ទាហាន​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ

False Medical

កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ហើយ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ។ ថ្មីៗ​នេះ​ទៀត កម្ពុជា​ក៏​ចាប់ផ្ដើម​​ចាក់​វ៉ាក់សាំង​ CoviShield​ សម្រាប់​ពលរដ្ឋ​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង។ កម្ពុជា​ទទួល​បាន​​វ៉ាក់សាំង Covishield ដែល​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​នៅ​ក្រោម​យន្តការ​សម្រប​សម្រួល​របស់​អង្គការ​សុខភាព​ពិភព​លោក។

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​ជំរុញ​ឱ្យ​មាន​នូវ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ ដែល​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​ទៅ​លើ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​នេះ។

ទោះជា​យ៉ាងណា ការ​ផ្ទៀត​ផ្ទាត់​ការ​ពិត​ បាន​បង្ហាញ​ការ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ គណនី​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ពួកគេ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម (Sinopharm)។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ក្រើន​រំឭក​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ។ គណនី​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​​រូបថត​បុរស ២​នាក់ និង​ប័ណ្ណ​ព័ត៌មាន​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​។

ការ​អះ​អាង​បែប​លើ​បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​។

រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នេះ រៀបរាប់​ថា «អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស្លាប់​បណ្ដើរៗ​ហើយ​បង​ប្អូន។ ជន​រួម​ជាតិ​ខ្មែរ​សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ក្រែង​ចាក់​បះ​វ៉ាក់សាំង​ចិន»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ក៏​បាន​អះ​អាង​​ថា ពិធី​បុណ្យ​សព​មួយ​កំពុង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​សម្រាប់​បុរស​ម្នាក់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​ ដែល​វ៉ាក់សាំង​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ​ទេ។ 

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន។

ខ្លឹមសារ​នៃ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រូប​នោះ រៀបរាប់​ថា «ថា​កុំ​ចាក់​វ៉ាក់សាំង​របស់​ចិន គ្មាន​អង្គការ​ WHO [សុខភាព​ពិភព​លោក]ទទួល​ស្គាល់​ទេ។ កំពុង​ធ្វើ​បុណ្យ​មួយ​ទៀត​ហើយ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

យើង​បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តា​ម​រយៈ​ការ​​ពិនិត្យ​មើល​លើ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​ប៉ុស្តិ៍​នោះ សម្ភាស​ជាមួយ​សាមី​ខ្លួន​ផ្ទាល់ និង​បាន​ពិនិត្យ​មើល​របាយការណ៍​ផ្លូវ​ការ​ចេញ​ដោយ​ក្រសួង​សុខាភិបាល។

រូបថត​ក្នុង​ចំណោម​រូបថត​៣​សន្លឹក​​ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បង្ហោះ​ភ្ជាប់​ជាមួយ​ការ​អះ​អាង​របស់​ខ្លួន​នោះ បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​អំពី​បុគ្គល​ដែល​ត្រូវ​បាន​គេ​លើកយក​មក​និយាយ។ មន្ត្រី​យោធា​ដែល​ត្រូវ​បាន​អះ​អាង​ថា​បាន​ស្លាប់​ក្រោយ​​ចាក់​វ៉ាក់សាំង​ចិន​នោះ គឺ​លោកវរសេនីយ៍​ត្រី សេង សំអឿន បម្រើការ​នៅ​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​យោធ​ភូមិ​ភាគ​ពិសេស។

​ប័ណ្ណ​ព័ត៌មាន​នោះ បង្ហាញ​ថា​ លោក សេង សំអឿន បាន​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ដូស​ដំបូង​ពិត​ប្រាកដ​មែន​នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ហើយ​គ្រោង​ចាក់​ដូស​ទី​ពីរ​នៅ​២​សប្ដាហ៍​ក្រោយ ដែល​ចំ​នឹង​ថ្ងៃ​ទី​១៦ ខែ​មីនា។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា លោក សេង សំអឿន បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​ខាង​លើ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ហើយ​លោក​ថា លោក​មាន​កម្លាំង​មាំ​មួន ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម។

លោក សេង សំអឿន ក៏​បាន​អំពាវ​នាវ​ផង​ដែរ​ទៅ​​ដល់​សមត្ថកិច្ច​ឱ្យ​ចាប់​ខ្លួន និង​ផ្ដន្ទា​ទោស​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​អះ​អាង​ថា​លោក​ស្លាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​របស់​ចិន​នេះ។

Facebook Post | Archived Link

តាម​រយៈ​ការ​ពិនិត្យ​មើល​​ទៅ​លើ​មតិ​យោបល់​​ឆ្លើយ​តប​នឹង​ការ​អះ​អាង​នេះ យើង​បាន​រក​ឃើញ​សាច់​ញាតិ​របស់​​បុគ្គល​ដែល​ត្រូវ​បាន​​លើក​ឡើង​នៅ​ក្នុង​ប៉ុស្តិ៍​នេះ ហើយ​យើង​ក៏​ទទួល​បាន​លេខ​ទំនាក់​ទំនង​ទៅ​កាន់​សាមី​ខ្លួន​ផ្ទាល់។

លោក ហុង ម៉ាឡាំង ដែល​​ជា​មន្ត្រី​យោធា​ម្នាក់​នៅ​ភូមិ​ភាគ​១ ​ស្ថិត​នៅ​ខេត្ត​ស្ទឹងត្រែង អះ​អាង​ថា រូបថត​របស់​លោក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​លោក សេង សំអឿន ផងដែរ។ មន្ត្រី​យោធា​រូប​នេះ បញ្ជាក់​ថា លោក​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដូស​ដំបូង​នៅ​ថ្ងៃ​ទី​២ ខែ​មីនា និង​ដូស​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​នេះ។

លោក ម៉ាឡាំង ច្រានចោល​នូវ​ការ​លើក​ឡើង​នៅ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ថា លោក​មាន​សុខភាព​ធម្មតា​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​រួច​រាល់​នោះ។

​របាយការណ៍​ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ដែល​មាន​ការ​អះ​អាង​បែប​នេះ បង្ហាញ​ថា ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩ មាន​ចំនួន​សរុប ៩២៣​ករណី​នៅ​ទូទាំង​ប្រទេស ហើយ​គ្មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ទេ។ ប៉ុន្តែ ​ករណី​ស្លាប់​លើក​ដំបូង​ដោយសារ​ជំងឺ​កូវីដ​១៩​ បាន​កើត​ឡើង​មួយ​សប្ដាហ៍​ក្រោយ​មក។

សន្និដ្ឋាន

Fact Crescendo Cambodia បានរកឃើញថា ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​ពិត មន្ត្រី​យោធា​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​នោះ នៅ​រស់​រាន​មាន​ជីវិត​ដូច​ធម្មតា ហើយ​ក្រសួង​សុខាភិបាល​ក៏​មិន​មាន​របាយការណ៍​ផ្លូវការ​បញ្ជាក់​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ចិន​នោះ​ដែរ។

.container { border: 2px solid #000; background-color: #eee; border-radius: 5px; padding: 16px; margin: 16px 0 } .container::after { content: “”; clear: both; display: table; } .container img { float: left; margin-right: 20px; border-radius: 50%; } .container span { font-size: 20px; margin-right: 15px; } @media (max-width: 500px) { .container { text-align: center; } .container img { margin: auto; float: none; display: block; } }
Avatar

Title:ទាហាន​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.