភាព​កាត់​ត​លោក ហ៊ុន សែន និង​កូន​ប្រុស​លើ​ធនប័ត្រ​ថ្មី​ជំរុញ​ឱ្យ​មាន​ចម្ងល់​ពី​មហាជន

Altered Political

បន្ទាប់​ពី​កម្ពុជា​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​កាល​ពី​សប្ដាហ៍​មុន​នោះ ស្រាប់​តែ​រូបភាព​ក្រដាស​ប្រាក់​ ២​សែន​រៀល​ដែល​មាន​រូបលោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​ន័យ​ថា ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​នេះ​មាន​រូបរាង​បែប​ហ្នឹង។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​មាន​ការ​ចោទ​សួរ​ថា តើក្រដាស​ប្រាក់​ប្រភេទ​ថ្មី​ពិត​ជា​បោះ​ពុម្ព​បែប​ហ្នឹង​មែន​ឬ​ក៏​យ៉ាងណា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបភាព​នេះត្រូវ​បាន​កាត់​ត។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថតក្រដាស​ប្រាក់ថ្មី ២​សែន​រៀល ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី ២​ថ្ងៃ​មុន​នេះ ដោយ​ធន​ប័ត្រ ឬ​ក្រដាស​ប្រាក់​រៀល​ថ្មី​នេះ ត្រូវ​បាន​​បោះ​ពុម្ព​មក​ជាមួយ​រូបមេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក ដែល​ជា​នាយករដ្ឋ​មន្ត្រី​សព្វ​ថ្ងៃ។

រូបថត​ក្រដាស​ប្រាក់​រៀល​ថ្មី​ដែល​មាន​រូបថត​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទាក់ទាញ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ធនាគារ​ជាតិ​បោះ​ពុម្ព​លុយ​ជិត ១០០០​លាន​ដុល្លារ​ឱ្យ​រដ្ឋ ពិត​ណាស់ ការ​បោះ​ពុម្ព​លុយ​នេះ​ដើម្បី​យក​មក​ចំណាយ​ក្នុង​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​មិន​មាន​លុយ​បើក​ឱ្យ​មន្ត្រី​រាជការ​តាម​ស្ថាប័ន ខណៈ​លុយ​ចុះ​ថោក […]”។

Facebook Post | Archived Link

បន្ទាប់​មក រូបថត​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​កាន់​តែ​ច្រើន និង​មាន​អ្នក​បញ្ចេញ​មតិ​ដ៏​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​​រូបភាព​ផ្ដាម​ចេញ​ពី​ការ​​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​គណនី​ហ្វេសប៊ុក​មួយ​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២៤។

Facebook Post | Archived Link

រូបថត​ក្រដាស​ប្រាក់​រៀល​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ។ គេ​អាច​រក​មើល​រូបថត​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

នៅ​ក្នុង​ចំណោម​ការ​បង្ហោះ ២​ខាង​លើ​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​នោះ មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​ចោទ​សួរ​ថា តើ​រូបថត​នេះ​ពិត​ប្រាកដ​ឬ​យ៉ាងណា ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត បាន​បញ្ចេញ​មតិ​ក្នុង​លក្ខណៈ​ជឿ​ថា រូបថត​នេះ​គឺ​ជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បញ្ចេញ​មតិ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា បន្ទាប់​ពី​រូបថត​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​រួចម​ក។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លើ​​ព័ត៌មាន​នេះ​តាម​រយៈ Google Reverse Image Search និង​តាម​រយៈ​ព័ត៌មាន​ពី​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​នានា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​ក្រដាស​ប្រាក់​រៀលថ្មី​ដែល​មាន​រូប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

​សេចក្ដី​រាយការណ៍​ព័ត៌មាន​ដោយ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ជាភាសា​អង់គ្លេស បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បោះ​ពុម្ព​ និង​ដាក់​ឱ្យ​ចរាចរណ៍​នូវ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី ២​សែន​រៀល​កាល​ពី​សប្ដាហ៍​មុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ដែល​ដក​ស្រង់​ដោយ​សារព័ត៌មាន​នេះ បាន​និយាយ​ថា ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​នេះ គឺ​ជាធនប័ត្រ​អនុស្សាវរីយ៍​ ដើម្បី​រំលឹក​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​សោយ​រាជ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ដែល​នឹង​កើត​នៅ​ចំ​ថ្ងៃ​ទី​២៩ ខែ​តុលា​ខាង​មុខ​នេះ។

ព័ត៌មាន​អំពី​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​​ព្រោង​ព្រាត​ដោយ​សារព័ត៌មាន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សារព័ត៌មាន​បរទេស​ផង​ដែរ ដូចជា​សារព័ត៌មាន Kiripost និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី SBS។ 

ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី ២​សែន​រៀល​នេះ ត្រូវ​បាន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២៤។

ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​បង្ហោះ​រូបថត​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ២០០,០០០​រៀល និង​សេចក្ដី​ប្រកាស​ដាក់​ឱ្យ​ចរាចរណ៍​ជាផ្លូវការ​។

National Bank of Cambodia | Archived Link

ធនាគារ​ជាតិ​កម្ពុជា​ បញ្ជាក់​ថា ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​បោះ​ពុម្ព​ភ្ជាប់​មក​ជាមួយ​ព្រះឆាយា​ល័ក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​ទ្រង់ ​​នៅ​ផ្នែក​ខាង​មុខ​នៃ​ក្រដាស​ប្រាក់ ខណៈ​ផ្នែក​ខាង​ក្រោយ មាន​តែ​​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​អង្គ​ចុះ​ព្រហស្ថ​លេខា​កាល​ពី ២០​ឆ្នាំ​មុន។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​នៃ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី ២​សែន​រៀល ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​ថា ជា​ធនប័ត្រ​អនុស្សាវរីយ៍​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ នរោត្ដម សីហមុនី ហើយ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ចរាចរណ៍​​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២៤។

ចំណែក​រូបភាព​ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​ឱ្យ​ឃើញ​ចំណុច​ខុស​គ្នា​រវាង​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល និង​រូបភាព​កាត់ត​ដែល​ដាក់​រូបថត​លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក​នៅ​លើ​ក្រដាស​ប្រាក់។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា រូបថត​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​មិន​ត្រឹម​ត្រូវ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​ក្រដាស​ប្រាក់​ប្រភេទថ្មី ២​សែន​រៀល​ដែល​មាន​រូប​លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ រូបថត​ត្រឹម​ត្រូវ គឺ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល​ដែល​មាន​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​ នៅ​ផ្នែក​ខាង​មុខ និង​ព្រះ​ឆាយា​របស់​ទ្រង់​ចុះ​ព្រះ​ហស្ថលេខា​នៅ​ផ្នែក​ខាង​ក្រោយ។

Avatar

Title:រូបភាព​កាត់​ត​លោក ហ៊ុន សែន និង​កូន​ប្រុស​លើ​ធនប័ត្រ​ថ្មី​ជំរុញ​ឱ្យ​មាន​ចម្ងល់​ពី​មហាជន

Written By: Jay Udom  

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *